Saturday, March 15, 2025
Homeព័ត៌មានជាតិបុណ្យចូលឆ្នាំថ្មី លេងបាញ់ទឹក សម្តេចហ៊ុន សែន ថាឆ្នាំក្រោយ មិនគួរមានទេ

បុណ្យចូលឆ្នាំថ្មី លេងបាញ់ទឹក សម្តេចហ៊ុន សែន ថាឆ្នាំក្រោយ មិនគួរមានទេ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋទូទាំងប្រទេស បានដើរលេងកម្សាន្ត យ៉ាងសប្បាយរីករាយ  តែសម្តេច បានសង្កេតឃើញថា មានការលេងបាញ់ទឹក ត្រូវភ្នែក បង្កគ្រោះថ្នាក់ដល់ទេសចរបរទេសម្នាក់ផងដែរ ដូច្នេះសម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ឆ្នាំក្រោយ មិនគួរមាន ទេ ការលេងបាញ់ទឹកនេះ ដោយគួរប្តូរមកជាការប្រោះព្រំទឹកវិញ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា «… ហើយកន្លងទៅ កាំភ្លើងដែរ តែកាំភ្លើងបាញ់ទឹក តែអាបាញ់ទឹក ហ្នឹងក៏មិនស្រួលដែរណា កន្លងទៅ ឃើញគេបង្ហោះ ទេសចរអង់គ្លេសម្នាក់ ត្រូវគេបាញ់ទឹកត្រូវភ្នែក កុំលេង បាញ់ទឹកបាញ់អីហ្នឹង អារឿងវាហួស វាហួសទៅហើយ ប៉ុន្តែឆ្នាំក្រោយ មិនគួរមានទេ អាបាញ់ទឹកហ្នឹង ទៅជា ប្រោះព្រំទឹកវិញ ប្រោះព្រំវិញ អាបាញ់ទឹកហ្នឹងជួនកាលគ្រោះថ្នាក់ ដួលភ្លាម អាប៉ាតម្សៅ ប៉ាតអីហ្នឹង តែរឿង បងប្អូនសប្បាយ គឺចេះតែសប្បាយហើយ…»។

ជាមួយនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់អាជ្ញាធររាជធានី ខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រ ដាប់អាវុធគ្រប់ប្រភេទ និងតាមទីកន្លែងផ្សេងៗ ក៏ដូចជាទីអារាមនានា ដែលបានយកចិត្តទុកដាក់ ការពាររក្សា សន្តិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារ ជាតិ។

សម្ដេចហ៊ុន សែន បានថ្លែងថា សម្តេច ពិតជារីករាយដែលបានអញ្ជើញមកសម្ពោធដាក់ឲ្យប្រើប្រាស់អគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នាថ្ងៃនេះ។ សម្តេច បានមានប្រសាសន៍ថា ទោះបីជាកម្ពុជា ក្នុងឆ្នាំ២០២០-២០២១ កំពុង រងគ្រោះដោយវិបត្តិកូវីដ-១៩ យ៉ាងធ្ងន់ម្តេចក្តី តែកម្ពុជា មិនបញ្ឈប់ដំណើរការនៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ នោះទេ ក្នុងនោះរួមមាន ៖ ផ្លូវជាច្រើនខ្សែ នៅខេត្តព្រះសីហនុ, ខេត្តសៀមរាប និងអគារមន្ទីរពេទ្យ រួមទាំងហេ ដ្ឋារចនាសម្ព័ន្ធជាច្រើន។

នៅថ្ងៃនោះ សម្តេចនាយករដ្ឋមន្ត្រី បានអបអរសាទរ ដែលកម្ពុជា បានដំណើរការនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ ណីជាតិ ប្រកបដោយជោគជ័យ និងសប្បាយរីករាយ ព្រមទាំងជូនពរដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសប្រ កបសុខភាពល្អ និងរីកចម្រើន។ សម្ដេច បានមានប្រសាសន៍រំលឹកថា កាលពី ៤៨ឆ្នាំមុន ប្រជាពលរដ្ឋកំពុង តែឃ្លាតចាកឆ្ងាយចេញពីគ្រួសារ ពីរាជធានីភ្នំពេញ ដោយសារតែសង្រ្គាម ប៉ុន្ដែ ៤៨ឆ្នាំក្រោយនេះ ប្រជាពលរដ្ឋ កំពុងតែរីករាយជាមួយសន្ដិភាព សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី រហូតដល់ជាង ១៣លាននាក់ នៅទូទាំង ប្រទេស។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីគ្រាដ៏លំបាក ដែលកម្ពុជា រងគ្រោះដោយវិបត្តិកូវីដ-១៩ ដែល កាលណោះ វិធានការជាច្រើនត្រូវបានដាក់ចេញ ក្នុងនោះក៏មានត្រៀមក្តារមឈូស, មេន ផងដែរ ដែលកាល ណោះ មានការរិះគន់វាយប្រហារពីក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស។

សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅស្រុកកំណើត នាពេលចូលឆ្នាំខ្មែរ និងដើម្បីកុំឱ្យក្រុមរថយន្តក្រុងមួយ ចំនួនរកស៊ីឆ្លៀតឱកាសកេងចំណេ ញពីប្រជាពលរដ្ឋ សម្ដេច បានអនុញ្ញាតដាក់ឱ្យមានការផ្ដល់រថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំនេះ។ សម្ដេច ក៏បានអរគុណដល់អភិបាលរាជធានីភ្នំពេញ ដែលបានផ្ដល់រថយន្តក្រុងដឹក ពលរដ្ឋជាង ៥ម៉ឺននាក់ ទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ជាថ្មីម្តងទៀត សម្ដេចហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បន្ថែមថា កាតព្វកិច្ចសម្រាប់ពាក់ម៉ាស់ក៍ និងធ្វើ តេស្តរហ័សរកមេរោគកូវីដ-១៩ ត្រូវបានដកចេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក៏ប៉ុន្ដែបើប្រជាពលរដ្ឋ យល់ថា មិនស្រួលខ្លួន អាចប៉ះពាល់ដល់អ្នកដទៃ គឺអាចពាក់ម៉ាស់ក៍បានជាធម្មតា។ សម្ដេច បានមានប្រសាន៍ សាជាថ្មីថា ប្រសិនបើប្រជាពលរដ្ឋ និងសាធារណជន ចង់ទទួលបានព័ត៌មានបានលឿនរហ័ស គឺចុចចូល Channel តេឡេក្រាម របស់សម្ដេច ផ្ទាល់ ដែលបច្ចុប្បន្ននេះ មានអ្នកចុចចូលក្នុង Channel របស់សម្ដេច ជិត ៧០ម៉ឺននាក់រួចទៅហើយ។

នៅថ្ងៃនោះដែរ សម្តេចហ៊ុន សែន ក៏បានរំលឹកពីវីរភាពរបស់កងទ័ពការពារបូរណភាពទឹកដី និងក្រុមគ្រូពេទ្យការ ពារនិងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីជាតិនិងប្រជាជន និងអំពាវនាវ សូមកុំឱ្យមានការរិះគន់វាយប្រហារចំពោះកំហុសតិចតួចរបស់គ្រូពេទ្យ។ សម្តេច បានមានប្រសាសន៍ថា ការ ពង្រឹងសមត្ថភាពវិស័យសុខាភិបាល គឺជាកត្តាចាំបាច់ខ្លាំងណាស់ ដើម្បីកសាង និងធ្វើម៉េចឱ្យប្រជាពលរដ្ឋ ទទួលសេវាសុខភាព ក្នុងនោះមានការបង្កើនការព្យាបាលស្រ្ដី និងកុមារ។

សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកប្រវត្តិជូរចត់ ស្រក់ទឹកភ្នែក នៃការទទួលមរណភាពកូនច្បងរបស់សម្តេច ក្នុង របបប៉ុល ពត ដោយគ្រូពេទ្យមានការធ្វេសប្រហែស បានធ្វើឱ្យធ្លាក់កូនរបស់សម្ដេច ដែលទើបសម្រាល ពីដៃ។ សម្ដេច បានអំពាវនាវដល់គ្រូពេទ្យ បន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ រួមនិងការខិតខំពង្រឹងសមត្ថ ភាពខាងផ្នែកបច្ចេកទេស ដើម្បីឱ្យសមនឹងប្រសិទ្ធនាមថា «គ្រូពេទ្យ ជាកងទ័ពអាវស»។

នៅថ្ងៃនោះដែរ សម្ដេចហ៊ុន សែន ក៏បានដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យា ដល់មន្រ្ដីរាជ ការ ដោយសម្តេច បញ្ជាក់ថា បើមន្រ្ដីមិនចេះប្រើស្មាតហ្វូន មិនចេះប្រើសារតាមបណ្ដាញសង្គមផ្សេងៗ គឺមិន ត្រូវបានតែងតាំងឡើយ។

សម្ដេចនាយករដ្ឋមន្ត្រី បានអរគុណដល់អាជ្ញាធររាជធានី ខេត្ត ក្រុង គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រ ដាប់អាវុធ គ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្ដេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមឱ្យបានគ្រប់គ្នា ខណៈនៅសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣ នេះ។ សម្តេច ក៏បានបន្តអំពាវនាវ សាជាថ្មី ដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរព ច្បាប់ចរាចរណ៍។

មុននឹងបញ្ចប់ ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់នូវអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ សម្ដេចហ៊ុន សែន ក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕ ខៀវទុំ

RELATED ARTICLES