Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់លុយ សង៦កាំបិត ខឹងម្ចាស់បំណុល តាមទារ ដល់ផ្ទះ

ជំពាក់លុយ សង៦កាំបិត ខឹងម្ចាស់បំណុល តាមទារ ដល់ផ្ទះ

តាកែវ ៖ នារីវ័យក្មេងម្នាក់ បានខ្ចីប្រាក់ពីស្ត្រីម្នាក់ ជាមនុស្សស្គាល់គ្នា និងរស់នៅក្នុងភូមិជាមួយគ្នា លុះក្រោយមក មិនឃើញសងប្រាក់វិញតាមការកំណត់ ធ្វើឱ្យស្ត្រីជាម្ចាស់បំណុលតាមមកទារលុយដល់ផ្ទះ ជាហេតុធ្វើឱ្យស្ត្រីជា កូនបំណុលខឹងសម្បា ក៏ទាញកាំបិងចុងស្រួចចាក់ស្ត្រីជាម្ចាស់បំណុល ចំនួន៦កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុក ឈាម ក្បែរគុម្ពស្លឹកគ្រៃ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនស្ត្រីសង្ស័យជាឃាតករ នាំយកទៅចាត់ការ តាមច្បាប់។

អំពើឃាតកម្មដ៏សាហាវឃោរឃៅ ជំពាក់លុយ សង៦កាំបិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស។ ក្រោយកើតហេតុ កម្លាំងសមត្ថ កិច្ចស្រុកព្រៃកប្បាស បានចុះស្រាវជ្រាវភ្លាមៗ និងឈានដល់ការកំណត់មុខសញ្ញា ចាប់ឃាត់ខ្លួនជនសង្ស័យ បាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីរងគ្រោះជាម្ចាស់បំណុល ដែលត្រូវកូនបំណុល ចាក់សម្លាប់ យ៉ាងសា ហាវនោះ មានឈ្មោះ ខេង ស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស។ សពស្ត្រីរងគ្រោះ ត្រូវបានស្ត្រីដៃដល់ជាឃាតករ ប្រើកាំបិតចុងស្រួច ចាក់ចំនួន៦កាំបិត បណ្តាលឱ្យស្លាប់ក្នុងគុម្ព ស្លឹកគ្រៃ។ ចំណែកស្ត្រីដៃដល់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជួប លីណា ហៅណែត អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា បានប្រទះឃើញសពស្ត្រី រងគ្រោះដេកស្លាប់នៅគុម្ពស្លឹកគ្រៃ ទីតាំងកើតហេតុខាងលើ។ ភ្លាមនោះ សមត្ថកិច្ចជំនាញ សហការជាមួយ កម្លាំងមូលដ្ឋាន បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានប្រទះឃើញសពស្ត្រីរងគ្រោះ ដេកស្លាប់ក្នុងសភាព របួស (ស្នាមចាក់ប្រហារ) ស្ទើរសុសខ្លួន។

ដោយឡែក នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានរកឃើញ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥  ពាក់ស្លាកលេខ ភ្នំពេញ 1CV-0701 (ជារបស់ជនរងគ្រោះ)។ កាំបិតចុងស្រួច ដងពណ៌ខ្មៅ ផ្លែប្រវែង ២០សង់ទីម៉ែត្រ ចំនួន១ដើម។ កូនសោម៉ូតូ ចំនួន១ និងស្បែកជើងស៊ក ១ចំហៀង ពណ៌ខ្មៅ។

តាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ឈ្មោះជួប លីណា ហៅណែត រស់នៅភូមិកើតហេតុជាមួយជនរងគ្រោះ រួចក៏នាំយកមកអធិការដ្ឋាន នគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ។

បន្ទាប់ពីសមត្ថកិច្ចជំនាញនាំនារីជាជនសង្ស័យខាងលើ មកធ្វើត្រាប់នៅកន្លែងកើតហេតុ និងសាកសួរស្ត្រី សង្ស័យជាឃាតករ បានឆ្លើយសារភាពថា រឿងនេះគឺនាងប្រព្រឹត្តតែម្នាក់ឯង មិនមានពាក់ព័ន្ធនឹងអ្នកណា ម្នាក់ឡើយ ហើយនាងក៏មិនបានដឹងដែរថា អ្នកណាខ្លះបានជំពាក់ប្រាក់របស់ជនរងគ្រោះនោះទេ។ ចំពោះមូលហេតុដែលនាងបានចាក់សម្លាប់ជនរងគ្រោះ ក៏ដោយសារតែខឹងជនរងគ្រោះចេះតែតាមទារ លុយដែលនាងជំពាក់ ដល់ផ្ទះ ធ្វើឱ្យនាងទប់កំហឹងមិនជាប់ ក៏ចាក់សម្លាប់ជនរងគ្រោះតែម្តង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញបានយកសម្លៀកបំពាក់របស់ជន សង្ស័យដែលបានស្លៀកពេល ធ្វើសកម្មភាព មកពិនិត្យ ប៉ុន្តែមិនឃើញមានប្រឡាក់ឈាមអ្វីគួរឱ្យកត់សម្គាល់នោះឡើយ ដែលចំណុចនេះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អាចមានអ្នករួមគំនិត ឬ អ្នករួមធ្វើសកម្មភាពសម្លាប់ជនរងគ្រោះតែ ត្រូវបានស្ត្រីសង្ស័យខាងលើ អះអាងថា នាងធ្វើតែម្នាក់ឯងទេ ដោយចាក់ប្រហារជនរងគ្រោះ ហើយឈាម ជនរងគ្រោះប្រឡាក់តែជាយអាវ និងស្បែកជើងរបស់នាងប៉ុណ្ណោះ។

យ៉ាងណា ករណីនេះ សមត្ថកិច្ចបានបន្តសាកសួរជនដៃដល់បន្ថែមទៀត ខណៈដែលបុរសជាប្តីរបស់ស្ត្រីសង្ស័យ ឈ្មោះសួន ស៊ីថា អាយុ៣៤ឆ្នាំ ក៏កំពុងស្ថិតក្រោមការស្រាវជ្រាវ តាមដាន របស់សមត្ថកិច្ចផងដែរ។សពស្ត្រីរង គ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES