ភ្នំពេញ ៖ ក្មេងប្រុសតូចម្នាក់ បានយកកាក់ ចំនួន៣ មកបៀមលេងនៅក្នុងមាត់ រួចច្រឡំលេបចូលបណ្តាលឱ្យ ស្លាក់ជាប់បំពង់ក ជាហេតុធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ប្រញាប់ដឹកបញ្ជូន មកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បី សង្គ្រោះ និងត្រូវបានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះ ដោយយកកាក់ទាំង៣ ចេញមកវិញបានដោយជោគ ជ័យ។
ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ចំណែកក្មេងប្រុសដែលលេបកាក់៣ ជាប់បំពង់ក មានអាយុ២ខួប១០ខែ មានលំនៅឯស្រុកបារាយណ៍ ខេត្តកំពង់ធំ។យោងតាមប្រភពពីក្រុមគ្រូពេទ្យនៃមន្ទីរពទ្យជយវរ្ម័នទី៧(គន្ធបុប្ផា៣) បានឱ្យដឹងថា ក្មេងប្រុសម្នាក់ បានច្រឡំ លេបកាក់ ម្តង៣គ្រាប់ ក្នុងពេលដំណាលគ្នា ធ្វើឱ្យស្ទះបំពង់អាហារ ចង្អៀតណែន ស្ទើរតែជួយសង្គ្រោះយក ចេញមិនបាន។
ប្រភពដដែល បន្តថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ផ្នែកឆ្លុះក្រពះ ពោះវៀន នៃមន្ទីរពេទ្យជយវរ្ម័នទី៧ (គន្ធ បុប្ផា៣) បានធ្វើអន្តរាគមន៍ចាប់យកចេញកាក់ពីបំពង់អាហាររបស់កុមារម្នាក់ មានអាយុ២ឆ្នាំ ១០ខែ មកពីស្រុក បារាយណ៍ ខេត្តកំពង់ធំ ដោយសារស្លាក់កាក់ជាប់បំពង់អាហារ មិនអាចលេបទឹកនិងអាហារចូលបាន ក្រុមគ្រូ ពេទ្យមានការលំបាកក្នុងការចាប់យកដែរ តែទោះជាយ៉ាងណាក៏ដោយ កាក់នោះត្រូវបានយកចេញដោយ ជោគជ័យ ។
មន្ទីរពេទ្យកុមារខាងលើ បញ្ជាក់ថា ការព្យាបាលទាំងអស់ គឺមិនគិតថ្លៃសម្រាប់មនុស្សទាំងអស់ ដោយគ្មានការ រើសអើង។ សូមអរគុណចំពោះការគាំទ្រ និងការបរិច្ចាគពីសប្បុរសជន ទាំងអស់ដែលភាគច្រើនជាប្រជាជន ស្វីស និង ប្រជាជនកម្ពុជា ហើយក៏សូមអរគុណដល់មូលនិធិគន្ធបុប្ផា Dr.med.Beat Richner ប្រទេសស្វីស និង មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ៕