បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ចំនួន២ក្រុម បានកើតមានជម្លោះដណ្តើមកាន់កាប់ទន្ទ្រានដីព្រៃមួយកន្លែង ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រហូតបង្កជាអំពើហិង្សា បណ្តាលឱ្យភាគីទាំងសងខាង រងរបួសធ្ងន់ -ស្រាល ប្រមាណជាង២០នាក់។
ករណីហិង្សានេះ បានកើតឡើង កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីព្រៃរនាម ដូនសំ ស្រុកម៉ាឡៃ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា អ្នករបួសធ្ងន់ មានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះអ៊ីម ប៉ាត់ ទី២-ឈ្មោះ អ៊ីម នឿត និងទី៣- ឈ្មោះអ៊ីម ភឿត។ ក្នុងចំណោមទាំង៣នាក់នេះ ក៏មានម្នាក់ជាអ្នកបង្កអំពើហិង្សាប្រើអាវុធ ខុសច្បាប់ គំរាមកំហែងទៅលើប្រជាពលរដ្ឋម្ខាងទៀត រហូតដល់សមត្ថកិច្ចឃាត់ខ្លួន និងចាត់វិធានការតាមច្បាប់ ប៉ុន្តែបុគ្គលរូបនេះ ត្រូវបានដោះលែងមកវិញ ហើយបានបង្កអំពើហិង្សាទៀតផងដែរ។
យោងតាមប្រជាពលរដ្ឋមួយក្រុម ដែលបានទន្ទ្រានដីព្រៃ បានអះអាងថា ពួកគាត់បានមកទន្ទ្រានកាន់ កាប់ដីព្រៃ ចំណុចខាងលើនេះ អស់រយៈពេល ៥ទៅ៦ឆ្នាំមកហើយ ដោយបានធ្វើស្រែចម្ការ តែនៅពេលដែលដីបានស្រឡះ ហើយ ស្រាប់តែមានប្រជាពលរដ្ឋមួយក្រុមទៀត បានចុះមកទន្ទ្រានកាន់កាប់ រួចលក់ឱ្យទៅប្រជាពលរដ្ឋដែល មក ពីឆ្ងាយ ក្នុងតម្លៃ ១ឡូត៍ ១លានរៀល។

ជុំវិញការចោទប្រកាន់របស់ភាគីម្ខាងដែលថា លោកឈឹម មន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ មានការជាប់ពាក់ ព័ន្ធនោះ ត្រូវបានលោកអះអាងប្រាប់អ្នកសារព័ត៌មានថា លោកពុំមានអ្វីជាប់ពាក់ព័ន្ធទៅ លើការកាប់ ទន្ទ្រានដី ព្រៃខាងលើ ដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតនោះទេ តែលោកគ្រាន់តែដឹងថា មានភាគីមួយ ក្រុម មាន២ ផ្នែក ដែលមួយផ្នែកនោះ បានដាក់សំណើទៅរាជរដ្ឋាភិបាលហើយ តែរដ្ឋាភិបាល ក៏មិនទាន់ថា សម្រេចយ៉ាង ណានោះទេ។ ចំណែកមួយផ្នែកទៀត នៅក្រុមជាមួយគ្នានោះ ទាមទារដីយកទៅលក់ឱ្យអ្នក គួកជេរដីក្រុមហ៊ុន។
ចំណែកលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ចំពោះករណីអំពើហិង្សារបស់ប្រជាពលរដ្ឋ នៅចំ ណុចវាលរាំវង់នោះ ខាងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ ពេលនេះសមត្ថកិច្ចកំពុងស្រាវ ជ្រាវ ដើម្បីចាត់ការតាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហាខាងលើនេះ មជ្ឈដ្ឋាននានាបានលើកឡើងថា អាជ្ញាធរស្រុកម៉ាឡៃ គួរតែមានវិធាន ការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ ដោយខុសច្បាប់ របស់ប្រជាពលរដ្ឋទាំង២ភាគីខាងលើ ដើម្បីការពារទ្រព្យ សម្បត្តិរបស់រដ្ឋ មិនគួរណាបណ្តែតបណ្តោយឱ្យមេខ្យល់ដឹកនាំប្រជាពលរដ្ឋទៅទន្ទ្រានដីរដ្ឋ និងបង្កជម្លោះកាប់ ចាក់គ្នាយ៉ាងអនាធិបតេយ្យ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរបែបនេះទេ៕
