ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ស្តីពីកម្ពុជា បង្ហាញសមិទ្ធផលសុខាភិបាល ក្នុងពិធីអបអរសាទរគម្រប់ខួបលើកទី៧៥ របស់អង្គការសុខ ភាពពិភពលោក បានបង្ហាញថា អាយុរំពឹងរស់បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ ២០ ២១-២០២២ អាយុរំពឹងរស់សម្រាប់ប្រជាជនម្នាក់ៗ គឺ៧៦ឆ្នាំ។

សេចក្តីប្រកាសព័ត៌មានរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងថា «នាឱកាសទិវាសុខភាពពិភពលោក ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញសមិទ្ធផលជោគជ័យ វិស័យសុខា ភិបាល គួរឱ្យកត់សម្គាល់ជាច្រើន ដែលសម្រេចបាននៅកម្ពុជា ដើម្បីអបអរសាទរគម្រប់ខួបលើកទី៧៥ នៃការ បង្កើតអង្គការសុខភាពពិភពលោក (WHO) នាឆ្នាំ១៩៤៨ ក្រោមប្រធានបទ “សុខភាពសម្រាប់ទាំងអស់គ្នា” និង ជាការចាប់ផ្តើមយុទ្ធនាការរយៈពេលពេញមួយឆ្នាំ ប្រារឰពិធីអបអរសាទរ។
ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការសុខភាពពិភពលោក នាឆ្នាំ១៩៥០ ដែលកាលនោះ ប្រទេសកម្ពុជា គឺជាសមាជិកសហភាពបារាំង ហើយចាប់តាំងពីពេលនោះរហូតមក អង្គការសុខភាពពិភពលោកបានក្លាយជា ដៃគូសុខាភិបាលរបស់កម្ពុជា ដោយធ្វើការងារដើម្បីរួម ចំណែកធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសកាន់តែ មានសុវត្ថិភាព និងសុខភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលធំធេង លើគ្រប់វិស័យ ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យា នុភាពកម្ពុជានៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ ៘ សូមសម្តែងនូវការអបអរសាទរ នាឱកាសគម្រប់ខួប៧៥ឆ្នាំ នៃការបង្កើតអង្គការសុខភាពពិភពលោក (WHO)។
ព្រះរាជាណាចក្រកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹង ប្រែងរបស់បុគ្គលិក ថែទាំ សុខភាពសហគមន៍ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ សហគមន៍ និងប្រជាជនកម្ពុជា ទាំងអស់ ដែលបាន សហការជាមួយអង្គការសុខភាពពិភពលោក និងដៃគូសុខាភិបាលជាច្រើនផ្សេងទៀត ក្នុងការចូលរួមចំណែក ធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមានសុខសុវត្ថិភាព និងសុខភាពល្អប្រសើរ។
ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជារដ្ឋសមាជិកដ៏សកម្មរបស់អង្គការសុខភាពពិភពលោក កម្ពុជា ប្តេជ្ញាចិត្តយ៉ាង មុតមាំក្នុងការលើកកម្ពស់ និងគាំពារសុខភាពសាធារណៈ និងសមធម៌សុខាភិបាលនៅក្នុងប្រទេស ក៏ដូចជានៅ ជុំវិញពិភពលោក ហើយយើងពិតជាមានមោទនភាព យ៉ាងក្រៃលែង ដែល “យើងគឺជាអង្គការ WHO”។
ប្រទេសកម្ពុជា សម្រេចបាននូវសមិទ្ធផលសុខភាពគួរឱ្យកត់សម្គាល់ជាច្រើន នៅក្នុងររយៈពេលប៉ុន្មាន ទសវត្សរ៍ កន្លងមកនេះ ដោយបានសង្គ្រោះអាយុជីវិតប្រជាជន និងធ្វើឱ្យសុខភាពរបស់ប្រជាជន កាន់តែប្រើសើរឡើង។ អាយុរពឹងរស់ បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា ហើយគិតត្រឹមឆ្នាំ២០២១-២០២២ អាយុវែងរស់ សម្រាប់ជាជនម្នាក់ៗ គឺ៧៦ឆ្នាំ។ នាពេលបច្ចុប្បន្ន ស្ត្រីកម្ពុជា ជាង ៩៩ភាគរយ បានសម្រាលកូន ដោយអ្នកផ្តល់ សេវាសុខភាពជំនាញ ដែលជាតួលេខមួយកើនឡើងបើធៀបនឹងឆ្នាំ២០០០ ដែលមានតែស្ត្រីតែម្នាក់ ក្នុងចំណោម ស្ត្រីបីនាក់ប៉ុណ្ណោះដែលសម្រាលកូនជាមួយនឹងអ្នកផ្តល់សេវាសុខភាពជំនាញ។
ក្នុងរយៈពេលពីរទសវត្សរ៍ កន្លងមកនេះ អត្រាមរណភាពទារកទើបនឹងកើត បានធ្លាក់ចុះយ៉ាងឆាប់រហ័ស គឺពី ៣៧នាក់ មកត្រឹម៨នាក់ ក្នុងចំណោម ១០០០កំណើតរស់ ហើយអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំ បាន ធ្លាក់ចុះយ៉ាងឆាប់រហ័សដែរ គឺពី ១២៤នាក់ មកត្រឹម ១៦នាក់ ក្នុងចំណោម ១០០០កំណើតរស់។ អត្រានេះរាប់ បញ្ចូលទាំងការថយចុះជាង ៥០ភាគរយ នៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ ដែលអត្រាថយចុះនេះលឿន ជាងចំនួនមធ្យម ភាគជាសកល និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា រហូតដល់ប្រាំបីឆ្នាំ មុនកាលបរិច្ឆេទកំណត់។

ប្រទេសកម្ពុជា បានលុបបំបាត់ជំងឺស្វិតដៃជើង ដោយជោគជ័យ នៅក្នុងឆ្នាំ១៩៩៧ ហើយក៏សម្រេចបាននូវវឌ្ឍន ភាពគួរឱ្យកត់សម្គាល់ ក្នុងការបង្ការ ការទប់ស្កាត់ និងការលុបបំបាត់ជំងឺឆ្លងផ្សេងៗផងដែរ។ ចំនួនករណីរាយ ការណ៍នៃជំងឺគ្រុនចាញ់ ដោយ falciparum គឺមានកម្រិត ទាបបំផុតដែលមិនធ្លាប់មានពីមុនមក ហើយបានកើត មានឡើងរយៈពេលប្រាំឆ្នាំ ចាប់តាំងពីពេលមានករណីកត់ត្រានៃការស្លាប់ដោយសារជំងឺគ្រុនចាញ់ ចុងក្រោយ នៅឆ្នាំ២០១៨។ អត្រាឆ្លងនិងអត្រាមរណភាពដោយជំងឺរបេង បានថយចុះប្រមាណ ៥០ភាគរយ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២១ ហើយកម្ពុជា សម្រេចបាននូវគោលដៅកាត់បន្ថយជំងឺអេដស៍ ជាសកល មុនកាលកំណត់។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជា ត្រៀមលក្ខណៈបានយ៉ាងមានប្រសិទ្ធភាព និងបានឆ្លើយតបទៅ នឹងការគំរាមកំហែងសន្តិសុខសុខភាពនិងគ្រាអាសន្ន ជាពិសេសគឺជំងឺរាតត្បាតសកល កូវីដ-១៩ តាមរយៈការ ពង្រឹងប្រព័ន្ធអង្កេត តាមដាន និងប្រព័ន្ធឆ្លើយតប សមត្ថភាពមន្ទីរពិសោធន៍ និងវិធានការសុខភាពសាធារណៈ និងសង្គម។ កាន់តែពិសេសជាងនេះ កម្ពុជា សម្រេចបាននូវអត្រាគ្របដណ្តប់នៃការ ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ក្នុងកម្រិតខ្ពស់ និងធានាបានការបន្តផ្តល់សេវាសុខភាពសារវ័ន្ត និងការផ្តល់ជំនួយគាំពារ សុខភាពផ្លូវ ចិត្ត និងចិត្ត-សង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលត្រូវការជាចាំបាច់នៅក្នុងគ្រាមានភាពតានតឹងផ្លូវចិត្ត និង វិបត្តិកើតឡើង។
លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “នាឱកាសទិវាសុខភាពពិភពលោកនេះ យើងសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជោគជ័យដ៏គួរ ឱ្យកត់សម្គាល់ ក្នុងការលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា និងក្នុងការដឹកនាំឆ្ពោះទៅ សម្រេចនូវគោលដៅ “សុខភាព សម្រាប់ទាំងអស់គ្នា”។ អង្គការសុខភាពពិភពលោក ពិតជាមានមោទនភាព ដែលបានក្លាយជាដៃគូដ៏គួរឱ្យទុកចិត្តរបស់រាជរដ្ឋភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងកិច្ចការសម្រេចបាននូវ ភាពជោគជ័យនេះ”។
លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន បានបញ្ជាក់ទៀតថា “កម្ពុជា បានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុង ការធានាធ្វើយ៉ាងណា ដើម្បីរក្សានូវការគ្រប់គ្រងប្រកបដោយនិរន្តរភាពលើជំងឺកូវីដ-១៩ រាប់បញ្ចូលទាំង តាមរយ: ការត្រៀមលក្ខណៈនៅតាមមូលដ្ឋាន និងការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ប្រកបដោយជោគជ័យ។ អង្គការសុខភាពពិភពលោក សូមថ្លែងអំណរគុណចំពោះការដឹកនាំ និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការវិនិយោគលើវិស័យសុខាភិបាល សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នាពេលអនាគត នៅកម្ពុជា ដូចដែលបានលើកឡើងនៅក្នុងសន្និបាតសុខាភិបាល កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាកំពុង សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយតម្រូវការសេវាសុខភាពរបស់ប្រជាជននឹងបន្តកើនឡើង។ ជំងឺមិនឆ្លង (NCDs) ក៏កំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយ បានក្លាយជាកត្តាបណ្តាល ឱ្យមានអត្រា មរណភាពប៉ាន់ស្មានប្រមាណ ២ភាគ៣ នៃចំនួនមរណភាពទូទៅនៅក្នុងប្រទេស ដែលកម្ពុជា ចាំបាច់ត្រូវពង្រឹង ការគាំពារនិងការទប់ស្កាត់ជំងឺមិនឆ្លង ព្រមទាំងត្រូវដោះស្រាយតម្រូវការរបស់ប្រជាជនវ័យចំណាស់ នាពេល អនាគតផងដែរ។
កាលពីខែមីនា កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំ ជាមួយក្រុមការងារប្រចាំប្រ ទេស របស់អង្គការសហប្រជាជាតិ ដែលកិច្ចពិភាក្សាបានផ្តោតទៅលើការពង្រឹងប្រព័ន្ធសុខាភិបាល ឆ្ពោះទៅរក ការគ្របដណ្តប់សុខភាពជាសកល និងការពង្រីក វិសាលភាពកិច្ចគាំពារសង្គម ដែលកត្តាទាំងពីរនេះ ពិតជាមាន សារៈសំខាន់ណាស់ ក្នុងការសម្រេចបាននូវគោលដៅដែលបានកំណត់នៅ ក្នុងគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពរបស់កម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា “យើងប្តេជ្ញាធានាថានឹងមិនទុកនរណាម្នាក់ចោលដោយ មិនបានទទួលសេវាថែទាំសុខភាពដែលយើងមិនបានដឹង ខណៈពេលដែលកម្ពុជា កំពុងឆ្ពោះទៅរកអនាគត ដ៏ត្រចះត្រចង់មួយនេះ”។ “ដោយមានការគាំទ្រផ្នែក បច្ចេកទេស ពីអង្គការសុខភាពពិភពលោក យើងបន្តដំណើរ រួមគ្នាដើម្បីលើកកម្ពស់ការថែទាំសុខភាពបឋម ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវការ គ្របដណ្តប់ សុខភាពជាសកល ធ្វើយ៉ាងណាធានាឱ្យក្រោយខួបទី៧៥ របស់អង្គការសុខភាពពិភពលោក”…៕ ដារិទ្ធ