ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានអះអាង ថា មានមនុស្សមួយក្រុម បានយកវត្ថុបុរាណ មានសណ្ឋានជាព្រះនរាយណ៍ដៃ៨ មកផ្ញើទុក នៅនឹងគាត់ រួចប្រាប់ថា វត្ថុបុរាណនេះ មាន តម្លៃរាប់ម៉ឺនដុល្លារ និងឱ្យគាត់ជួយរកម៉ូយ លក់។ បន្ទាប់មក ក៏ទូរស័ព្ទមកគំរាមទារប្រាក់ ពីគាត់ចំនួន១ពាន់ដុល្លារ ដោយនិយាយថា ប្រសិន បើមិនបានប្រាក់ទេ គេនឹងនាំសមត្ថកិច្ចព្រហ្មទណ្ឌចុះចាប់ពីបទលាក់ទុកវត្ថុបុរាណខុសច្បាប់។
ករណីគំរាមទារប្រាក់នោះ បានកើតមាន ឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ ថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង។
ជនរងគ្រោះដែលទទួលរងការគំរាមទារ ប្រាក់នោះ មានឈ្មោះគឹម ហុង អាយុ៥១ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧ មានមនុស្សមួយ ក្រុម បានធ្វើដំណើរមកផ្ទះរបស់គាត់ រួចបាន យកវត្ថុបុរាណ មានសណ្ឋានជាព្រះនរាយណ៍ ដៃ៨មកផ្ញើទុកនៅគាត់ ដោយប្រាប់ថា វត្ថុបុរាណនោះ មានអាយុកាលរាប់រយឆ្នាំមកហើយ ពេលនេះពួកគេចង់ឱ្យគាត់ជួយលក់ក្នុងតម្លៃ ២៤០០០ដុល្លារ លុះនិយាយរួច ក្រុមជនសង្ស័យ បាននាំគ្នាចាកចេញទៅវិញអស់ ដោយទុកវត្ថុ- បុរាណនោះនៅនឹងគាត់។
បុរសរងគ្រោះបន្តថា លុះរយៈពេលប្រមាណ ១ម៉ោងក្រោយមក ជនសង្ស័យម្នាក់ បានទូរស័ព្ទ មកនិយាយជាមួយគាត់ថា ឱ្យរកលុយកក់ឱ្យ ពួកគេចំនួន៧០០០ដុល្លារសិន ចំណែកប្រាក់ នៅសល់១៧០០០ដុល្លារទៀត ចាំគិតពេល ក្រោយលក់ចេញបាន ហើយជនសង្ស័យបាន បង្ខំឱ្យគាត់ផ្ញើប្រាក់ចំនួន៧០០០ដុល្លារនោះ ឱ្យ គេតាមវីង តែគាត់ប្រាប់ថា គាត់គ្មានលុយ ច្រើនដល់ម្លឹងទេ។ ស្រាប់តែមួយសន្ទុះក្រោយ មក ជនសង្ស័យដដែលបានទូរស័ព្ទមករកគាត់ ម្តងទៀត រួចបានគំរាមថា ត្រូវរកប្រាក់ឱ្យគេ ចំនួន១ពាន់ដុល្លារ បើរកមិនបាន គេនឹងនាំ សមត្ថកិច្ចព្រហ្មទណ្ឌចុះចាប់ដល់ផ្ទះ ដោយ ចោទប្រកាន់ពីបទលាក់ទុកវត្ថុបុរាណដោយ ខុសច្បាប់។
បុរសរងគ្រោះ បានបញ្ជាក់ថា ដោយសារ តែខ្លាចក្រុមជនសង្ស័យទាំងនោះ ធ្វើបាបតាម ការគំរាមមែន ហេតុនេះគាត់ក៏ប្រញាប់រត់ទៅ រាយការណ៍ជូនតាំងពីមេភូមិ មេឃុំ រួចសុំអន្តរាគមន៍ពីសមត្ថកិច្ចថែមទៀត និងបាននាំយក វត្ថុបុរាណខាងលើនេះ ទៅប្រគល់ឱ្យសមត្ថកិច្ច រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពង។
សមត្ថកិច្ចបានឱ្យដឹងថា វត្ថុបុរាណមួយ នេះ មានសណ្ឋានជាព្រះនរាយណ៍ដៃ៨ មាន កម្ពស់២០,៤សង់ទីម៉ែត្រ និងទទឹង១០,៣សង់ទីម៉ែត្រ ធ្វើពីលោហធាតុផ្សំ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និង សង្ស័យថា រវាងម្ចាស់ផ្ទះ និងក្រុមជនសង្ស័យ អាចស្គាល់គ្នាពីមុនមក ទើបមានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនងគ្នា។
យ៉ាងណា សមត្ថកិច្ចបានអំពាវនាវដល់ ប្រជាពលរដ្ឋដែលបានជួបប្រទះនូវករណីប្រហាក់- ប្រហែលនេះ ត្រូវប្រញាប់រាយការណ៍មកសមត្ថកិច្ចឱ្យលឿនបំផុត តាមដែលអាចធ្វើទៅបាន ចៀសវាងចាញ់កលល្បិចបោកប្រាស់របស់ក្រុមជនខិលខូច៕