ព្រះវិហារ ៖ ជនដៃដល់ជាឃាតករដៃឆៅ ដែលបានធ្វើសកម្មភាពរំលោភ សម្លាប់ កាត់ក្បាលនារីជាសង្សារ ក្នុងបន្ទប់ជួល នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅក្នុងផ្ទះ ណាក់មួយកន្លែង ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ បន្ទាប់ពីជនសង្ស័យជាឃាតករដ៏ឃោរឃៅនេះ បានរត់គេចមកសម្ងំលេបថ្នាំសម្លាប់ខ្លួន។

ជនសង្ស័យជាឃាតករ ដែលសម្លាប់កាត់ក្បាលនារីរងគ្រោះ រួចព្យាយាមលេបថ្នាំសម្លាប់ខ្លួននោះ មានឈ្មោះ ឡោ គង់ហួរ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ទីតាំងកើតហេតុ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយធ្វើសកម្មភាពសម្លាប់ កាត់ក្បាលនារីរងគ្រោះ នៅឯក្រុងបាវិត ខេត្តស្វាយរៀង រួចមក មុខសញ្ញាជនសង្ស័យ បានរត់គេចខ្លួនទៅខេត្តព្រះវិហារ។ បន្ទាប់មក សមត្ថកិច្ចខេត្តព្រះវិហារ បានទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះសំណាក់សមត្ថកិច្ចបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ «កុលាបបីទង» ឈ្មោះ ស៊ឹម វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ថាមានបុរសម្នាក់ បានចូលមកជួលបន្ទប់ផ្ទះសំណាក់របស់គាត់ស្នាក់នៅ រួចបានលេបថ្នាំសម្លាប់ខ្លួន។ ភ្លាមនោះ កម្លាំងសមត្ថកិច្ច ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យ បានចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញជនសង្ស័យបានលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែនៅមានដង្ហើម ទើបសមត្ថកិច្ចប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ភ្លាមៗ តែមិនទាន់អាចសាកសួរអ្វីបាននៅឡើយ ដោយសារជនសង្ស័យ ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ ពេលនោះ សមត្ថកិច្ចបានរាយការណ៍ជូនលោក ទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ហើយដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមុខសញ្ញាខាងលើ នៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំបន្តនីតិវិធី។

តាមការបញ្ជាក់ពីសមត្ថកិច្ច នៅលើខ្លួនជនសង្ស័យ មានស្នាមសាក់ឈ្មោះរបស់ជនសង្ស័យ និងឈ្មោះនារីរងគ្រោះ (HOUR & MEY) និងថ្ងៃផ្តើមស្នេហ៍របស់ពួកគេ (25-03-2022) នៅដើមដៃខាងឆ្វេងរបស់ជនសង្ស័យ ។
ជុំវិញករណីឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះ លោកយ៉ន ម៉ន អាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជាឪពុកបង្កើតរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់លោក ដែលត្រូវឃាតករសម្លាប់កាត់ក្បាលនោះ គឺជាកូនច្បងក្នុង ចំណោមបងប្អូន២នាក់។ តាមពិត នាងជាស្ត្រីមេម៉ាយ មានកូនប្រុសម្នាក់ អាយុ៦ឆ្នាំ ដោយសារតែរស់នៅមិនចុះសម្រុង ចេះតែជួបរឿងរកាំរកូសមិនឈប់ ទើបឈានដល់ការលែងលះគ្នា ចំណែកកូនប្រុស ត្រូវឪពុករបស់គេ យកទៅចិញ្ចឹមមើលថែ ចំណែកកូនស្រីរបស់គាត់ ក៏បានចូលធ្វើការងាររោងចក្រ នៅភ្នំពេញ។

បុរសជាឪពុកនារីរងគ្រោះ បន្តថា ក្រោយមក កូនស្រីរបស់គាត់ បានស្គាល់គ្នាជាមួយជនសង្ស័យជាឃាតករ ឈ្មោះឡោ គង់ហួរ ដែលជាអ្នកធ្វើការនៅក្នុងរោងចក្រជាមួយគ្នា ហើយក៏បានទាក់ទងគ្នា បង្កើតបានជាទំនាក់ទំនងស្នេហា អស់រយៈពេល ១ឆ្នាំមកហើយ ដោយមិនបានដឹងសោះថា ខាងប្រុស ជាមនុស្សដែលមានប្រពន្ធកូនរួចទៅហើយនោះទេ។ រហូតដល់ក្រោយមក ស្ត្រីជាប្រពន្ធបុរសនោះ បានតាមមករកកូនស្រីគាត់ ដល់ផ្ទះ និងបានជួបជាមួយពួកគាត់ជាឪពុកម្តាយ ជជែករៀបរាប់ប្រាប់ថា ខ្លួនជាប្រពន្ធពេញច្បាប់ របស់បុរសឈ្មោះឡោ គង់ហួរ និងមិនបានលែងលះគ្នានៅឡើយ ទើបធ្វើឱ្យពួកគាត់ជាឪពុកម្តាយ ស្រឡាំងកាំង រួចក៏ប្រាប់ឱ្យកូនស្រីឈប់ទាក់ទងជាមួយនឹងបុរសម្នាក់នោះទៀត។ ចំណែកកូនស្រីគាត់ ក៏បានយល់ស្របតាមគាត់ដែរ ប៉ុន្តែកន្លងមក ជនសង្ស័យធ្លាប់បានមកតាមរកកូនស្រីរបស់គាត់ ដល់ផ្ទះដែរ តែគាត់បាន មិនឱ្យចូលផ្ទះគាត់ដាច់ខាត ដោយគំរាមប្តឹងប៉ូលិសចាប់ទៀតផង។

បុរសជាឪពុក បានឱ្យដឹងបន្តថា ដោយសារតែចង់កាត់ចិត្តពីជនសង្ស័យ ទើបកូនស្រីរបស់គាត់ ឈប់ធ្វើការរោងចក្រនៅភ្នំពេញ ហើយក៏បានទៅរកការងារធ្វើ នៅឯកាស៊ីណូ ក្រុងបាវិត ទើបនឹងបានរយៈពេលប្រមាណ ១ខែប៉ុណ្ណោះ ដោយធ្វើការនិងស្នាក់នៅក្នុងកាស៊ីណូនោះ តែម្តង មិនបានស្នាក់នៅបន្ទប់ជួលដែលឃាតករសម្លាប់ កាត់ក្បាលនាងនោះទេ ហើយបន្ទប់ជួលមួយនោះ គឺជនសង្ស័យជាឃាតករ ទើបនឹងជួលបាន ១ថ្ងៃប៉ុណ្ណោះ រួចក៏នាំកូនស្រីរបស់គាត់ចូលទៅសម្លាប់ កាត់ក្បាលចោលតែម្តង។
លោកយ៉ន ម៉ន បានឱ្យដឹងបន្តទៀតថា ក្រោយពីកូនស្រីចេញទៅធ្វើការ និងស្នាក់នៅឯក្រុងបាវិត នោះមក គាត់មិនបានដឹងទាល់តែសោះថា ជនសង្ស័យ និងកូនស្រីរបស់គាត់ នៅបន្តទាក់ទងគ្នា ឬបានជួបមុខគ្នាទៀតឬក៏អត់ដែរ។ ប៉ុន្តែនៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ទើបនឹងកន្លងផុតទៅថ្មីៗនេះ កូនស្រីរបស់គាត់ បានប្រាប់ថា នាងមិនបានមកលេងផ្ទះទេ ព្រោះជាប់រវល់នឹងការងារ ហើយទាល់តែចូលឆ្នាំរួច នាងនឹងដាក់ច្បាប់សម្រាក មកលេងផ្ទះ បាន៤-៥ថ្ងៃ តែមិននឹកស្មានថា មិនទាន់បានជួបមុខឪពុកម្តាយផង កូនស្រីគាត់ត្រូវឃាតករ សម្លាប់យ៉ាងសាហាវព្រៃផ្សៃបែបនេះសោះ។

បុរសជាឪពុកនារីរងគ្រោះ បានបញ្ជាក់ថា មុនថ្ងៃកើតហេតុ គាត់បានជួបប្រផ្នូលមួយ ពោលគឺនៅអំឡុងថ្ងៃចូលឆ្នាំ គាត់បានទៅលេងផ្ទះបងប្អូននៅភ្នំពេញ លុះគ្រាន់តែពេលជួបជុំគ្នាហូបចុកតិចតួច គាត់យកជើងមាន់ មកខាំ ស្រាប់តែបាក់ធ្មេញ ១គ្រាប់ ដោយមិនដឹងមូលហេតុអ្វីសោះ ហើយពេលនោះគាត់មិនបានចាប់អារម្មណ៍ថា ជាហេតុភេទឬប្រផ្នូលអ្វីមិនល្អនោះទេ។ លុះមកដល់វេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ គាត់ទទួលបានទូរស័ព្ទពីសមត្ថកិច្ចខេត្តស្វាយរៀង ដោយបានសួរគាត់ថា តើគាត់គឺជាឪពុករបស់ឈ្មោះម៉ន ស្រីម៉ី មែនដែរឬទេ? លុះគាត់ប្រាប់ថា មែនហើយ ស្រាប់តែប៉ូលិសបានប្រាប់ថា កូនគាត់ ត្រូវឃាតករសម្លាប់បាត់ហើយ ដោយបានកាត់ក្បាល បោះចោលក្នុងបន្ទប់ទឹក ហើយប៉ូលិស ថែមទាំងបានផ្ញើរូបថតមកឱ្យគាត់មើលទៀតផង ទើបគាត់ស្គាល់ច្បាស់ថា ពិតជាកូនស្រីមែន ហើយភ្លាមនោះ គាត់ក៏ចាប់ផ្តើមទន់ដៃទន់ជើង ធ្វើអ្វីលែងត្រូវតែម្តង។ បន្ទាប់មក គាត់និងក្រុមគ្រួសារ ក៏ស្រូតដំណើរចេញពីផ្ទះ ឯខេត្តកណ្តាល សំដៅទៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទីតាំងកើតហេតុ។ លុះពេលចូលទៅដល់បន្ទប់កើតហេតុ គាត់ប្រទះឃើញកូនស្រីរបស់គាត់ ស្លាប់គួរឱ្យសង្វេគនិងរន្ធត់បំផុត ដោយដងខ្លួន ដេកស្លាប់នៅលើពូក ក្នុងបន្ទប់ ចំណែកក្បាល ត្រូវឃាតករកាត់យកទៅបោះចោលក្នុងបន្ទប់ទឹក ហើយនៅក្នុងបន្ទប់កើតហេតុនោះ គាត់បានសង្កេតឃើញមានម្ហួបអាហារដែលហូបមិនទាន់អស់ នៅសល់ទីនោះដែរ ដែលគាត់សង្ស័យថា ជនដៃដល់ជាឃាតករ បានដាក់ថ្នាំកូនស្រីគាត់ មុននឹងធ្វើសកម្មភាពសម្លាប់យ៉ាងឃោរឃៅបែបនេះ។
ឪពុកបង្កើតនារីរងគ្រោះ បានអះអាងថា តាមអ្វីដែលអ្នកជិតខាងបន្ទប់កើតហេតុនិយាយប្រាប់ប៉ូលិស គឺមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ពួកគាត់បានឮសូរសំឡេងកូនស្រីរបស់គាត់ និងជនសង្ស័យ ឈ្លោះ ប្រកែកគ្នាមួយប្រាវ រួចក៏ស្ងាត់មាត់ទៅវិញទាំង២នាក់ រហូតមួយសន្ទុះក្រោយមក ក៏ឮសំឡេងជនសង្ស័យទាញម៉ូតូជិះចេញទៅ ទើបគ្រប់គ្នាកើតមានការសង្ស័យ ក៏បាននាំគ្នាចេញទៅអើតមើល ស្រាប់តែប្រទះឃើញហេតុការណ៍ដ៏រន្ធត់បែបនេះតែម្តង។ តាមរយៈវីដេអូ ដែលប៉ូលិស បង្ហាញឱ្យគាត់មើល ឃើញថា មុនកើតហេតុ ជនសង្ស័យបាននាំកូនស្រីរបស់គាត់ ចូលទៅក្លឹបមួយកន្លែង ក្នុងក្រុងបាវិត មុននឹងនាំនាងមកសម្លាប់ចោលបែបនេះ។

បុរសជាឪពុក បានទទូចសុំឱ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងស្ថាប័នតុលាការ មេត្តាជួយរកយុត្តិធម៌ជូនកូនស្រីរបស់គាត់ផង ដោយចាប់ឃាតករ យកមកផ្តន្ទាទោសឱ្យបានធ្ងន់ ឱ្យសមនឹងទង្វើដ៏ឃោរឃៅរបស់គេផង។
គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើង នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយនារីវ័យក្មេង រូបស្រស់ម្នាក់ ជាបុគ្គលិកកាស៊ីណូ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ និងមានស្ថានភាពគួរឱ្យរន្ធត់បំផុត ដោយសាកសពនារីរងគ្រោះ អាក្រាតននលគកនៅលើពូក និងត្រូវបានឃាតករដៃឆៅ កាត់ក្បាលដាច់ចេញពីដងខ្លួន យកទៅបោះចោលនៅក្នុងបន្ទប់ទឹក។

លោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងឃើញថា នៅទីតាំងកើតហេតុ សាកសពមានសភាពអាក្រាតកាយ ដេកផ្កាប់មុខនៅលើពូក ដោយដាច់ក្បាលចេញពីដងខ្លួន និងមានឈាមដាបពេញពូក និងប្រឡាក់ពេញក្នុងបន្ទប់។ លុះក្រោយពេលពិនិត្យក្នុងបន្ទប់កើតហេតុបន្តទៀត សមត្ថកិច្ចបានរកឃើញក្បាលរបស់នារីរងគ្រោះ ដែលត្រូវបានជនដៃដល់ជាឃាតករ កាត់ផ្តាច់ចេញពីដងខ្លួន យកទៅបោះចោលនៅក្នុងបន្ទប់ទឹក។ ជាមួយនេះ សមត្ថកិច្ច បានរកឃើញកាតចាក់វ៉ាក់សាំង ១សន្លឹក អត្តសញ្ញាណប័ណ្ណ ១សន្លឹក ព្រមទាំងកាតការងារ ១សន្លឹក ដែលមានឈ្មោះ ម៉ន ស្រីម៉ី ដូចគ្នា (ជារបស់នារីរងគ្រោះ)។

សាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកមកកាន់ស្រុកកំណើត ឯស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិព្រឹក្ស ក្បែរផ្ទះរបស់នារីរងគ្រោះ ហើយសពត្រូវបានបូជារួចរាល់ នៅវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោមក្តីសោកសង្រេង និងរន្ធត់ចិត្តបំផុត៕