ភ្នំពេញ ៖ យុវវ័យប្រុសស្រី ១ក្រុម បានជួបជុំគ្នាប្រើប្រាស់ថ្នាញៀន នៅក្នុងបន្ទប់ខុនដូមួយកន្លែង លុះសមត្ថកិច្ច ជំនាញចុះបង្ក្រាប ធ្វើឱ្យយុវជនម្នាក់ក្នុងចំណោមនោះ ភ័យស្លន់ស្លោ រត់គេច តោងបង្កាន់ ដៃផ្លោះពីបន្ទប់មួយ ទៅបន្ទប់មួយ តែអកុសលរបូតដៃ ធ្លាក់ចុះពីជាន់ទី១០ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងមួយរំពេច ចំណែកបក្ខពួក ៦នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកមកសាកសួរ។

ប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់និងជួញដូរសារធាតុញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង៣រំលង អធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅចំណុចខុនដូ រាជសម្បត្តិ ស្ថិតនៅជាន់ទី១០ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៥៩៦ ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
យុវជនដែលរត់គេចពីការបង្ក្រាប រហូតរបូតដៃធ្លាក់ស្លាប់នៅនឹងកន្លែង មានឈ្មោះលាង ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកជនសង្ស័យទាំង៦នាក់ទៀត ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះលី សុជាតា ភេទស្រី អាយុ ២២ឆ្នាំ។ ទី២-ឈ្មោះសូ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ។ ទី៣-ឈ្មោះអ៊ួន រ៉ូត ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះ ឆេង សុខឡេង ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៥-ឈ្មោះមុំ ភារុន ភេទប្រុស អាយុ១៤ឆ្នាំ និងទី៦-ឈ្មោះលូវ យៀកស៊ី អាយុ១៨ឆ្នាំ។ ចំណែកវត្ថុតាងដកហូតបាន រួមមាន សារធាតុញៀន ចំនួន១៤កញ្ចប់ និងទឹកសម្រាប់ លាយមួយដប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យក១ ដឹកនាំដោយលោកវរសេនីយ៍ឯក លីន ឡេង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដែលមានការ សម្របសម្រួលដោយលោកស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិ បត្តិការត្រួតពិនិត្យនៅចំណុចខុនដូ យីហោរាជសម្បត្តិ នៅជាន់ទី១០ បន្ទប់លេខ១០០៥ ផ្លូវលេខ៥៩៦ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពដដែល បន្តថា នៅពេលចូលទៅដល់បន្ទប់ខាងលើ កម្លាំងជំនាញបានប្រទះឃើញ មានមនុស្ស ប្រុសស្រី ចំនួន៧នាក់ នៅក្នុងបន្ទប់ និងឆែកឃើញវត្ថុតាង មានម្សៅប្រភេទខេ ចំនួន១កញ្ចប់ ម្សៅក្រាមពណ៌សថ្លា ប្រភេទ គ្រឿងញៀន ចំនួន១៤កញ្ចប់ និងទឹកសម្រាប់លាយ មួយដប។

ដោយឡែក នៅក្នុងរង្វង់ប្រតិបត្តិការនោះមានយុវជនម្នាក់ (ជនរងគ្រោះដែលស្លាប់) បានព្យយាមរត់គេចខ្លួន ពីក្នុងបន្ទប់ខាងលើ ដោយតោងបង្កាន់ដៃយ៉ខាងក្រៅ ផ្លោះមកបន្ទប់ជាប់គ្នា ប៉ុន្តែជាអកុសល របូតដៃធ្លាក់ ចុះ មកក្រោម ចំរថយន្តមួយគ្រឿង បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

មនុស្សប្រុសស្រី ចំនួន ៦នាក់ខាងលើ រួមទាំងវត្ថុតាងត្រូវ បានកម្លាំងមន្ទីរប្រឆាំងគ្រឿង ញៀនចាត់ការតាមនីតិវិធី ។ដោយឡែក សពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកកោសល្យវិច័យ ធ្វើការពិនិត្យ រួច បញ្ជូនទៅវត្តស្ទឹង មានជ័យ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
