Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចដាំកញ្ឆា ២ម៉ឺនដើម ជាប់ខ្នោះ២នាក់

លួចដាំកញ្ឆា ២ម៉ឺនដើម ជាប់ខ្នោះ២នាក់

មណ្ឌលគិរី ៖ ជនសង្ស័យ ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីលួចដាំកញ្ឆា ដោយ ខុសច្បាប់ ។ ប្រតិបត្តិ ការនេះ ធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិម៉េប៉ៃ ឃុំពូ ជ្រៃ ស្រុកពេជ្រាដា។

ប្រតិបត្តិការនេះធ្វើឡើង ដោយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំចង្អុលបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និង មានការសម្របសម្រួលពីលោកអ៊ាង សុគន្ធ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូល រួមពីលោកអភិបាលស្រុកពេជ្រាដា ផងដែរ។

ជនសង្ស័យទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម និង ទី២ -ឈ្មោះហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន វៀតណាម កាន់លិខិតឆ្លងដែនលេខ C2369263។

ក្នុងនោះដកហូតបានវត្ថុតាងរួមមាន កញ្ឆាស្ងួត ចំនួន២កញ្ចប់។ ជីគីមី ចំនួន៣០ការុង។ ថ្នាំបំប៉នកញ្ឆា ២៧កំប៉ុង។ កែវជ័របណ្តុះកូនកញ្ឆា ចំនួន៥០០កែវ។ ជញ្ជីងថ្លឹងកញ្ឆាក្រៀម ចំនួន៣គ្រឿង។ ម៉ាស៊ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន៣ គ្រឿង។ ថង់វេចខ្ចប់កញ្ឆា ចំនួន៤៣៨ថង់។ ជីម្សៅបំប៉នកញ្ឆា ចំនួន៨កញ្ចប់។ ថ្នាំជ្រលក់កញ្ឆា ចំនួន១២កំប៉ុង។ ថ្នាំបាញ់ស្មៅ ចំនួន៤កញ្ចប់។ ធុងបាញ់ថ្នាំ ចំនួន១។ ស្លាកលេខម៉ូតូវៀតណាម ចំនួន២សន្លឹក។ ការុង ចំនួន១៧៦។ អាវសម្រាប់ការពារបាញ់ថ្នាំ ១ឈុត។ ប្រអប់ជ័រដាក់គ្រាប់កញ្ឆា ចំនួន២ប្រអប់។ ថ្នាំប៉ូវកញ្ឆា ១ធុង២០លីត្រ។ ថូរជ័រដាំកញ្ឆា ចំនួន៧២០ថូ។ សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆា ចំនួន១២កញ្ចប់។ លិខិតឆ្លងដែន ចំនួន៣ក្បាល។ ប័ណ្ណសម្គាល់ខ្លួន ចំនួន២សន្លឹក។ ឯកសារចំនួន ៤២សន្លឹក។

ក្នុងការចុះបង្ក្រាបខាងលើ សមត្ថកិច្ចបានកាប់ដើមកញ្ឆាស្រស់ ដុតកម្ទេចចោល ចំនួន ១០ ៦៧១ដើម ទម្ងន់ ១២០៥ គីឡូក្រាម។

ប្រភពបានឱ្យដឹងថា ជនជាតិវៀតណាមទាំងពីរនាក់បានសារភាពថា ពួកគេគ្រាន់តែជាកម្មករដាំ និងថែរក្សាឱ្យ ថៅកែរបស់ពួកគេតែប៉ុណ្ណោះ។ ចំណែកថៅកែ បានរត់គេចខ្លួនភ្លាមៗក្នុងពេលកម្លាំងចុះបង្ក្រាប។

ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ ការតាមនីតិវិធី៕

RELATED ARTICLES