ភ្នំពេញ៖លោកណូយ វ៉ាន់ណេត ជាតារាចម្រៀងដ៍សំខាន់អំឡុងពេលផលិតកម្មឆ្លងដែនកំពុងតែល្បីល្បាញនោះ បានអះអាងប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី២៦ មេសា ថាលោកមិនដឹងថាតើលោកម៉ានី ដែលជាម្ចាស់ផលិតកម្មឆ្លងដែនថ្មី នោះជាកូនពិតប្រាកដមែនរបស់លោកធឹង សុន ដែលជាម្ចាស់ឆ្លងដែនចាស់នោះឬយ៉ាងណាទេ ហើយបញ្ហានេះលោកក៍កំពុងតែឆ្ងល់ដែរ ហេតុនេះអីបានជាលោកម៉ានី អះអាងថាជាកូនតែខ្លះថាមិនមែន។



ការលើកឡើងរបស់លោកណូយ វ៉ាន់ណេត បែបនេះក្រោយពីថ្មីៗនេះលោកTonyson Tong ដែលកំពុងរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក បានចេញសារនៅលើហ្វេសបុករបស់លោកដោយប្រតិកម្មខ្លាំងៗទៅលើលោកម៉ានី និងចោទថាជាចោរប្លន់ផលិតកម្មរបស់ឪពុកនិងលោកធ្លាប់បានក៍សាង ដោយបុរសដែលអះអាងថាជាកូនទី១របស់លោកធឹង សុន រូបនេះបានផ្ដាំទៅម្ចាស់ឆ្លងដែនថ្មីថាបើចង់កុហក់ពិភពលោកគូតែរៀបក្រឡាឲ្យបានសមជាងនេះ ព្រោះលោកមិនដែលស្គាល់លោកម៉ានី ឡើយ ហើយបងប្អូនលោកមានតែបងប្អូន៣នាក់ទេកំពុងរស់នៅសហរដ្ឋអាមេរិកគឺទី១៖រូបលោក(Tonyson Tong)ជាកូនច្បង,ទី២៖ព្រំដែន និងទី៣៖ឆ្លងដែន។ដោយឡែកលោកគួច ខេវិន ដែលធ្លាប់ដឹកនាំសម្ដែងMV បទចម្រៀងរាប់ពាន់បទនៅឆ្លងដែននោះក៍មិនជឿរថាលោកម៉ានី ជាកូនរបស់លោកធឹង សុន ដែរហើយលោកបានឲ្យយោបល់ទៅម្ចាស់ឆ្លងដែនថ្មីនេះថាគូរតែចេញមុខសុំទោសជាសាធារណៈទៅ ព្រោះបើគិតតាមផ្លូវច្បាប់រឿងនេះក៍មិនអាចលេងសើចបានដែរ។



លោកណូយ វ៉ាន់ណេត បានថ្លែងថាកាលលោកច្រៀងនៅឆ្លងដែនជាច្រើនឆ្នាំនោះក៍មិនដែលបានជួបនិងស្គាល់លោកម៉ានី ដែរតែពេលនេះគាត់ថាគាត់កូនលោកធឹង សុន អីចឹងលោកក៍មិនដឹងរឿងនេះស៊ីជម្រៅ ព្រោះធ្លាប់បានដឹងថាលោកTonyson រស់នៅអាមេរិកជាកូនម្ចាស់ឆ្លងដែនមុន ក្រៅពីនេះលោកមិនស្គាល់កូនផ្សេងៗទៀតរបស់គាត់ទេ។លោកវ៉ាន់ណេត ថាមុននេះលោកពិតជាបានទៅដល់ផលិតកម្មឆ្លងដែនថ្មីមែន តែមិនមែនលោកទទួលស្គាល់ថាលោកម៉ានី ជាកូនលោកធឹង សុន នោះទេ ប៉ុន្ដែម្ដាយរបស់ម៉ានី នៅរស់នៅឡើយ ហើយគាត់អះអាងថាម៉ានី ជាកូនរបស់លោកធឹង សុន ។លោកវ៉ាន់ណេត ថាលោកមិនទាន់បានចុះកុងត្រា ឬថតបទចម្រៀងឲ្យឆ្លងដែនថ្មីនោះទេ ប៉ុន្ដែក្នុងនាមជាតារាចម្រៀងម្នាក់បើផលិតកម្មនេះតំណើរការមានបទថ្មីៗឲ្យលោកច្រៀងលោកនឹងទៅថតច្រៀងសម្ដែងដូចផលិតកម្មផ្សេងៗដែលហៅលោកដែរ។

ថ្វីត្បិតតែលោកណូយ វ៉ាន់ណេត បានបញ្ជាក់ថាលោកមិនដែលទទួលស្គាល់ថាលោកម៉ានី ជាកូនរបស់លោកធឹង សុន ក្ដី ប៉ុន្ដែក្នុងបទសម្ភាសន៍ជាមួយ”នគរធំ”កាលពីពេលថ្មីៗម្ចាស់ឆ្លងដែនថ្មី បានអះអាងថាលោកវ៉ាន់ណេត បានទទួលស្គាល់ថារូបលោកជាកូនរបស់លោកធឹង សុន និងថាតារាជើងចាស់រូបនេះក៍បានថតបទចម្រៀងមួយចំនួនឲ្យផលិតកម្មលោកហើយដែរ។ចំណែកនៅលើTik Tok របស់ផលិតកម្មឆ្លងដែនថ្មី ក៍បានបង្ហោះរូបលោកណូយ វ៉ាន់ណេត នៅStudio ហើយលោកបាននិយាយថាបានមកដល់ផលិតកម្មជាកូនប្រុសបង្កើតរបស់លោកធឹង សុន ជាអតីតម្ចាស់ឆ្លងដែន ហើយលោកមានការសោកស្ដាយដែលលោកសុន បានទទួលមរណៈភាព ហើយពេលនេះកូនរបស់គាត់បានរៀបចំថតបទចម្រៀងឡើងវិញនិងត្រេកអរ និងសូមឲ្យទស្សនិកជនជួយគាំទ្របទចម្រៀងនៅឆ្លងដែនថ្មីនេះផង។

តែនៅពេលអ្នកយកព័តមានសួរជាច្រើនលើកទៅលោកវ៉ាន់ណេត ថាតើលោកគិតថាម៉ានី ជាកូនរបស់លោកធឹង សុន ពិតឬយ៉ាងណានោះ លោកថាក៍មិនបានដឹងរឿងរ៉ាវនេះច្បាស់ដែរ ហើយបើថាលោកសុន អាចមានភរិយាក្រោយទៀតទើបបន្សល់បានម៉ានី ក៍លោកមិនដឹងដូចគ្នា ហេតុនេះហើយលោកមិនទាន់ហ៊ានថាជាកូនពិតរបស់ម្ចាស់ឆ្លងដែនចាស់ឬយ៉ាងណាទេ។ប៉ុន្ដែលោកថាបើរឿងនេះមិនមែនជាការពិតមែន ហេតុអីលោកម៉ានី ហ៊ានអះអាងថាជាកូនលោកធឹង សុន បែបនេះ?

លោកម៉ានី ដែលជាម្ចាស់ផលិតកម្មឆ្លងដែនថ្មី បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាលោកពិតជាកូនរបស់លោកធឹង សុន ពិតប្រាកដមែន តែថាកូនភរិយាទីប៉ុន្មាននោះឪពុកលោកគឺមិនអាចនិយាយបាននៅពេលនេះទេ ព្រោះរឿងរ៉ាវមួយនេះនឹងត្រូវបានលាតត្រដាងការពិតនៅដើមខែ៩ ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងសន្និសីទកាសែតមួយ ហើយពេលនោះមានរូបលោកនិងលោកស្រីកញ្ញា មកពីអាមេរិកដែលលោកចាត់ទុកដូចបងស្រីនោះជាអ្នកចាំឆ្លើយរាល់សំណួររបស់អ្នកសារព័តមានទាំងឡាយ។

ចំណែកលោកស្រីកញ្ញា អាណិកជនខ្មែរមកពីរដ្ឋTexas សហរដ្ឋអាមេរិកដែលធ្លាប់ប្រាប់ថាជាអ្នកជិតដិតម្នាក់ជាមួយលោកធឹង សុន និងដឹងរឿងម្ចាស់ឆ្លងដែនរូបនេះផ្ដាំឲ្យលោកម៉ានី បើកផលិតកម្មបន្ដពីឪពុកឡើងវិញនោះលោកស្រីថាចង់អ្នកណាថាម៉េចថាចុះ នាពេលនេះតែលោកស្រីនឹងជម្រះមន្ទិលសង្ស័យរឿងនេះនៅក្នុងសន្និសីទកាសែតទ្រង់ទ្រាយធំនៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៣ ខាងមុខនេះហើយ។លោកស្រីនៅតែអះអាងថាម៉ានី ជាកូនរបស់ម្ចាស់ឆ្លងដែនចាស់លោកធឹង សុន យ៉ាងពិតប្រាកដមែន ហើយលោកស្រីនឹងបង្ហាញភស្ដុតាង រឿងនេះឲ្យបានដឹងសខ្មៅ នៅថ្ងៃជំនួបជាមួយអ្នកសារព័តមាន៕

