Monday, May 26, 2025
Homeព័ត៌មានជាតិគណៈសង្ឃនាយក ស្នើប្រគេនគោរមងារ “សម្តេចព្រះ ព្រហ្មរតនមុនី” ចំពោះព្រះមហាវិមលធម្ម ពិន សែម

គណៈសង្ឃនាយក ស្នើប្រគេនគោរមងារ “សម្តេចព្រះ ព្រហ្មរតនមុនី” ចំពោះព្រះមហាវិមលធម្ម ពិន សែម

ភ្នំពេញ ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានស្នើប្រគេនគោរមងារ “សម្តេចព្រះព្រហ្មរតនមុនី” ចំពោះព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ នៃគណៈមហានិកាយ ព្រះចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមលិខិតរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដែលចុះ ព្រះហស្តលេខាដោយសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈសង្ឃនាយកនៃ ព្រះរាជាណាចក្រកម្ពុជា សូមចម្រើនពរសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងកម្មវត្ថុ ៖ សំណើសុំប្រគេនគោរមងារព្រះមហាវិមលធម្ម ពិន សម ជា សម្តេចព្រះព្រហ្មរតនមុនី និងតែងតាំងព្រះរាជាគណៈនៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជាចំនួន ០៣អង្គ ដោយយោង ៖ – សង្ឃប្រកាសលេខ ០០១/០៦ ម.ស.រ.ជ.ក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្តីពីការកំណត់ បែងចែកភារកិច្ចរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះមហាសុ មេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងកំណត់ហេតុអង្គប្រជុំ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យ និងវាយតម្លៃលើសំណើសុំប្រគេនគោរមងារ ជាសម្តេច និងតែងតាំងព្រះរាជាគណៈ នៃគណៈមហានិកាយ នៅព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារដូចខាងក្រោម ៖

សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អាត្មាភាពមានកិត្តិយស សូមចម្រើនពរសម្តេចតេជោ នាយ ករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ នៃគណៈមហានិកាយ ជាព្រះថេរដែលមានព្រះជន្មច្រើនព្រះវស្សា ពោរពេញទៅ ដោយគុណធម៌ និងព្រហ្មវិហារធម៌ ប្រកបដោយសេច ក្តីថ្លៃថ្នូរ ក្នុងព្រះពុទ្ធសាសនា និងដើម្បីលើកទឹកព្រះទ័យប្រគេនព្រះមន្ត្រីសង្ឃដែល ខិតខំប្រឹងប្រែងបំពេញ ការ ងារ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងរក្សាបាននូវធនធានព្រះសង្ឃក្នុងពុទ្ធសាសនាផង អាត្មាភាព សូមចម្រើនពរសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ស្នើសុំប្រគេននូវគោរមងារ និងតែងតាំង ព្រះមន្ត្រីសង្ឃ តាមឋានុក្រមគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដូចមានរាយព្រះនាមខាងក្រោម ៖

១- ព្រះមហាវិមលធម្ម ពិន សែម ឱ្យឡើងទីជា សម្តេចព្រះព្រហ្មរតនមុនី នៃគណៈមហានិកាយ

២- ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ ឱ្យឡើងទីជា ព្រះមហាវិមលធម្ម ព្រះរាជាគណៈថ្នាក់ទោ

៣- ព្រះសិរីវិសុទ្ធិ សុខ សុភាព ឱ្យឡើងទីជា ព្រះពុទ្ធវង្ស ព្រះរាជាគណៈថ្នាក់ត្រី

៤- ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណា ឱ្យឡើងទីជា ព្រះសិរីវិសុទ្ធិ ព្រះរាជាគណៈថ្នាក់ចត្វា។

អាស្រ័យហេតុដូចបានចម្រើនពរខាងលើ សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និងផ្តល់អនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុត ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលនូវការស្រ លាញ់រាប់អានដ៏ស្មោះ ពីអាត្មាភាព…៕

RELATED ARTICLES