Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់អ្នកជល់មាន់១គ្រាប់ ប៉ូលិសជាប់ខ្នោះ

បាញ់អ្នកជល់មាន់១គ្រាប់ ប៉ូលិសជាប់ខ្នោះ

ព្រៃវែង ៖ អ្នកញៀនល្បែងជល់មាន់ ១ក្រុមធំ បានសម្ងំចាប់គូជល់មាន់ភ្នាល់ដាក់លុយ នៅក្នុងព្រៃ លុះ សមត្ថ កិច្ចចុះបង្ក្រាប ក៏នាំគ្នារត់គេចខ្លួន ទើបសមត្ថកិច្ចបានផ្ទុះអាវុធ ១គ្រាប់ បណ្តាលឱ្យត្រូវចង្កេះបុរសម្នាក់ រងរបួស ធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកអធិការរងម្នាក់ ដែលជាអ្នកផ្ទុះអាវុធ ត្រូវបានឃាត់ខ្លួន នាំយកទៅសាកសួរ។

 ហេតុការណ៍បង្ក្រាបក្រុមជល់មាន់ ឈានដល់ការផ្ទុះអាវុធ បណ្តាលឱ្យរងរបួសមនុស្សម្នាក់នេះ បានកើត មាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិគ្រោះ ឃុំឈើកាច់ ស្រុកបាភ្នំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងដោយកម្លាំងនគរបាលស្រុកបាភ្នំ ចំនួន៤នាក់ ស្លៀកពាក់ស៊ីវិល បានឆ្មក់ចូលបង្ក្រាបមនុស្សមួយក្រុមដែលកំពុងជុំគ្នាលេងល្បែងជល់មាន់។ ពេលចុះដល់ទីតាំងបង្ក្រាបខាងលើ ក្រុមមនុស្សអ្នកលេងល្បែងជល់មាន់ បាននាំគ្នារត់ចែកជើង ទើបសមត្ថ កិច្ចផ្ទុះអាវុធ ១គ្រាប់ បណ្តាលឱ្យត្រូវបុរសម្នាក់ ដេកដួលនឹងដីភ្លាមៗតែម្តង។

ជនរងគ្រោះដែលរងរបួសធ្ងន់ ក្នុងហេតុការណ៍ខាងលើ មានឈ្មោះសាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ មុខ របរកសិករ មានលំនៅក្នុងភូមិកើតហេតុ រងរបួស ១គ្រាប់ ចំចង្កេះផ្នែកខាងក្រោយ។ ចំណែកអ្នកបាញ់ មាន ឈ្មោះស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអធិការរងស្រុកបាភ្នំ។

យោងតាមការរៀបរាប់របស់ក្រុមអ្នកលេងជល់មាន់ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុង ជុំគ្នាលេង ជល់មាន់ នៅក្រោមដើមឈើ ស្រាប់តែសុខៗ លេចមុខមនុស្សប្រុស ៤នាក់ (ស្លៀកពាក់ស៊ីវិល) ជិះម៉ូតូ ២គ្រឿង ចូលមកដល់់ ហើយពួកគេស្គាល់ថាជាប៉ូលិស ក៏នាំគ្នារត់ តែភ្លាមនោះ ឈ្មោះស៊ាន ប៊ុនណាល់ ជាអធិការរងស្រុក បានដកកាំភ្លើងខ្លី ម៉ាក K59 ពីចង្កេះបាញ់ ១គ្រាប់ បណ្តាលឱ្យត្រូវជនរងគ្រោះឈ្មោះសាន វិច្ឆិកា ដែលកំពុងរត់ ដួលដេកនឹងដី លុះឃើញបែបនោះ ក្រុមអ្នកជល់មាន់ផ្សេងទៀតដែលកំពុងរត់ បាននាំគ្នាឈប់រត់ ហើយត្រឡប់ មករោមព័ទ្ធប៉ូលិសវិញ ព្រោះខ្លាចរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវ។

ដោយឡែក សមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា តាមពិតលោកអធិការរង មិនបានតាំងចិត្តបាញ់នោះទេ គឺគ្រាន់តែ កាន់កាំភ្លើងនៅដៃ ទុកការពារខ្លួន ព្រោះអ្នកជល់មាន់ មានគ្នាច្រើន ប៉ុន្តែពេលឃើញសមត្ថកិច្ច មនុស្សទាំង នោះ នាំគ្នារត់ ហើយភ្លាមនោះលោកអធិការរង ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងស្ទុះទៅចាប់កន្ទុយម៉ូតូជនរងគ្រោះទាញ ទើបធ្វើឱ្យម៉ូតូដួល ហើយលោកអធិការរង ក៏ដួលទៅជាមួយគ្នា ទើបធ្វើឱ្យកាំភ្លើង រៀលកៃត្រូវចំចង្កេះជន រង គ្រោះតែម្តង។

ក្រោយកើតហេតុភ្លាមៗ លោកមុំ សារុំ អធិការនគរបាលស្រុកបាភ្នំ បានចុះទៅដល់ ជួយអន្តរាគមន៍ដឹកបញ្ជូន ជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុក និងឃាត់ខ្លួនខ្មាន់កាំភ្លើង យកទៅកាន់អធិការដ្ឋាននគរបាលស្រុក។

ដោយឡែក ជនរងគ្រោះ ដោយសារតែរបួសធ្ងន់ ត្រូវបានបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ ហើយបើតាមការអះ អាងរបស់ក្រុមគ្រួសារ ជនរងគ្រោះត្រូវបានគ្រូពេទ្យធ្វើការវះកាត់យកគ្រាប់ចេញរួចហើយ។ ចំណែកលោកអធិ ការរងដែលជាអ្នកផ្ទុះអាវុធ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៧ មេសា ដើម្បីចាត់ការ បន្តទៅតាមផ្លូវច្បាប់៕

RELATED ARTICLES