សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក និងតែងនិយាយបង្អើលសមាជិកបក្សរបស់ខ្លួន ពីរឿងទឹកលិចលោក ឲ្យរត់ទៅស្នាក់នៅចម្ការ នាជើងភ្នំគូលែន នោះ នៅពលនេះ បានអះអាងជាថ្មីថា ថ្ងៃពិសាខបូជា (ថ្ងៃពេញបូណ៌មី ខែពិសាខ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣) ខាងមុខ ជាថ្ងៃសមគួរសមគួរដល់វេលាទឹកលិចលោក ដែលកម្មរៀបចំកាត់ទោសសត្វមនុស្សដែលមិនជឿទឹកលិចលោក ហើយលោកប្រកាសលាសត្វមនុស្សដែលមានចិត្តអកតញ្ញូ មិនស្គាល់គុណទោសទាំងនោះជាចុងក្រោយហើយ។ លោកខឹម វាសនា បានបញ្ជាក់ថា លោកខំធ្វើកន្លែងឲ្យសមាជិកស្នាក់នៅ ចំណាយមិនស្ដាយលុយ តែពេលស្រែកថា ទឹកលិចលោក ហើយគេមកចម្ការ ទឹកមិនឃើញលិចលោក គេចាប់ផ្ដើមទោមនស្សក្នុងចិត្ត ក៏ចាត់ទុកថារូបលោកខុស បោកប្រាស់តែម្ដង។

លោកខឹម វាសនា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ថា «ក្នុងពេលនេះ ភាពអយុត្តិធម៌ នៅនាលោកិយនេះ តើអ្នកណារៀបរយឲ្យមានសណ្តាប់ធ្នាប់ឡើងវិញបាន ក្រៅពីកម្មទៅ? ថ្ងៃពិសាខបូជា ខាងមុខ ជាថ្ងៃសមគួរជាថ្ងៃដែលកម្មរៀបចំកាត់ទោសសត្វដែលមានមនោទុច្ចរិត រស់ខុសគន្លងកម្មហើយ។ ពូប្រឹងជួយសត្វអស់លទ្ធភាពពូហើយ ចំពោះវិញ្ញាណដែលទទួលអារម្មណ៍វេទនាហើយ តណ្ហាគឺគេមិនបានគិតឲ្យវិញ្ញាណគេដឹងពីចិត្តលះបង់ដ៏ធំធេងលើសអស់សត្វក្នុងត្រៃភពនៃពូអីទេ។ ឲ្យតែខូចប្រយោជន៍គេ គឺចំពោះចិត្តគេ ចិត្តជាពូ មិនស្មើនឹងបាតជើងគេផង។ នេះជាអនុស្សាវរីយ៍នៃចិត្តព្រហ្មរក្សាលោក ក្នុងបេសកកម្មមកផែនដីមនុស្ស នាពាក់កណ្តាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធ ព្រះនាមសមណគោតម នោះ។ លាចិត្តអកតញ្ញូ សូមអ្នកនៅចុះ ចិត្តស្មោះលាហើយ។ នេះហើយចិត្តសត្វមិនស្គាល់គុណទោស គឺចិត្តអកតញ្ញូនោះ។ ពូបានត្រឹមឈរសម្លឹងដោយចិត្តសង្វេគ ក្នុងការលាគ្នានៅឱកាសចុងក្រោយនេះ»។

លោកខឹម វាសនា បានសរសេរបន្ថែមថា «តាំងពីក្មេងដឹងក្តី រហូតមកដល់ពេលនេះ ពូត្រូវមនុស្សជាន់ឈ្លីមនោសញ្ចេតនាច្រើនដងណាស់ ធ្ងន់ធ្ងរណាស់។ ពេលជួបបញ្ហានេះម្តងៗ ពូតែងសួរខ្លួនឯងថា តើអាត្មាអញខុសអី????? ចិត្តខ្ញុំស្អាតណាស់ ចិត្តខ្ញុំសណាស់ ចិត្តខ្ញុំស្មោះណាស់ មនោសញ្ចេតនាខ្ញុំខ្ពស់ណាស់ តើហេតុអ្វី គេប្រតិកម្មបែបហ្នឹង ទល់នឹងចិត្តដ៏ល្អឯកក្នុងលោកនេះរបស់ខ្ញុំកើតអ៊ីងទៅហ្ន? ម៉េចចិត្តគេសាហាវអ្វីម៉្លេះហ្ន??? ឥឡូវពូគិតយល់ហើយ គឺវេទនាបច្ចយា តណ្ហា។ វេទនា មាន សុខវេទនា សោមនស្សវេទនា ទុក្ខវេទនា ទោមនស្សវេទនា។ វិញ្ញាណឲ្យតែដឹងសុខវេទនា ឬសោមនស្សវេទនា គឺតណ្ហាគឺអារម្មណ៍ចង់បានទៀត ចំណែកទុក្ខវេទនា ទោមនស្សវេទនា គឺអារម្មណ៍ធាក់ចេញក៏ជាតណ្ហាដែរ វេទនាបច្ចយា តណ្ហា ខុស ឬត្រូវសម្រេចលើសុខវេទនា ឬទុក្ខវេទនានេះហើយ សត្វមានអារម្មណ៍បែបនេះ គឺសត្វដែលទ្វារខួរមិនមែនជាទ្វារមនោ។ ប៉ុន្តែសំរាប់សត្វដែលទ្វារខួរជាទ្វារមនោ ឲ្យតែមានផស្សៈ វិញ្ញាណគិតនឹងទ្វារមនោ ចេញជាបញ្ញា ដឹងខុសដឹងត្រូវ សុខវេទនា ទុក្ខវេទនា សោមនស្សវេទនា ទោមនស្សវេទនាគឺអត់មាន ព្រោះបញ្ញា គឺវិញ្ញាណគិតនឹងទ្វារមនោ ឃើញខុសឃើញត្រូវ ដូច្នេះអត់មានវេទនា ផស្សៈបច្ចយា បញ្ញា គឺឲ្យតែវិញ្ញាណទទួលផស្សៈ វិញ្ញាណនាំយកផស្សៈនាំឆ្លងកាត់ទ្វារមនោ វិភាគរកហេតុផលសិន ពេលនោះវិញ្ញាណបានសម្មាទិដ្ឋិ គឺវិញ្ញាណដឹងត្រូវ ខុសវិញ្ញាណដឹងថាខុស ត្រូវវិញ្ញាណដឹងថាត្រូវ នេះគឺសម្មាដឹង ប៉ុន្តែបើទ្វារខួរ មិនមែនជាទ្វារមនោ គឺសុខវេទនា សោមនស្សវេទនា គឺត្រូវចំណែកទុក្ខវេទនា ទោមនស្សវេទនា គឺខុស។

ឲ្យលុយគេ គេអរណាស់ គេសុខ គេសោមនស្សវេទនាក្នុងអារម្មណ៍ អញ្ចឹងគេថាយើងល្អ ប៉ុន្តែដល់ពេលយើងអត់ ទៅខ្ចីលុយគេបន្តិចបន្តួច គេទទួលអារម្មណ៍ជាទុក្ខ ជាទោមនស្សវេទនា មុខគេមិនស្រួល ប៉ុន្តែដោយយើងធ្លាប់ឲ្យលុយគេ គេទើសទាស់ គេត្រូវតែឲ្យយើងខ្ចីខ្លះមក ប៉ុន្តែពេលយើងចេញមកផុត គេនិយាយដើមយើងភ្លាម។ ក្នុងជីវិតបងប្អូនពូ ពូជួបរឿងបែបនេះច្រើនដងណាស់។ ពូឈឺចាប់ ប៉ុន្តែពូនៅតែមិនប្រកាន់ ពេលពូមានលុយច្រើន ពូឲ្យបងប្អូនទៀត ឥឡូវពូយល់ហើយ ឲ្យតែអារម្មណ៍គេសុខវេទនា គឺត្រូវ ឲ្យតែអារម្មណ៍គេទុក្ខវេទនា គឺខុស អត់មានទ្វារមនោចេះគិតហេតុផលទេ ដូច្នេះវិញ្ញាណគេមិនអាចដឹងការពិត ឬសម្មាទិដ្ឋិទេ»។

លោកខឹម វាសនា បន្តថា «ក្នុងទំនាក់ទំនងមិត្តភ័ក្ដិ អ្នករាប់អានគ្នា ក៏ពូជួបរឿងបែបហ្នឹងច្រើនណាស់ដែរ ឥឡូវចុងក្រោយមកដល់រឿង LDP ទៀត ពូខំធ្វើកន្លែងឲ្យសមាជិកស្នាក់នៅ គិតសព្វគិតគ្រប់ មិនស្ដាយកម្លាំងចិត្ត កម្លាំងកាយ ចំណាយមិនស្ដាយលុយ តែពេលពូស្រែកថាទឹកលិចលោក ហើយគេមកចម្ការ ទឹកមិនឃើញលិចលោក យូរណាស់ហើយនៅតែមិនឃើញលិច គេខាតប្រយោជន៍ណាមួយ គេចាប់ផ្ដើមទោមនស្សក្នុងចិត្ត អ៊ីចឹងពូខុសតែម្ដង ព្រោះវិញ្ញាណគេដឹងជាអារម្មណ៍នូវទោមនស្សវេទនាហើយ ដូច្នេះគឺពូខុសហើយ។ ក្នុងជីវិតពូ ខាតលុយ ខាតចិត្តច្រើនណាស់ ប៉ុន្តែបានមកវិញជាមេរៀនឲ្យពូគិតយល់ច្បាស់ណាស់ អ្នកយកកម្លាំងធាតុហ្នុងទៅ ពូយកបញ្ញា ត្រង់ហ្នឹងហើយ គឺពពួកមារផ្ចាញ់ព្រះ ដើម្បីបំពេញបារមីឲ្យព្រះហ្នុង។ ពួកអត់ទ្វារមនោ ផស្សៈបច្ចយា វេទនា វេទនាបច្ចយា តណ្ហា ប៉ុន្តែអ្នកមានទ្វារមនោ ផស្សៈបច្ចយា បញ្ញា បញ្ញាគឺវិញ្ញាណគិតហេតុផលនឹងទ្វារមនោ អត់មានវេទនាទេ អត់មានតណ្ហាទេ អត់មានសន្សំអាសវៈកម្លាំងធាតុភ្លើងទេ ព្រោះអត់មានតណ្ហា លោតត្រូវចង្វាក់ហ្គេមដើម្បីដឹង គឺសម្មាដឹង គឺពូហៅសមាជិក ដោយប្រាប់ថា ទឹកលិចលោក ហើយមិនឃើញលិច ឥតមានទោមនស្សវេទនា ហើយសម្រេចថាខុស ដោយសារតែទោមនស្សវេទនានោះទេ គឺចូលទ្វារមនោគិតយល់ពីចិត្តពូ ដឹងចិត្តពូថា ទោះបីជាខុសឬត្រូវក៏ដោយ គឺប្រាកដណាស់ ពូដឹងរឿងអីហើយ ពេលនោះគឺពូព្រួយបារម្ភពីកូនចៅខ្លាំងណាស់ ទើបពូស្រែកហៅកូនចៅឲ្យចូលមកចម្ការបែបនេះ នោះគឺសម្មាដឹង គឺដឹងត្រូវចិត្តពូ។ ឈុតនេះហើយជាឈុតរែងបញ្ចប់យកសត្វដែលមានទ្វារមនោ ហើយដល់ពិសាខបូជា នេះជាពេលកម្មត្រូវកាត់ទោសសត្វដែលមានទ្វារមនោ ឬអត់នោះហើយ»។

គួរបញ្ជាក់ថា ខាងលើនេះ មិនមែនជាលើកទី១ទេ ដែលលោកខឹម វាសនា បានអះអាងពីរឿងទឹកលិចលោក និងការសម្រេចឈានព្រហ្មរក្សាលោក របស់ខ្លួន ដោយមេបក្សដែលប្រកាសឈប់ធ្វើនយោបាយ គិតតែរឿងពន្យល់ធម៌ដល់សាវ័ករបស់ខ្លួនរូបនេះ តែងអះអាងជារឿយៗតាំងពីចុងខែសីហា ឆ្នាំ២០២២ មកម៉្លេះថា នៅពេលខ្លួនសម្រេចឈាន នឹងរញ្ជួយផែនដី ទឹកលិចលោក មនុស្សលើផែនដីស្លាប់ស្ទើរអស់ នៅសល់តែបន្តិច នៅចម្ការរបស់ខ្លួន នាជើងភ្នំគូលែន តែមកដល់ពេលនេះទៅហើយ ពុំឃើញមានហេតុការណ៍ ឬអព្ភូតហេតុអ្វីកើតឡើងដូចខ្លួនបានអះអាងជាបន្តបន្ទាប់មកនោះទេ រហូតអ្នកលង់ជឿ ដែលទៅជុំគ្នានៅចម្ការជើងភ្នំគូលែននោះ បានថយចុះជាបន្តបន្ទាប់ រាប់ចាប់ពីជាង ២ម៉ឺននាក់ មកដល់សព្វថ្ងៃ នៅសល់តែប្រមាណ២០០នាក់ ដោយសារលែងជឿការអះអាងរបស់លោកខឹម វាសនា រហូតអតីតសាវ័កខ្លះ ចាត់ទុកជាការបោកប្រាស់ទៀតផង។ ចុងក្រោយនេះ លោកខឹម វាសនា បានអះអាងជាថ្មីទៀតថា ខ្លួនអាចនឹងសម្រេចឈាន នៅថ្ងៃពេញបូណ៌មី ខែពិសាខ ចំថ្ងៃពិសាខបូជា (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣) ដែលជាថ្ងៃព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន ព្រមទាំងប្រកាសលាអ្នកដែលមិនជឿរឿងទឹកលិចលោកនេះទៀតផង៕ ខៀវទុំ