Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់ក្មេង៣កាំបិត ប្លន់ទូរស័ព្ទ៣

កាប់ក្មេង៣កាំបិត ប្លន់ទូរស័ព្ទ៣

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូទៅរកទិញស្រាបៀរផឹក លុះទៅដល់ឃើញក្មេងប្រុសជាកូនម្ចាស់ផ្ទះ នៅតែឯង ក៏បែកគំនិតលួចទូរស័ព្ទ ចំនួន៣គ្រឿង ដែលកំពុងដាក់សាកថ្មក្នុងផ្ទះ លុះក្មេងប្រុសឃើញ ស្ទុះទៅចាប់ ឱបប្រ តាយប្រតប់ ស្រាប់តែត្រូវជនសង្ស័យទាញកាំបិតប៉័ងតោ កាប់ក្មេងប្រុសរងគ្រោះ ចំនួន៣កាំបិត បណ្តាលឱ្យរង របួសធ្ងន់ និងផ្អើលដល់ប្រជាពលរដ្ឋព័ទ្ធចាប់ជនសង្ស័យបាន និងនាំគ្នាបញ្ចេញកំហឹង ម្នាក់១ដៃ១ជើង ប៊ិះស្លាប់ ទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។

ករណីប្រើកាំបិតប៉័ងតោ កាប់ក្មេងប្រុស ប្លន់ទូរស័ព្ទដៃនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ146B ផ្លូវ១០០៣  ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក  ខណ្ឌឫស្សីកែវ។

ក្មេងប្រុសរងគ្រោះដែលត្រូវជនដៃដល់កាប់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះឆេង លីហ៊ាង  ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅ ផ្ទះលេខ 146B ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក (រងរបួសធ្ងន់ រយះម្រាមដៃអស់៣ រយះសាច់ថ្ងាស និងរយះសាច់ចំកណ្តាលក្បាល)។ ចំណែកជនដៃដល់ ដែល ត្រូវសមត្ថ កិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ីម រ៉ូនី  ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដ មាន លំនៅ ភូមិជ្រោយអណ្តែត ស្រុកមុខកំពូល ខេត្តកណ្តាល (ប្រើប្រាស់សារធាតុញៀន)។

ចំណែកវត្ថុតាងដកហូត រួមមាន ១-ទូរស័ព្ទដៃ ចំនួន៣គ្រឿង (ម៉ាក iPhone ១គ្រឿង ម៉ាក Samsung ១គ្រឿង និងម៉ាក Oppo ១គ្រឿង) ទូរស័ព្ទទាំងបី ជារបស់ជនរងគ្រោះ និងបានប្រគល់ជូនជនរងគ្រោះវិញ។ ២-ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាក Samsung ១គ្រឿង    និងម៉ាក ViVO ១គ្រឿង។ ៣-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1F-9016 និង៤- កាំបិតប៉័ងតោ ចំនួន១ (របស់ជនសង្ស័យ)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យ បានជិះម៉ូតូតែម្នាក់ឯង មកទិញស្រាបៀរ ត្រង់ចំណុចផ្ទះកើតហេតុខាងលើ លុះពេលមកដល់ក៏ជួបនឹងក្មេង ប្រុសរងគ្រោះ នៅចាំផ្ទះតែឯង បន្ទាប់មក ក្មេងប្រុសរងគ្រោះ បានដើរទៅយកស្រាបៀរក្នុងផ្ទះ ឱ្យជនសង្ស័យ ស្រាប់តែជនសង្ស័យឃើញឱកាសល្អ ក៏បានធ្វើសកម្មភាពលួចទូរស័ព្ទ ចំនួន៣គ្រឿង ដែលកំពុងដាក់បញ្ចូលថ្ម តែត្រូវក្មេងប្រុសរងគ្រោះឃើញទាន់ ក៏ស្ទុះទៅចាប់ឱបជនសង្ស័យ ប្រតាយប្រតប់គ្នា ភ្លាមនោះជនសង្ស័យបាន យក កាំបិតប៉័ងតោ កាប់ទៅលើក្មេងប្រុសរងគ្រោះ ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

បន្ទាប់ពីកើតហេតុភ្លាម ក្រុមគ្រួសារនិងប្រជាពលរដ្ឋក្បែរខាង បានមកជួយអន្តរាគមន៍ ដោយព័ទ្ធចាប់ជនសង្ស័យ និងបានបញ្ចេញកំហឹង ម្នាក់១ដៃ១ជើង បណ្តាលឱ្យជនសង្ស័យរងរបួសយ៉ាងដំណំ រួចទើបប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការបន្ត។

ចំណែកក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES