ខេត្តព្រៃវែង ៖ ជនសង្ស័យជាកូនប្រុសចិត្តអប្រិយតិរច្ឆានម្នាក់ បានប្រើញៀនថ្នាំ រហូតដល់វង្វេងស្មារតី (បែកថ្នាំ) បានបង្ករឿងអុកឡុក ដេញវាយឪពុកម្តាយ រហូតឈានដល់លើកដៃវាយសម្លាប់ឪពុកបង្កើតខ្លួនឯង យ៉ាងឃោរឃៅ ដោយចាប់ក្បាលឪពុកបោកនឹងធុងហ្គាស់ បណ្តាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។
ករណីអំពើឃាតកម្មដ៏សាហាវ កូនប្រុសប្រុសចាប់ក្បាលឪពុកបោកនឹងធុងហ្គាស់ បណ្តាលឱ្យស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិថ្លុកកណ្តោល ឃុំគ្រញូង ស្រុកកំចាយមារ។

ជនដៃដល់ជាឃាតករដែលវាយសម្លាប់ឪពុកបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនោះ មានឈ្មោះឡេង បារាំង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សញៀនថ្នាំ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះយ៉ុន ឆៃឡេង អាយុ៥២ឆ្នាំ មុខរបរកសិករ។ ឪពុកកូនទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យខាងលើ តែងផឹកស្រាស្រវឹង និងប្រើប្រាស់ថ្នាំញៀន ជាប់ជាប្រចាំ ហើយឧស្សាហ៍រករឿងអុកឡុក ប្រើអំពើហិង្សាក្នុងក្រុមគ្រួសារខ្លាំងណាស់។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទើបនឹងត្រឡប់មកពីជក់ថ្នាំញៀន បានរករឿងឈ្លោះប្រកែកជាមួយឪពុក រួចក៏ប្រើអំពើហិង្សាវាយឪពុកបង្កើតខ្លួនឯង ទាំងកំរោល បន្ទាប់មកដោយមិនទាន់អស់កំហឹង ជនដៃដល់ជាឃាតករ បានចាប់ក្បាលឪពុក បោកផ្ទប់នឹងធុងហ្គាស់ បណ្តាលឱ្យបុរសជាឪពុក បែកក្បាល ស្លាប់ផ្កាប់មុខ ក្នុងថ្លុកឈាម យ៉ាងរន្ធត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ជាឃាតករ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សពជនរងគ្រោះជាឪពុក ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕