Friday, March 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមីងជេររឿងផឹក ក្មួយដុតផ្ទះឆេះហ្មត់

មីងជេររឿងផឹក ក្មួយដុតផ្ទះឆេះហ្មត់

កំពង់ឆ្នាំង ៖ យុវជនឈាមរាវម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ី ត្រូវម្តាយមីងជេរស្តីបន្ទោសពីរឿងដើរលេងផឹក ស៊ីរាល់ថ្ងៃ មិនជួយធ្វើការងារផ្ទះ ស្រាប់តែក្មួយប្រុសផ្ទុះកំហឹង ស្ទុះទៅវាយពាងទឹក បែកអស់៣ លុះយប់ឡើង ត្រឡប់មកដុតផ្ទះមីងចោល បណ្តាលឱ្យឆេះខ្ទេចទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាម ច្បាប់។

ករណីក្មួយប្រុសដុតផ្ទះម្តាយមីងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង។

ជនបង្កដែលដុតផ្ទះម្តាយមីងចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរីម សុធា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងត្រូវជាក្មួយបង្កើតម្ចាស់ផ្ទះ។ ចំណែកផ្ទះដែលរងការ ខូចខាតមាន មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

លោក ប៉ា ជឿន អធិការនគរបាលស្រុកកំពង់លែង បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ជនបង្កហេតុ ទើបនឹងត្រឡប់ពីស៊ីផឹកស្រវឹង ក៏ត្រូវម្តាយមីងស្តីបន្ទោសរឿងដើរផឹកស៊ីស្រ វឹងរាល់ថ្ងៃ ពេលនោះក្មួយប្រុសដែលកំពុងតែស្រវឹង បានផ្ទុះ កំហឹង ទៅវាយពាងទឹករបស់ម្តាយមីង បែក អស់៣ រួចក៏ដើរចេញបាត់ទៅ មិនដឹងថាទៅផឹកបន្ត ឬយ៉ាងណានោះទេ។ ប៉ុន្តែពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះ ដែលត្រូវ ជាម្តាយមីងជនបង្កហេតុ បានប្តឹងទៅសមត្ថកិច្ច។

លោកអធិការ បានបន្តទៀតថា លុះដល់ពេលរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ដោយមិន អស់ចិត្ត និងខឹងម្តាយមីងប្តឹងសមត្ថកិច្ច រឿងវាយពាង កាលពីល្ងាច ទើបជនបង្កជាក្មួយប្រុស បានមកដុតផ្ទះ ម្តាយមីង ខណៈដែលស្ត្រីរងគ្រោះមិននៅផ្ទះ ទៅសម្រាកផ្ទះបងប្អូន​ នៅភូមិដាឡាត់ ឃុំដា បណ្តាលឱ្យឆេះខ្ទេច អស់ទាំងស្រុងតែម្តង ។

នៅអំឡុងពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលបានចេញរថយន្តពន្លត់អគ្គិភ័យ អន្តរាគមន៍ពន្លត់ដែរ​ តែ ដោយស្ថានភាពផ្ទះនៅឆ្ងាយ បានត្រឹមតែជួយពន្លត់មិនឱ្យរាលដាលដលផ្ទះអ្នកដទៃ ដោយប្រើរថយន្តទឹក ៣ គ្រឿង។

បន្ទាប់មក នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនបង្កហេតុបាន បញ្ជូនទៅ សាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES