ខេត្តសៀមរាប ៖ រថយន្តស៊េរីទំនើប ១គ្រឿង ពាក់ស្លាកលេខនគរបាល និងថែមទាំងបិទឡូហ្គោ នគរបាលផង នោះ បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចជ្រុលបុកម៉ូតូ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាល ឱ្យបុរសជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោច អាធ័ម លុះសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ ទើបដឹងថា រថយន្តបង្កហេតុ ជារថយន្តពាក់ស្លាកលេខនគរបាលក្លែងក្លាយ ចំណែកអ្នកបើកបរ ក៏មិនមែនជាមន្ត្រីនគរបាល ដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរខារ៉ាអូខេ នាងពួន ស្ថិតនៅលើផ្លូវជាតិលេខ៦ ក្នុងភូមិធ្លក អណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះលឹម ពុទ្ធាវី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកជនបង្កហេតុ ជាអ្នកបើកបររថយន្តពាក់ស្លាក លេខនគរ បាលក្លែងក្លាយ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Mazda ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ២-១២៦០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើក បរក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AH-3243 អ្នកបើកបរឈ្មោះលឹម ពុទ្ធាវី ដែល កំពុងធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត បត់ឆ្វេងទៅទិសខាងជើង បណ្តាលឱ្យជនរងគ្រោះឈ្មោះលឹម ពុទ្ធាវី ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។

លោកវរសេនីយ៍ឯក សោម វីរៈ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាល ខេត្តសៀមរាប បានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ អ្នកបើកបររថយន្ត បានបើកបរ ក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តខាងលើនោះហើយ។

យោងតាមប្រភពពីមន្ត្រីនគរបាលជាន់ខ្ពស់ ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា រថយន្តពាក់ស្លាកលេខនគរបាល ដែលបានបុកមនុស្សស្លាប់នោះ ស្លាកលេខរថយន្ត មិនមាននៅក្នុងឯកសារនោះទេ មានន័យថា ជាស្លាកលេខ ក្លែងក្លាយ ហើយជាមួយគ្នានេះ អ្នកបើកបររថយន្តនោះ ក៏មិនមែនជានគរបាលដែរ ប៉ុន្តែរស់នៅខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះ ស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី៕