ភ្នំពេញ៖នៅដើមឆ្នាំ២០២៣ នេះយូរី កាន់តែប្លែកទៅៗនោះគឺការលេងខ្លួនតាមរយៈការប្ដូរម៉ូដសក់ និងស្លៀកពាក់ប្លែកៗខ្លាំង ធ្វើឲ្យនាងនៅតែស្ថិតក្នុងចំណោមតារាដែលគេចាត់ទុកថាជាស្រីស្រស់សាច់សខ្ចីល្វក់ និងមានមន្ដស្នេហ៍មិនធម្មតាម្នាក់។សំណួរដែលគ្រប់គ្នាចង់ដឹងនោះថាបើយូរី ស្រស់ស្អាតនិងល្បីឈ្មោះប៉ុណ្ណឹងដែរ ហេតុអីថៅកែពោះម៉ាយលោកជា នី មិនចេះរក្សារស្នេហ៍?ការលើកឡើងបែបនេះដោយសារតែយូរី ហាក់ខកចិត្តខ្លាំងក្រោយបែកពីលោកនី ជិត២ឆ្នាំមកនេះ ហើយនាងតែងតែបង្ហាញអារម្មណ៍ស្រងូតស្រងាត់ខ្លាំងណាស់ ដែលមើលទៅហាក់ដូចជាស្ដាយក្រោយ ព្រោះតែជួបរឿងស្នេហាបរាជ័យម្ដងជាពីរដង ទើបខ្លះចាត់ទុកនាងថាជាតារាអភ័ព្វស្នេហ៍ទៀតផង។ប៉ុន្ដែលោកថៅកែនី វិញហាក់គ្មានបំណងផ្សះផ្សារស្នេហ៍ចាស់នោះទេ ហើយលោកព្យាយាមគេចមុខពីយូរី ពិសេសគឺកម្មវិធីធំៗនៅហាងលោកដែលតែងហៅតារាល្បីៗទៅច្រៀងនោះបែជាលោកមើលរំលងយូរី ទៅវិញ។

ប្រភពបានឲ្យដឹងថាយូរី មានជម្រើសស្នេហ៍ច្រើន តែមូលហេតុដែលនាងមិនចង់បង្ហាញស្នេហ៍ថ្មីនាពេលនេះគឺដោយសារតែមិនចង់ជាប់ឈ្មោះជាតារាស្រីផ្លាស់ប្ដូរដៃគូច្រើន ពោលគឺបែកពី១រកបាន១ភ្លាម ។តែការមិនប្រញ៉ាប់បញ្ចេញមុខគូស្នេហ៍ដូចពាក្យគេថាធ្វើស្រែទាន់ក្ដៅដី យកសង្សារថ្មីទាន់ក្ដៅចិត្តនោះធ្វើឲ្យយូរី បាត់ភាពផ្អែមល្ហែមនិងកក់ក្ដៅស្នេហ៍ទាំងស្រុង ខណៈដែលមុនបែកបាក់អ្នកកាន់ចង្កូតរថយន្ដឲ្យនាងគឺលោកនី តែពេលនេះនាងបើកឡានខ្លួនឯង ព្រោះអត់ទាន់រកតៃកុងថ្មីបានឡើយ ហេតុនេះចេញច្រៀងតាមខេត្តក្រុងច្រើនប្រាកដជានឿយហត់ណាស់។

អ្នកជំនាញសិល្បៈបានលើកឡើងថាយូរី មួយរយៈចុងក្រោយនេះនាងមានរាសីមិនសូវល្អទេ ព្រោះក្រោយល្បីបទ”រាំតោង”មកមិនទាន់មានបទណាលេចធ្លោរខ្លាំងទៀតឡើយ ខណៈដែលនាងតន់ ច័ន្ទសីម៉ា របស់Galaxy កំពុងតែបោះពួយទៅមុខ ព្រោះមានឧកញ៉ាដល់ទៅ៤នាក់អន្ដរាគមន៍។សម្រាប់យូរី វិញដៃគូចម្រៀងរបស់នាងនៅហង្សមាសមិនទាន់មាន តែការលេងស្ទីលរាំនិងតុបតែងខ្លួនរបស់នាងនៅតែធ្វើឲ្យអតីតតារាRock និងសាន់ដេរូបនេះមានទីផ្សារ ដោយចេញមុខតាមបណ្ដារឆាកតន្រ្ដីធំៗរបស់ហង្សមាសជាញឹកញាប់ជាមួយតម្លៃខ្លួនច្រៀង១កម្មវិធីស៊ីថ្លៃក្បែ២ពាន់ដុល្លារ។

គូរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២៣ នេះយូរី បានប្រេះឆាស្នេហាដល់ទៅ៣លើកមកហើយក្នុងនោះគឺនាងត្រូវអតីតសង្សារលោករ៉េត រៀបការចោលកាលពីឆ្នាំ២០១៨ ហើយនាងបានផ្ដាច់ទំនាក់ទំនងស្ទើតែទាំងស្រុងជាមួយលោកប៊ីម៉ូ ដែលគេល្បីថាជាគូស្នេហ៍នាងក្រោយស្រីស្រស់ប៉ៈស្នេហ៍លោកនី ។តែពេលនេះយូរី ហាក់ដូចជាមានយីអ៊ុនស្នេហ៍មិនសូវល្អនោះទេ ព្រោះត្រីរ៉ស់ក៍រួច ទន្សាយក៍រួច តែគេជឿរថាស្រីស្អាតដូចនាងច្បាស់ជាមិនទុកបេះដូងឲ្យនៅទំនេរយូឡើយ ហើយការបញ្ចេញមុខគូស្នេហ៍ថ្មីនាពេលនេះគេជឿរថានឹងធ្វើឲ្យអតីតសង្សារនាងខ្លះស្ដាយក្រោយជាមិនខាន ព្រោះថាឲ្យតែយូរី ព្រមបើកបេះដូងនោះគឺអ្នកថ្មីនឹងចូលមកភ្លែតតែម្ដង។

ក្រៅពីយូរី តារាដែលលាក់មុខគូស្នេហ៍នៅឆ្នាំ២០២៣ នេះមានដូចជាស្រីស្អាតសុខ ពិសី ,រ៉េត ស៊ូហ្សាណា,អ៊ីវ៉ា និងតន់ ច័ន្ទសីម៉ា ជាដើម។ប្រភពបានឲ្យដឹងថា មិនមែនមានតែបុរសក្នុងស្រុកនោះទេតែក៍មានអាណិកជននៅបរទេសចង់ចូលខ្លួនទៅស្អំរបួសបេះដូងនិងធានាឲ្យយូរី ទៅរស់នៅស្រុកគេដែរ ហេតុនេះគេចាំមើលថាតើនារីសាច់សខ្ចីនេះនឹងជ្រើសស្នេហ៍ថ្មីជាប្រុសក្នុងស្រុកទៀត ឬចង់សាក”ជួយឆ្ងាយ ប្រសើរជាងជួញជិត”វិញម្ដង?