ស្ទឹងត្រែង ៖ បុរស ១ក្រុម ដែលត្រូវបានគេហៅថាក្រុមអ្នកសារព័ត៌មានត្បាញអាយ បានធ្វើសកម្មភាពទៅជំរិត ទារលុយពីតៃកុងត្រាក់ទ័រភ្ជួរដីម្នាក់ ចំនួន១ពាន់ដុល្លារ លុះទារលុយមិនបាន ក៏បង្កជាជមម្លោះពាក្យសម្តីគ្នារហូត ដល់ព្រួតគ្នាចាប់តៃកុងត្រាក់ទ័រ ចងស្លាបសេក រួចវាយបែកក្បាល សន្លប់ បន្ទាប់មកបាននាំគ្នារត់គេចខ្លួនអស់។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិសាស្ត្រឃុំភ្លុក ស្រុកសេសាន។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំភ្លុក បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកសារព័ត៌មាន ចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះគឹម ដែន មិនមានអង្គភាពសារព័ត៌មានច្បាស់លាស់ និងម្នាក់ទៀតឈ្មោះអ៊ុន គា កាន់គេហ ទំព័រកូនខ្មែរម្ចាស់ប្រទេស បាននាំគ្នាទៅជំរិតទារលុយពី តៃកុងត្រាក់ទ័រម្នាក់ ដែលកំពុងរុញភ្ជួរដីដាំដំឡូង ចំនួន ៤លានរៀល។ ក្រោយពីទាមទារមិនបាននិងប៉ះពាក្យសម្តី ហើយក៏ប្រវាយប្រតប់គ្នាបន្តិចបន្តួច លុះមួយសន្ទុះ ក្រោយមក អ្នកសារព័ត៌មានទាំង២នាក់នោះ បានលើកគ្នីគ្នាមកចាប់តៃកុងត្រាក់ទ័រ ដោយយកក្រមាចងស្លាប សេក ទៅក្រោយ រួចព្រួតវាយនឹងរហូតសន្លប់ និងបែកក្បាល។
ប្រភពដដែល បន្តថា ជនរងគ្រោះ មានឈ្មោះសៀ រ៉ូ ប្រកបរបរបើកបរត្រាក់ទ័រ មានលំនៅស្រុកថាឡាបរិវ៉ាត់ បានរងរបួសធ្ងន់ក្នុងសកម្មភាពហិង្សាដោយចេតនា នៅចំណុចភូមិសាស្ត្រឃុំភ្លុក ស្ថិតក្នុងស្រុកសេសាន។ ទាក់ទិនករណីខាងលើនេះ គឺផ្តើមចេញពីការដើរជំរិតទារ លុយពីអ្នកបើកត្រាក់ទ័រភ្ជួរដី។

ប្រភពខាងលើ បញ្ជាក់ថា អ្នកសារព័ត៌មានត្បាញអាយ មួយក្រុមខាងលើ អត់មានអង្គភាព អត់មានអ្នកស្គាល់ទេ តែងតែដើរបង្កការអុកឡុក និងជំរិតទារលុយពីប្រជាពលរដ្ឋដែលមានគ្រឿងចក្រ ក្នុងចំនួនទឹកប្រាក់ រាប់លាន រៀល ដោយយកឈ្មោះស្នងការរង និងព្រះរាជអាជ្ញា ទៅគំរាមកំហែងម្ចាស់គ្រឿងចក្រ។ ជាក់ស្តែងកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣ មានឈ្មោះគឺម ដែន និងឈ្មោះអ៊ុន គា និងបុគ្គលមន្ត្រីអង្គការម្នាក់ទៀត បានទៅជំរិតទារ លុយពីឈ្មោះតុល ជាម្ចាស់ត្រាក់ទ័រភ្ជួរដី ចំនួន៣០០ដុល្លារ។
ចំណែកលោកតុល បានបញ្ជាក់ប្រាប់ថា ពួកគេមានគ្នា៣នាក់ មកជំរិតទារលុយគាត់ឆៅៗតែម្តង។ គាត់បន្តថា ក្នុងមួយៗថ្ងៃ គាត់រកចំណូលស្ទើរមិនបាន ១០០ដុល្លារផង តែពួកសារព័ត៌មានមួយក្រុមនោះ ទារឡើងរាប់រយ រាប់ពាន់ដុល្លារ តែបើមិនឲ្យ ខ្លាចមានរឿង ព្រោះពួកគេថា ព្រះរាជអាជ្ញា មកដល់ឥឡូវហើយ ដូច្នេះមានតែប្រឹង រកលុយឱ្យពួកគេ។

តាមប្រភពព័ត៌មានប្រាប់ឱ្យដឹងថា ក្រុមសារព័ត៌មានត្បាញអាយទាំងនោះ បន្ទាប់ពីញ៉ាមជំរិតទារលុយគេ បាន បន្តបន្ទាប់ នៅថ្ងៃព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក៏បានទៅជំរិតទារលុយពីម្ចាស់ត្រាក់ទ័រផ្សេងទៀត ចំនួន ៤លានរៀល តែទាមទារពុំបាន ក៏ប៉ះពាក្យសម្តី រហូតឈានដល់ប្រើអំពើហិង្សាតែម្តង។
ករណីនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសាលាឃុំភ្លុក ស្រុកសេសាន និងកំពុងសម្រាកព្យាបាលរបួស នៅផ្ទះរបស់ខ្លួន (ជនរងគ្រោះ) ៕