ភ្នំពេញ ៖ យុវជន២នាក់ ដែលទទួលរងរបួសរយះក្បាលយ៉ាងធ្ងន់ ត្រូវបានមិត្តភក្តិម្នាក់ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល លុះក្រុមគ្រូពេទ្យកំពុងលាង និងដេរមុខរបួស ក៏ស្រាប់តែលេចមុខក្មេងទំនើងមួយក្រុម ជិះម៉ូតូចូលទៅតាមកាប់ប្រហារ ទាំងមិត្តភក្តិទាំង អ្នកជំងឺដល់ក្នុងមន្ទីរពេទ្យ បណ្តាលឱ្យរងរបួស ធ្ងន់ ចំនួន៣នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅចំណុច មន្ទីរពេទ្យសម្តេចឪ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។
ជនរងគ្រោះទាំង៣នាក់ ដែលត្រូវក្រុម ក្មេងទំនើងចូលកាប់ដល់ក្នុងមន្ទីរពេទ្យ រួមមាន ទី១-ឈ្មោះជឹម ស្នា ទី២-ឈ្មោះថេង វណ្ណឡុង និងទី៣-មិនស្គាល់អត្តសញ្ញាណ គ្រាន់តែដឹង ថា ជាអ្នកដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ ខាងលើមកមន្ទីរពេទ្យ។
តាមសម្តីលោកវេជ្ជបណ្ឌិត គង់ សឹមចាន់ ជាគ្រូពេទ្យប្រចាំការ នៅក្នុងមន្ទីរពេទ្យសម្តេចឪ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ មិនដឹងថា ជនរងគ្រោះទាំង២នាក់ ទទួលរង- របួសដោយសារអ្វី និងពីកន្លែងណាមកនោះទេ គ្រាន់តែឃើញមិត្តភក្តិម្នាក់ បាននាំចូលមកមន្ទីរ- ពេទ្យ ដោយមានស្នាមរបួសរយះក្បាលយ៉ាង ធ្ងន់ធ្ងរ។ លុះពេលដែលគាត់កំពុងដេរមុខរបួស ឱ្យជនរងគ្រោះទាំង២នាក់ ស្រាប់តែលេចមុខ ក្មេងទំនើងមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២ គ្រឿង m:akZoomer-X ពណ៌ខៀវមួយគ្រឿង និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខដូចគ្នា ប្រដាប់ដោយ បំពង់ទីប និងដាវសាមូរ៉ៃគ្រប់ដៃ បានចូលមក កាប់ប្រហារ ទៅលើជនរងគ្រោះទាំង២នាក់ ដែលកំពុងដេកព្យាបាលរបួស ព្រមទាំងកាប់ យុវជនជាមិត្តភក្តិដែលបញ្ជូនអ្នករបួសមកមន្ទីរ- ពេទ្យ បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់។
លោកវេជ្ជបណ្ឌិត គង់ សឹមចាន់ បន្តថា មិនត្រឹមតែកាប់ប្រហារជនរងគ្រោះប៉ុណ្ណោះទេ ក្រុមក្មេងទំនើងទាំងនោះ នៅបានកាប់បំផ្លាញ សម្ភារៈបរិក្ខានៅក្នុងមន្ទីរពេទ្យ បណ្តាលឱ្យរង- ការខូចខាតអស់មួយចំនួនទៀតផង។ ឃើញ ហេតុការណ៍បែបនេះ ក្រុមសន្តិសុខមន្ទីរពេទ្យ បាននាំគ្នាបិទទ្វាររបងមិនឱ្យជនបង្កហេតុជិះម៉ូតូ ចាកចេញ ប៉ុន្តែត្រូវក្រុមក្មេងទំនើងគំរាមកាប់ ប្រហារទាំងសន្តិសុខទៀត ទើបធ្វើឱ្យសន្តិសុខ ភ័យខ្លាច ក៏បើកទ្វារឱ្យក្រុមជនបង្កហេតុជិះ- ម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ ព្រោះសភាព របួសធ្ងន់ធ្ងរពេក៕ឥន សាន់ស៊ីដេត