ខេត្តតាកែវ ៖ ជនដៃដល់ ១ក្រុម ដែលជាមន្ត្រីយោធា កងអង្គរក្ស ទើបនឹងចេញពីចូលរួមពិធីមង្គលការគេ កើតមានការទាក់ពាក្យសម្តីជាមួយភ្ញៀវដែលមកចូលរួមមង្គលការ ស្រាប់តែ បើករថយន្ត ចំនួន២គ្រឿង ដេញបិតចាក់ប្រហារជនរងគ្រោះ បណ្តាលឱ្យធ្លាយពោះវៀនម្នាក់ ចំណែក ២នាក់ទៀតរងរបួសធ្ងន់។
ករណីចាក់ប្រហារដ៏ឃោរឃៅនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ផ្លូវលំ ស្ងាត់មួយកន្លែង ស្ថិតក្នុងភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង។ តាមរយៈសកម្មភាពនៃបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនដៃដល់បានម្នាក់ កាលពីល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅក្នុងទីបញ្ជាការដ្ឋានអង្គរក្ស ក្នុងក្រុងតាខ្មៅ បន្ទាប់ពីកម្លាំងនគរបាលខេត្តតាកែវ ស្នើសុំ យកជនបង្កហេតុមកសាកសួរតាមនីតិវិធី។

តាមប្រភពច្បាស់ការពីនគរបាលខេត្តតាកែវ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន បាននៅក្នុង បន្ទាយអង្គរក្សនោះ មានឈ្មោះសំ វុទ្ធី មានឋាននន្តរស័ក្តិវរសេនីយ៍ទោ។ យ៉ាងណាជនសង្ស័យរូបនេះ ខាង ប្រធានអង្គភាពរបស់គេមិនទាន់ប្រគល់ឱ្យសមត្ថកិច្ចនៅឡើយ រង់ចាំអង្គភាពសាមីសាកសួរ និងបំពេញឯកសារ រួចរាល់សិន ទើបប្រគល់ខ្លួនជនប្រព្រឹត្តបទល្មើស ឱ្យនគរបាលជំនាញ ចាត់ការតាមនីតិវិធី។

គួររំលឹកថា កាលពីយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ សរុបមានគ្នា៥នាក់ ទើបនឹងចេញពីហូបការ អ្នក ស្រុកនៅក្នុងឃុំកើត ហេតុនោះ ខណៈពេលដើរជិតដល់រថយន្តរបស់ខ្លួន ស្រាប់តែមានភ្ញៀវដែលចេញពីហូបការ នោះដែរ បើកឡានហាយឡែនដឺរ ពណ៌ក្រហម ទៅមុខ ថយក្រោយ បត់មិនរួច ទំនងជាស្រវឹងស្រាខ្លាំង ទើបមិត្ត ភក្តិជនរងគ្រោះម្នាក់និយាយថា “តាមមើលគាត់ទើបរៀនបើកឡាន” ជាហេតុធ្វើឱ្យអ្នកបើកឡានរូបនោះបានឮ ច្រឡោតខឹង និងបានស្រែកគំរាមថា “ពួកអ្ហែងចង់ស៊ីគ្រាប់សំណមែន? ពួកអ្ហែងអត់ដឹងថាអញជានរណាទេអី?” គំរាមរួច តៃកុងឡានដៃឆៅ បានទូរស័ព្ទហៅបក្ខពួករបស់គេមក។

ភ្លាមនោះ ដោយខ្លាចមានរឿង ភាគីរងគ្រោះបានបបួលគ្នាបើកឡានចេញ ខណៈពេលបើក មកដល់ចំណុច ផ្លូវ ស្ងាត់ ស្រាប់តែមានរថយន្ត ១គ្រឿង បើកវ៉ាមកឈប់ពីមុខរថយន្តជនរងគ្រោះ បន្ទាប់មកក៏មានរថយន្ត ១គ្រឿង ទៀត ឈប់បិទគូទពីក្រោយ ជាហេតុធ្វើឲ្យរថយន្តជនរងគ្រោះទៅមុខ និងថយក្រោយមិនរួច ទើបភាគីរងគ្រោះ ចំនួន២នាក់ បើកទ្វារចេញមកសួរ ត្រូវជនដៃដល់ យកដំបងគ្រលាស់មកវាយក្បាលជនរងគ្រោះ បែកក្បាលហូរ ឈាម។ ភ្លាមនោះអ្នកជិះក្នុងរថយន្តជនរងគ្រោះ ចេញមកមើល ក៏កើតបានប្រតាយប្រតប់គ្នា រួចក៏ត្រូវជនដៃឆៅ រូបនោះដកកាំបិតចុច ចាក់ប្រហារ បណ្តាលឱ្យជនរងគ្រោះម្នាក់ រងរបួសសុសខ្លួន និងធ្លាយពោះវៀនចេញក្រៅ។ រីឯ២នាក់ទៀត រងរបួសធ្ងន់។ ភ្លាមនោះក៏មានសាច់ញាតិជនរងគ្រោះ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ទើបជនដៃដល់រត់ចោលឡាន ១គ្រឿង មានកាមរី ពណ៌ស ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2AV-7891 ហើយនៅក្នុងរថយន្តនោះ សមត្ថកិច្ចបានរកឃើញប័ណ្ណសម្គាល់ខ្លួនមួយ ទើបដឹងថាជនដៃដល់ជាកង កម្លាំង ប្រដាប់អាវុធ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្តរបស់ជនបង្កហេតុ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកទ្រាំង ។ រីឯជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯទីរួមខេត្តតាកែវ៕

