Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរន្ទះបាញ់ម៉ែស្លាប់ កូនអត់លុយទិញមឈូស

រន្ទះបាញ់ម៉ែស្លាប់ កូនអត់លុយទិញមឈូស

ភ្នំពេញ ៖ ជារឿងដ៏គួរឱ្យសោកសង្រេងជាទីបំផុត សម្រាប់ក្រុមគ្រួសារទុរគតមួយនេះ ខណៈដែលមានសមាជិក ៣នាក់ (ម្តាយនិងកូនស្រីតូច២នាក់) តែដើរស៊ីឈ្នួលគេ ចិញ្ចឹមជីវិត ស្រាប់តែអកុសល ស្ត្រីជាម្តាយ ត្រូវរន្ទះបាញ់ ស្លាប់ ជាហេតុធ្វើឱ្យកូនស្រីតូចៗទាំង២នាក់ បានត្រឹមអង្គុយទួញយំឱបសពម្តាយ គ្មានលទ្ធភាពធ្វើបុណ្យសព ជូនម្តាយ សូម្បីតែប្រាក់ទិញក្តារ មឈូសដាក់សពម្តាយ ក៏គ្មានផង។

រឿងរ៉ាវដ៏គួរឱ្យសង្វេគខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិរបោះ អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ស្ត្រីជាម្តាយខាងលើ ត្រូវបានរន្ទះបាញ់បណ្តាលឱ្យស្លាប់ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយបន្សល់ទុកកូនស្រីតូច ២នាក់ ឱ្យរស់នៅកំព្រា តែលតោលគ្មានទីពឹង។ ហើយដោយ ហេតុថាក្រុមគ្រួសារមួយនេះ មានជីវភាពទីទ័លក្រខ្លាំង រាល់ថ្ងៃពឹងលើកម្លាំងម្តាយ ដើរស៊ីឈ្នួលជួល ព័ទ្ធកម្លាំង គេ គ្រាន់បានប្រាក់ទិញអង្ករហូប លុះពេលនេះ ស្ត្រីជាម្តាយត្រូវបានបាត់បង់ជីវិត ធ្វើឱ្យបាត់បង់បង្គោលគ្រួសារ ហេតុនេះសូម្បីតែប្រាក់ធ្វើបុណ្យសពជូនម្តាយ និងប្រាក់ទិញក្តារមឈូស ដាក់សពម្តាយ ក៏គ្មានផង។

តាមប្រភពអ្នកជិតខាងម្នាក់ ឈ្មោះ ហ៊ុយ ស្រីហួច បានឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ថាបីនាក់ម្តាយ កូនខាងលើ ធ្លាប់តែដើរត្រសងទៅស៊ីឈ្នួលគេជាមួយម្តាយ ពេលនេះ ម្តាយស្លាប់ ដោយសាររន្ទះបាញ់ កាលពី យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បន្សល់ទុកកូនស្រី២នាក់ កំព្រាតែលតោល ពេលនេះសពគ្មានក្តារមឈូស ដាក់ទេ លុយធ្វើបុណ្យក៏គ្មាន មានតែតាអាចារ្យម្នាក់ មកអង្គុយយាមសព ជាមួយកូនៗរបស់សព គ្នានៅក្មេងៗ រកតែលុយមួយរៀលជាប់ខ្លួនក៏គ្មានដែរ។

ស្ត្រីជាអ្នកជិតខាងដដែល បានបញ្ជាក់ថា គាត់នឹងជួយជាវក្តារមឈូស ដាក់សពស្ត្រីទុរគតនេះ ដូច្នេះបើបងប្អូន ជិតឆ្ងាយ មានសទ្ធា សូមចូលរួមជួយដល់ក្មេងកំព្រាដ៏កម្សត់នេះផង។ សពនៅភូមិរបោះអង្គាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ៕

RELATED ARTICLES