Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនកើតរួចស្លាប់ ប្រពន្ធស្លាប់តាម ប្តីទួញយំសុំយុត្តិធម៌

កូនកើតរួចស្លាប់ ប្រពន្ធស្លាប់តាម ប្តីទួញយំសុំយុត្តិធម៌

ភ្នំពេញ ៖ ថ្មីៗនេះ មានបុរសម្នាក់ បានបញ្ចេញសារទួញយំសុំយុត្តិធម៌ បន្ទាប់ពីប្រពន្ធរបស់ខ្លួន សម្រាលកូនរួច កូនស្លាប់ ឯប្រពន្ធក៏ស្លាប់តាមកូនដែរ ។ស្រ្តីជាប្រពន្ធដែលសម្រាលកូនរួចស្លាប់ទាំងម្តាយនិងកូននោះ មាន ឈ្មោះអ៊ឹង សុខា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិឈើទាល ឃមកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

បុរសជាប្តីរបស់ស្ត្រីរងគ្រោះខាងលើ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា «ខ្ញុំបាន សុំអនុញ្ញាតចំពោះពុកម៉ែ បងប្អូន សេចក្តីអនុគ្រោះ ដោយគ្រួសារខ្ញុំរងនូវភាពអយុត្តិធម៌ ដោយការសម្រាលកូន នៅថ្ងៃទី11_04_2023 កូនកើតមកបាត់បង់ជីវិតភ្លាមៗ នៅមន្ទីរព្យាបាលនិងសម្ភព ឯក សុវណ្ណមុនី (ឈូកមាស) ។ គ្រួសារខ្ញុំមានសុខភាពល្អធម្មតា មុនសម្រាល លុះថ្ងៃទី១១ មេសា ២០២៣ វេលាម៉ោង ៩ៈ៤៥នាទីយប់ គ្រួសារ ខ្ញុំសម្រាលកូន ដោយឡែកខ្ញុំជាប្តី ត្រូវបានក្រុមគ្រូពេទ្យហាមឃាត់ មិនឲ្យនៅក្នុងបន្ទប់ប្រពន្ធសម្រាលកូនទេ ក្រុមគ្រូពេទ្យ ឲ្យមកអង្គុយចាំខាងក្រៅបន្ទប់សម្រាល លុះដល់ពេលប្រពន្ធខ្ញុំពិបាកក្នុងការសម្រាលទើបក្រុម គ្រូពេទ្យទាំងនោះ ហៅខ្ញុំចូលក្នុងបន្ទប់សម្រាលកូន ដើម្បីផ្តល់កម្លាំងចិត្តដល់ប្រពន្ធ តែគ្រប់យ៉ាង ខ្ញុំស្ទើរគាំង បេះដូងទៅហើយ ដោយឃើញកូនមានបញ្ហារួចទៅហើយ គឺកូនបានបាត់ដង្ហើមទៅហើយ។

ដោយងាកមកមើលខាងប្រពន្ធឯណេះវិញ បន្ទាប់ពីសម្រាលកូនហើយ គ្រូពេទ្យឆ្មប ក៏បានសម្អាតគាត់ តែការ សម្អាតនោះ ក៏មិនដឹងថាសម្អាតរបៀបម៉េចដែរ ព្រោះបច្ចេកទេសពេទ្យ។ បន្ទាប់ពីសម្អាតនិងការដេររួចមក ខ្ញុំក៏បាននាំប្រពន្ធ មកកាន់បន្ទប់សម្រាកវិញ នៅយប់នោះ ប្រពន្ធមានការឈឺខុសប្រកតី នៅពេលគាត់ឈឺម្តងៗ គាត់ប្រាប់ខ្ញុំជាប្តីថា បងទៅហៅពេទ្យមក ប្រពន្ធមិនស្រួលទេ។ នៅពេលខ្ញុំប្រាប់គ្រូពេទ្យៗក៏មក ពេលនោះ ប្រពន្ធខ្ញុំបានប្រាប់ពីអាការនៃការឈឺរបស់គាត់អស់ហើយៗគ្រូពេទ្យនោះក៏មិនយកចិត្តទុកដាក់ឬពិនិត្យតាមដានសុខភាពប្រពន្ធខ្ញុំឡើយ គ្រូពេទ្យបានត្រឹមតែដាក់សេរ៉ូមបំបាត់ការឈឺចាប់ ហើយក៏ចេញទៅវិញបាត់ទៅ» ។

បុរសដដែល បន្តថា «ក្នុង១យប់នោះ ប្រពន្ធខ្ញុំមានអាការបែបនេះ ៤ដង ដោយការនិយាយក៏ពិបាក ថប់ៗ ជា ពិសេសការឈឺច្រាលរង្វង់ចុងដង្ហើមរបស់គាត់។ ដោយឡែកក្រុមគ្រូពេទ្យ មិនមានអ្វីប្លែកសម្រាប់គ្រួសារខ្ញុំ ក្រៅពីដាក់សេរ៉ូមបំបាត់ការឈឺចាប់តែប៉ុណ្ណោះ។ លុះព្រឹកថ្ងៃទី១២ មេសា ២០២៣ ទើបក្រុមគ្រូពេទ្យ ចូលទៅ មើលប្រពន្ធខ្ញុំ ពេលឃើញប្រពន្ធខ្ញុំមានអាការមិនស្រួលខ្លាំង ទើបហៅឡានដឹកនាំប្រពន្ធខ្ញុំ មកកាន់ មន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ តែការធ្វើដំណើរតាមឡានពេទ្យ ប្រពន្ធសួរខ្ញុំថា ជិតដល់នៅប្តី ប្រពន្ធពិបាក ក្នុងខ្លួនណាស់? ខ្ញុំក៏ឆ្លើយថា អូនទ្រាំបន្តិចអូន ជិតដល់ហើយ ដោយមានគ្រូពេទ្យវ័យក្មេងម្នាក់ នៅជាមួយ តាមឡាន ក៏ប្រាប់បន្តទៅតៃឡានថា បងសុំពន្លឿនបន្តិច»។

បុរសខាងលើ បន្តទៀតថា «ពេលទៅដល់មន្ទីរពេទ្យព្រះកុសុមៈភ្លាម ក្រុមគ្រូពេទ្យ ក៏បញ្ជូនគ្រួសារខ្ញុំ ទៅកាន់ កន្លែងសង្គ្រោះបន្ទាន់ (អគារមិត្តភាព កម្ពុជា-ចិន) ។ នៅភ្លាមនោះ ក្រុមគ្រូពេទ្យក៏ចាប់ផ្តើមអេកូមើល ឃើញថា នៅពោះប្រពន្ធខ្ញុំមានឈាមដក់ច្រើន ហើយខ្ញុំក៏បានឃើញដោយផ្ទាល់ នៅពេលអេកូ ខ្ញុំក៏សួរគ្រួពេទ្យថាបណ្តា លមកពីអ្វី បានទៅជាអ៊ីចឹងលោកគ្រូ? គ្រូពេទ្យបានប្រាប់ខ្ញុំថា បណ្តាលមកពីធ្លាយស្បូន ទើបធ្វើឲ្យមានឈាម បែបនេះ។  ខ្ញុំក៏សួរគ្រូពេទ្យថា តើត្រូវយ៉ាងម៉េចទៀត ទើបអាចសង្គ្រោះជីវិតប្រពន្ធខ្ញុំបាន? គ្រូពេទ្យក៏ប្រាប់វិញថា មានតែការវះកាត់ និងបូមឈាមចេញទេ ទើបអាចសង្ឃឹមខ្លះ។ ពេលនោះខ្ញុំក៏មិនបង្អង់យូរ ប្រាប់គ្រូពេទ្យថា ធ្វើតាមបច្ចេកទេសចុះ ធ្វើយ៉ាងណាសង្គ្រោះជីវិតប្រពន្ធខ្ញុំឲ្យបាន ។ បន្ទាប់ពីធ្វើការវះកាត់រួច សម្រាកព្យាបាល រយៈពេល ២យប់ គឺយប់ថ្ងៃទី១២-១៣ លុះដល់វេលាម៉ោង ៥ៈ៥១នាទីព្រឹក ថ្ងៃទី១៤ មេសា ២០២៣ ប្រពន្ធ ខ្ញុំក៏ បានផុតដង្ហើម។

សូមពុកម៉ែ បងប្អូន មេត្តាជួយរកយុត្តិធម៌ឲ្យគ្រួសារខ្ញុំផង ដោយក្តីមេត្តា កូនស្លាប់ យប់ថ្ងៃទី១១ ចំណែកប្រពន្ធ ស្លាប់ ព្រឹកថ្ងៃទី១៤ មេសា ២០២៣»។

ជុំវិញការអះអាងរបស់បុរសខាងលើ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពីគ្រូពេទ្យជំនាញនិងម្ចាស់ មន្ទីរសម្រាកព្យាបាលនិងសម្ភព ឯក សុវណ្ណមុនី បានទេ កាលពីល្ងាចម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួល ការបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕ ខៀវទុំ

RELATED ARTICLES