ប៉ៃលិន ៖ យុវជនម្នាក់ ជាកម្មករសំណង់ កំពុងឡើងលើរន្ទា ដើម្បីបូកស៊ីម៉ងត៍ជញ្ជាំងជាន់ទី៦ ស្រាប់តែជាន់ ចំក្តាររន្ទាពុកផុយ បណ្តាលឱ្យបាក់ធ្លាក់ចុះពីជាន់ទី៦ រងរបួសយ៉ាងធ្ងន់ សន្លប់បាត់មាត់ឈឹង និងត្រូវបានដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចអគារកម្ពស់ ៦ជាន់ កំពុងសាងសង់មួយកន្លែង ស្ថិតនៅខាងក្រោយកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិ ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះទាប កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាកម្មករ សំណង់ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីអ្នករួមការងារជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានឡើង លើរន្ទា ទៅបូកជញ្ជាំងអគារ នៅជាន់ទី៦ ដោយមិនបានដាក់ខ្សែក្រវាត់ការពារអ្វីនោះទេ លុះពេលកំពុង ធ្វើការ សុខៗ ជាន់ចំក្តាររន្ទាដែលពុកផុយ បណ្តាលឱ្យបាក់ ធ្លាក់ពីលើជាន់ទី៦ ដល់ដី បណ្តាលរងរបួសធ្ងន់ សន្លប់ស្តូក ស្តឹងតែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ភ្លាមៗ៕