បាត់ដំបង ៖ បុរសម្នាក់ បានគំនិតដុតផ្ទះឪពុកម្តាយបង្កើតខ្លួនឯងចោល បង្កឱ្យឆេះខូចខាតអស់ទាំងស្រុង គិតជាទំហំទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ ជាហេតុធ្វើឱ្យឪពុកម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ វ៉ៃខ្នោះភ្លាមៗ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។

តាមរបាយការណ៍របស់អធិការនគរបាលស្រុកសំពៅលូន លោកទឹម វិឆ័យ បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះគាត សុខ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ។ រីឯជនដៃដល់ដែលត្រូវចាប់ខ្លួនឈ្មោះស៊ិន កក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ជាកូនបង្កើតម្ចាស់ផ្ទះ។
លោកអធិការ បានបញ្ជាក់ថា បើតាមប្រវត្តិជនដៃដល់ ជាមនុស្សញៀនថ្នាំដល់កម្រិត ធ្លាប់បង្កហិង្សានៅក្នុងគ្រួ សារជាញឹកញាប់ ហើយក៏ធ្លាប់ត្រូវសមត្ថកិច្ចនាំយកទៅអប់រំទៀតផង ប៉ុន្តែជននេះមិនបានរាងចាលនោះទេ រហូតដល់លើកចុងក្រោយ ជននេះដុតផ្ទះខ្លួនឯងឆេះហ្មត់បែបនេះតែម្តង។

លោកអធិការ បានឱ្យដឹងថា ផ្ទះដែលរងការឆាបឆេះខាងលើនេះ ធ្វើអំពីថ្មក្រោម ឈើលើ ប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រ គុណនឹង ១១ម៉ែត្រ។ ចំណែកទ្រព្យសម្បត្តិដែលខូចខាត រួមមាន គ្រែឈើ សាឡុង ទូឈើ តុឈើ ម៉ាស៊ីន បោកខោអាវ ទូទឹកកក ប្រាក់មួយចំនួន គ្រឿងអលង្ការ និងទ្រព្យសម្បត្តិជាច្រើនទៀត បានក្លាយជាចំណីព្រះអគ្គី ស្ទើរទាំងស្រុង ដែលគិតជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ។

លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបន្តថា ពេលកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ហាក់ជួបការលំបាក បន្តិច ដោយសារតែជនដៃដល់កាន់កាំបិតឈរខាងមុខផ្ទះ រារាំងមិនឱ្យសមត្ថកិច្ច ឬអ្នកភូមិចូលជួយពន្លត់ភ្លើងទេ ទើបធ្វើឱ្យអគ្គិភ័យឆេះគ្មានសល់ តែមន្ត្រីអគ្គិភ័យ បានបាញ់ទប់ស្កាត់បានខ្លះ មិនឆេះរាលដាលដល់លំនៅឋាន អ្នកក្បែរខាង។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនដៃដល់ លោកអធិការ បានបញ្ជាក់បន្ថែមថា បើតាមលោកស្នងការខេត្ត និងលោក ព្រះរាជអាជ្ញា បើទោះជាជនបង្កហេតុបែកថ្នាំ តែបានបញ្ជាឱ្យឃាត់ខ្លួន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕


