ភ្នំពេញ៖ពេជ្រ សោភា បានផ្ញើរខ្លួនជាមួយហង្សមាស១៨ឆ្នាំ(២០០៥-២០២៣)មកហើយ និងធ្លាប់ធ្វើការជាមួយព្រាប សុវត្ថិ ១៥ឆ្នាំ(២០០៥-២០២០) ប៉ុន្ដែរយៈពេលជិត៣ឆ្នាំចុងក្រោយនេះ អ្នកពីរបានបែកទ្រនុំគ្នា ព្រោះលោកឧកញ៉ាសុវត្ថិ បានទៅជ្រកនៅGalaxy តាំងពីខែសីហា ឆ្នាំ២០២០ ។យ៉ាងណាគេចាំបានថាកាលពីចុងឆ្នាំ២០២០ នោះក៍មានព័តមានថាសោភា ត្រូវបានGalaxy ចាប់អារម្មណ៍ចង់ទិញនាងទៅចាប់ដៃជាមួយលោកសុវត្ថិ សារជាថ្មីដែរ តែការសម្រេចចិត្តចុងក្រោយសោភា បន្ដច្រៀងនៅហង្សមាសតទៅទៀត។តែនាងធ្លាប់សរសើរលោកសុវត្ថិ ថាច្រៀង១បទដឹង១បទ ហើយរូបនាងបានល្បីឈ្មោះរហូតមកដល់ពេលនេះក៍ដោយសារតែបានតោងកាលីពលោកសុវត្ថិ ច្រើណាស់នោះគឺសំដៅដល់ការច្រៀងដៃគូជាមួយគ្នា ហើយលោកឧកញ៉ាស្នាយ ល្បីជាងយោងនាងឡើងល្បីដែរ។ទោះជាមានការពេញចិត្តនិងតែងតែសរសើរពីគុណសម្បត្តិរបស់លោកសុវត្ថិ ពេញៗមាត់ក្ដី ក៍រហូតមកដល់ពេលនេះតារាវ័យ៤០ឆ្នាំ នៅតែមិនប្ដូរផលិតកម្មឬទៅជ្រកជាមួយទ្រនុំលោកសុវត្ថិ ដដែល។

តើហេតុអ្វីបានជាពេជ្រ សោភា មិនចង់ទៅចាប់ដៃជាមួយលោកព្រាប សុវត្ថិ ជាលើកទី២?
បើតាមអ្នកជំនាញធ្វើភ្លេងម្នាក់នៅហង្សមាសបានបង្ហើបប្រាប់អ្នកយកព័តមានយើងថាពេជ្រ សោភា អាចដឹងច្បាស់ថាGalaxy លើកតារាណាខ្លះដែលជាគោលដៅរបស់គេ ហេតុនេះបើនាងទៅក៍មិនប្រាកដថាត្រូវបានផលិតកម្មមួយនេះចាត់ទុកជាតារាសំខាន់ដូចនាងតន់ ច័ន្ទសីម៉ា ដែរ ទើបបនាងន្ដច្រៀងនៅផលិតកម្មចាស់ដដែល។Composer ដែលសុំមិនឲ្យដាក់ឈ្មោះរូបនោះថាអ្នកណាក៍មើលឃើញដែរថាតារាសំខាន់របស់Galaxy នាពេលនេះមានតែ៤នាក់គឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,ខេម និងតន់ ច័ន្ទសីម៉ា ហើយក្រៅពីនេះមិនសូវលេចធ្លោទេ ប៉ុន្ដែលោកក៍ដូចជាអ្នកផ្សេងទៀតដែរឆ្ងល់ថាម៉េចបានតារាប្រុសដល់ទៅ៣នាក់ ច្រៀងតែជាមួយសីម៉ា ម្នាក់ និងហេតុអ្វីនាងហ៊ិន លីដា មានសម្ថភាពមិនចាញ់សីម៉ា បែជាគ្មានឱកាសច្រៀងជាមួយតារា៣នាក់ខាងលើទៅវិញ?

ក្រោយពេជ្រ សោភា តាំងចិត្តមិនទៅតាមព្រាប សុវត្ថិ នៅទ្រនុំថ្មីនោះពេលនេះនាងនៅតែគ្មានដៃគូចម្រៀងរូបណាដែលសាកសមនិងយល់ចិត្តជាមួយនាងនោះទេ ហើយបានងាកទៅចាប់ដៃជាមួយដៃគូចាស់លោកឆន សុវណ្ណារាជ ឡើងវិញ តែមិនមែនជាដៃគូពិតប្រាកដឡើយ ពោលគឺម្ដងម្កាលប៉ុណ្ណោះ។ការទាត់ចោលផលិតកម្មថ្មីរបស់សោភា នោះដែរធ្វើឲ្យថ្នាក់ដឹកនាំហង្សមាសផ្ដល់ទំនុកចិត្តដល់នាងច្រើនជាងមុនដូចជាការរក្សារតំណែងឲ្យសោភា ក្នុងតួនាទីជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ និងបានបន្ថែមតំណែងថ្មីជាគណៈកម្មាការBeat The Beat រដូវកាលទី១ផងដែរ។ប្រភពបានឲ្យដឹងថាសោភា ក៍មានជំនឿរចិត្តថានាងអាចនឹងនាំកូនក្រុមលើកពានThe Voice Cambodia រដូវកាលទី៣ នៅឆ្នាំនេះ ព្រោះក្នុងចំណោមគ្រូបង្វឹកទាំង៤រូបនោះគឺមានតែនាងនិងលោកណុប បាយ៉ារិទ្ធ ប៉ុណ្ណោះ ដែលអត់ទាន់ស្គាល់ជាតិនាំកូនក្រុមរបស់ខ្លួនកាន់ពាន។ប៉ុន្ដែមហាជនមើលឃើញថាប្អូនថ្លៃលោកថៅកែហង្សមាសគឺនាងឱក សុគន្ធកញ្ញា នៅតែមានប្រៀបជាងCoach ផ្សេងៗទៀតដដែលទាំងឥទ្ធិពលនិងជ្រើសបានកូនក្រុមមានសម្ថភាពល្អៗទៅប្រកួត។

ទោះជាពេជ្រ សោភា នៅរក្សារតំណែងល្អនៅហង្សមាសទាំងចម្រៀងនិងកៅអីសំខាន់ជាគ្រូបង្វឹកនិងគណៈកម្មាការក្ដី តែចំណងស្នេហានាងជាមួយគូដណ្ដឹងប្រុសក្មេងឆឹម សក្កដា ហាក់គ្មានសុវត្ថិភាព១០០% នោះទេ ព្រោះថាមង្គលការដែលសោភា ប្រកាសចង់ធ្វើឡើងនៅឆ្នាំ២០២៣ នេះ ត្រូវបានលោកសក្កដា បែជាថាមិនអាចមានពិធីនេះទៅវិញហើយមិនកំណត់ថានឹងរៀបគម្រោងសារជាថ្មីនៅពេលណាឡើយ។រឿងដែលកាន់តែគូឲ្យសង្ស័យនោះសោភា មិនអនុញ្ញាត្តិឲ្យលោកសក្កដា គេងសម្រាកនៅផ្ទះនាងដូចតារាផ្សេងៗទៀតដែលក្លាយទៅជាគូដណ្ដឹងគ្នាហើយ ដែលពួកគេអាចចេញចូលផ្ទះគ្នាបានពេលណាតាមចិត្ត ព្រោះចាត់ទុកដូចជាក្រុមគ្រួសារតែ១នោះទេ ព្រោះនាងបញ្ជាក់ច្បាស់ៗនាងគេងនៅផ្ទះនាង ចំណែកអនាគតប្ដីនៅផ្ទះគេ។នាងបានប្រាប់មូលហេតុដែលធ្វើបែបនេះដាក់គូដណ្ដឹងថា មិនអាចឆ្វេចឆ្វាចបានឡើយ ព្រោះម៉ាក់ដឹង ម៉ាក់វ៉ៃ ។ការថ្លែងរក្សារគោលការណ៍បែបនេះរបស់សោភា ច្បាស់ណាស់ថាក្រៅពីលោកសក្កដា មិនងាយមានបុរសណាអាចទ្រាំបាន ហេតុនេះហើយទើបFan លើកឡើងថាអ្នកចម្រៀងហង្សមាសរូបនេះកំពុងតែពិសោធន៍ចិត្តអនាគតប្ដី ហើយបើនៅតែតឹងតែងបែបនេះទៀត ច្បាស់ជាគ្មានក្លិនសោភា អាចផ្ដល់កំណើតកូនដំបូងឲ្យលោកសក្កដា ឆាប់ៗបានឡើយ៕
