ឧត្តរមានជ័យ ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូដឹកកូនតូចរបស់ខ្លួនតាមផ្លូវសុខៗ ស្រាប់តែមានរថយន្តធុនធំ ១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន បោះពួយមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យដួលខ្ទាតស្រីជាម្តាយ ចូលក្រោមកង់រថយន្ត កិនបែកក្បាលខ្ទេច ស្លាប់យ៉ាងរន្ធត់ ចំណែកកូនប្រុសតូច រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿនគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅចំណុចភូមិចិនយំ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ។
ស្ត្រីរងគ្រោះជាម្តាយដែលត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង មានឈ្មោះកេន ចាន់ទ្រា អាយុ២៣ឆ្នាំ ចំណែក កូនប្រុសដែលរងរបួសធ្ងន់ មានឈ្មោះរឿន ប៊ុនណា អាយុ៣ឆ្នាំ (រងរបួសបាក់ស្មាស្តាំ និងបែកក្បាលឆ្វេង)។ ចំណែកជនបង្កហេតុជាអ្នកបើកបររថយន្តធុនធំ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានបើករថយន្តគេចបាត់។
តាមប្រភពបុរសម្នាក់ ឈ្មោះសាំ ប៊ុនន្នី អាយុ២៤ឆ្នាំ មានលំនៅ ភូមិជ័យនិវត្ត ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ ២នាក់ ម្តាយកូន ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DG-9705 ធ្វើដំណើរ ក្នុងទិសដៅពីកើត ទៅលិច ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើ មានរថយន្តធុនធំ ១គ្រឿង មិនចាំ ម៉ាកនិងស្លាកលេខ បើកបរក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូ រួចជ្រុលមកបុកម៉ូតូ ចំពី ក្រោយ យ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីជាម្តាយ ខ្ទាតចូលកង់រថយន្ត កិនបែកក្បាលស្លាប់ ភ្លាមៗនៅនឹង កន្លែងកើតហេតុ ចំណែកកូនតូច រងរបួសយ៉ាងធ្ងន់ បាក់ស្មា និងបែកក្បាល។
សាក្សីដដែល បានបញ្ជាក់បន្ថែមថា ចំណែករថយន្តធុនមួយគ្រឿងនោះ ក្រោយដឹងថាបានបុក និងកិនមនុស្ស ស្លាប់ហើយ ក៏បានបន្ថែមល្បឿន បើករត់បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ក្មេងប្រុសរងគ្រោះ ដែលទើបនឹងមានអាយុ៣ឆ្នាំ រងរបួសបាក់ស្មាខាងស្តាំ និងបែកក្បាលខាង ឆ្វេង ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកទីរួមស្រុកអន្លង់វែង ភ្លាមៗផងដែរ។
នៅល្ងាចថ្ងៃដដែលនោះដែរ សមត្ថកិច្ចជំនាញ បានសហការស្រាវជ្រាវ តាមស្ទាក់ឃាត់បានរថយន្តធុនធំ ១គ្រឿង នៅចំណុចសហគមន៍ ដែនជម្រកការពារសត្វព្រៃសង្ឃរុក្ខាវ័ន ហើយដោយមានការសង្ស័យ ទើបសមត្ថកិច្ចផ្នែក ចរាចរណ៍ស្រុកអន្លង់វែង បានធ្វើការឃាត់រថយន្តធំនោះសិន និងរង់ចាំធ្វើការស្រាវជ្រាវបន្តទៀតថា តើរថយន្ត ដែលបានឃាត់នោះ ពិតជារថយន្តបង្កហេតុ ឬយ៉ាងណា?

ដោយឡែក សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើ បុណ្យតាមប្រពៃ ណី៕