ភ្នំពេញ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ មិនដឹងជាចងកំហឹងរឿងអ្វី កំពុងជិះម៉ូតូសុខៗ បានដកកាំភ្លើងខ្លី ១ដើម បាញ់បោះយ៉ាងអនាធិបតេយ្យ រួចបន្ថែមល្បឿនម៉ូតូទៅមុខ គេចបាត់ស្រមោល ដោយបន្សល់ទុកសំបកការ៍ទូស ជាង១០គ្រាប់ នៅទីតាំងកើតហេតុ និងត្រូវបានសមត្ថកិច្ចរើសយកទៅរក្សាទុក ដើម្បីស្រាវជ្រាវរកមុខខ្មាន់កាំភ្លើង យកមកចាត់ការតាមច្បាប់។

ករណីបាញ់បោះសេរីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរជ្រោះបាត់ស្នេហ៍ តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ស មិនចាំស្លាកលេខ តាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិច ទៅកើត។ លុះមកដល់ចំណុចកើតហេតុ បុរសនោះបានដកកាំភ្លើងខ្លី ១ដើម ពីចង្កេះ រួចបាញ់ឡើងទៅលើមេឃ ចំនួន ២គ្រាប់ ហើយក៏ជិះម៉ូតូទៅមុខ បណ្តើរបាញ់ភ្ញច់ដីបណ្តើរ អស់ជាច្រើនគ្រាប់បន្ថែមទៀត ទើបបន្តដំណើរចេញ ទៅបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមួយភូមិ ចេញមកមើល និងរាយការណ៍ជូន សមត្ថកិច្ចតែម្តង។

បន្ទាប់មក សមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ និងប្រមូលសំបកគ្រាប់កាំភ្លើងដែល បន្សល់ទុកពីខ្មាន់កាំ ភ្លើង បានចំនួន១២គ្រាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានប្រមូលវត្ថុតាងដែលបន្សល់ទុកពីខ្មាន់កាំភ្លើងយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
