បន្ទាយមានជ័យ ៖ ភ្លៀងធ្លាក់មួយមេ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ផងនោះ បានបោកបក់វាយ ប្រហារមកលើស្រុក-ក្រុង ទាំង៧ ក្នុងខេត្តបន្ទាយមានជ័យ និងបង្កឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋសរុប ចំនួន១៤៥ខ្នង ក្នុងនោះមានសាលាឆាន់ ១ខ្នងផង បានរងការ ខូចខាត ដោយខ្លះបាក់ដួលរលំ ខ្លះប៉ើងរបើក ដំបូល។

បាតុភូតគ្រោះធម្មជាតិខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រស្រុកក្រុងទាំង៧ ក្នុងខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា ហេតុការណ៍គ្រោះធម្មជាតិនេះ បង្កឱ្យខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន៤ឃុំ (១)ស្រុកម៉ាឡៃ ខូចខាតផ្ទះសរុបចំនួន២៨ខ្នង (រលំ១ខ្នង) ក្នុងនោះ ១-ឃុំបឹងបេង ចំនួន៨ខ្នង។ ២-ឃុំម៉ាឡៃ ចំនួន៨ខ្នង (រលំ១ខ្នង)។ ៣-ឃុំទួលពង្រ ចំនួន១១ខ្នង។ ៤-ឃុំអូរសំព័រ ចំនួន១ខ្នង។ (២)នៅស្រុកស្វាយចេក មានឃុំចំនួន៤ ដែលរងផលប៉ះពាល់ ដោយខូចខាតផ្ទះសរុបចំនួន២៥ខ្នង (សាលាឆាន់១ខ្នង) ក្នុងនោះ ១-ឃុំរលួស ចំនួន២ខ្នង។ ២-ឃុំស្វាយចេក ចំនួន២ខ្នង។ ៣-ឃុំស្លក្រាម ចំនួន១៩ខ្នង (សាលាឆាន់១ខ្នង) និង៤-ឃុំផ្គាំ ចំនួន២ខ្នង។ (៣)ក្រុងសិរីសោភ័ណ មានសង្កាត់ចំនួន១ បានរងផលប៉ះពាល់ គឺសង្កាត់ម្កាក់ ខូចខាតផ្ទះសរុបចំនួន២៤ខ្នង។ (៤)ស្រុកអូរជ្រៅ ខូចខាតលើ៣ឃុំ ខូចខាតផ្ទះសរុបចំនួន៣០ខ្នង ក្នុងនោះ ទី១-ឃុំអូរបីជាន់ ចំនួន៣ខ្នង។ ទី២-ឃុំចង្ហា ចំនួន១៩ខ្នង និង៣-ឃុំគត្តសត ចំនួន៨ខ្នង។ (៥)ស្រុកភ្នំស្រុក លើ២ឃុំ ខូចខាតផ្ទះសរុបចំនួន១៦ខ្នង (រលំ១ខ្នង) ក្នុងនោះ ១-ឃុំណាំតៅ ចំនួន១០ខ្នង (រលំ១ខ្នង) និង២-ឃុំពន្លៃ ចំនួន៦ខ្នង។ (៦)ក្រុងប៉ោយប៉ែត ក្នុងសង្កាត់និមិត្ត ខូចខាតផ្ទះសរុបចំនួន១៩ខ្នង និង (៧)ស្រុកថ្មពួក លើ២ឃុំ ខូចខាតផ្ទះសរុបចំនួន៣ខ្នង ក្នុងនោះ ទី១-ឃុំគោកកឋិន ចំនួន១ខ្នង និង២-ឃុំបន្ទាយឆ្មារ ចំនួន២ខ្នង។

របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ពុំបណ្តាលឱ្យមានមនុស្ស ឬសត្វ ពាហនៈ រងគ្រោះថ្នាក់នោះឡើយ៕



