ភ្នំពេញ៖លោកសាន ផានិត ដែលជាប់រហ័សនាមថាជា”ឧកញ៉ាក្បាលគីប”នោះបានបញ្ចេញសារអមដោយរូបភាពតារាចម្រៀងរ៉េបលោកវណ្ណដា ចាប់ដៃលោកខាន់ ជេមស៍ និងខេមរៈ សិរីមន្ដ ដែលអង្គុយលើកៅអីជ័រក្នុងកម្មវិធីហាត់សមចម្រៀងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមកាលពីពេលថ្មីៗនេះដោយអតីតតារាU2 រូបនេះសង្កត់ថា”ពិចារណាតាមការគួរ ឈក្បែរវណ្ណដា មើលទៅហាក់ដូចជាមានវត្តមានចាស់ទុំព្រិទ្ធាចារ្យតន្ត្រីបុរាណផងដែរនោះសង្គមទាំងមូលប្រហែលជាមិនប្រកាន់ទេសំរាប់សិល្បៈករខ្មែរដោយសារតែភាគច្រើនពួកគាត់កើតចេញមកពីគ្រួសារអ្នកក្រីក្រតស៊ូឡើងមកយ៉ាងលំបាកនិងរៀនសូត្រមិនបានខ្ពង់ខ្ពស់ ម្យាងឡូវវពួកគាត់ចូលទៅក្នុងក្រុមគ្រួសារ TOP MMO ឡើងView ស្អីនុះទៀត ទ្រង់ឈឺក្រលៀនប៊ូសក្លៀកតិចហើយ អាចពិបាកក្រោកឈតិចខ្លាចបាក់ភ្លីអាវ កុំប្រកាន់! នឹងលំដាប់វណ្ណដា ផងទំរាំតែសាន ផានិត និង ម៉ូន ម៉ារ៉ាទៀតដឹងយ៉ាងម៉េចទៅ ! មិនហ៊ានដើរទៅក្បែរទេនិយាយត្រង់!”។

ក្រោយលោកសាន ផានិត បង្ហោះសំណេរបែបនេះធ្វើឲ្យមានការជជែកគ្នាយ៉ាងច្រើនពីអ្នកលេងបណ្ដាញសង្គមថាលោកផានិត ចង់សំដៅដល់លោកខាន់ ជេមស៍ ឬខេមរៈ សិរីមន្ដ ដែលខ្លាចខូចភ្លឺអាវ មិនហ៊ានក្រោកពីកៅអីទៅចាប់ដៃសិស្សប្អូនលោកវណ្ណដា នោះ?

អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកសាន ផានិត កាលពីរសៀលថ្ងៃទី៣ ឧសភា ហើយត្រូវបានលោកនិយាយយ៉ាងខ្លីថារឿងមួយនេះលោកសុំមិនបកស្រាយឡើយ។ប៉ុន្ដែលោកផានិត បានលើកឡើងថាដោយសារតែលោកជាអ្នកចម្រៀងម្នាក់ដែលមានបទពិសោធន៍រាប់ឆ្នាំទៅហើយអីចឹងលោកដឹងថាតារាគឺStyle របស់គេពាក់វែនតាហ្នឹងឯង ហេតុនេះពេលជួបគ្នាមិនបាច់ដោះវ៉ែនតាក៍បាន។លោកនៅតែអះអាងថាមើលតាមរូបភាពនោះមានចាស់ទុំព្រិទ្ធាចារ្យតន្ត្រីបុរាណម្នាក់ដើរក្បែវណ្ណដា ដែរ ហេតុនេះហើយលោកអាចដឹងថាតាមពិតតារារ៉េបរូបនេះអាចលើកដៃសំពះរៀមច្បងទាំងពីរដែលអង្គុយលើកៅអីនោះតាំងពីចម្ងាយម្លេះ ហេតុនេះហើយទើបលោកគ្មានពាក្យណាផ្សេងប្រើក្រៅពីលើកឡើងថាទ្រង់ឈឺក្រលៀនប៊ូសក្លៀកតិចហើយ អាចពិបាកក្រោកឈតិចខ្លាចបាក់ភ្លីអាវ កុំប្រកាន់…”។តែលោកថាមិនអាចប្រាប់បានថាលោកនិយាយពាក្យនេះឡើងចង់សំដៅទៅដល់តារាណាម្នាក់ទេ គឺសុំមិនធ្វើអត្ថាធិប្បាយ។ជាមួយគ្នានេះដែរលោកផានិត ថានេះមិនមែនជាចឬករបស់ខាន់ ជេមស៍ នោះទេ ព្រោះតាមលោកស្គាល់សិស្សប្អូនរូបនេះច្បាស់គេមិនមែនជាមនុស្សបែបនេះឡើយពីមុន ព្រោះលោកជេមស៍ ជាមនុស្សមានសីលធ័មល្អម្នាក់…។

ដោយឡែកនៅពេលដែលអ្នកយកព័តមានយើងសាកសួរពីទំនាក់ទំនងរបស់លោកសាន ផានិត ជាមួយលោកខេមរៈ សិរីមន្ដ ដែលធ្លាប់ច្រៀងនៅU2 ជាមួយគ្នាពីមុន ហើយពេលនេះលោកប៊ុនថៃ ឡើងជាឧកញ៉ាបានជាង១ឆ្នាំទៅហើយថាតើមានទំនាក់ទំនងគ្នាដូចដើមឬយ៉ាងណានោះលោកថាលោកសិរីមន្ដ មានការប្រែប្រួលច្រើនក្រោយក្លាយជាឧកញ៉ានេះ។លោកផានិត រៀបរាប់ថានៅថ្ងៃសម្ពោធហាងប្រេនក្បាលគីប តាខ្មៅ២ នាក្រុងតាខ្មៅកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នោះលោកក៍បានឆាតតាមTelegram មុនថ្ងៃកម្មវិធីមកដល់ទៅលោកសិរីមន្ដ ដែរហើយលោកឧកញ៉ាថានឹងទៅចូលរួម។ប៉ុន្ដែថ្ងៃសម្ពោធហាងមកដល់អត់ឃើញប្អូនឧកញ៉ាមក ហើយបាត់ដំណឹងសូន្យឈឹង ខណៈតារាផ្សេងៗទៀតគេមិនបានមកដែរក៍បានបង្ហោះឬផ្ញើរសារមកសុំអធ្យាស្រ័យជារឿងធម្មតា។ប៉ុន្ដែលោកថាតាំងពីពេលនោះមករូបលោកក៍មិនដែលបានទាក់ទងគ្នាជាមួយសិរីមន្ដ តាមឆាតទៀតដែរ ស្របពេលដែលការជួបគ្នាផ្ទាល់វិញគឺតាំងពីលោកខេមរៈ សិរីមន្ដ ឡើងជាឧកញ៉ាមកលោកអត់ដែលបានជួបគ្នាម្ដងណាឡើយ។លោកផានិត ថានេះជាភាពប្រែប្រួលរបស់សិស្សប្អូនសិរីមន្ដ ក្រោយឡើងងារជាឧកញ៉ា តែមុនទទួលបានគោរម្យងារនេះលោកនិងសិរីមន្ដ បានទាក់ទងគ្នាតាមឆាតជាធម្មតាដោយសិរីមន្ដ ថែមទាំងធ្លាប់ប្រាប់លោកថាព្យាយាមហាត់ប្រាណដើម្បីឲ្យមានរូបរាងស្អាតក្លាយជាតារាស្ដង់ដាម្នាក់ក្នុងអាស៊ានទៀតផង។ អតីតតារាU2 រូបនេះបានរំលឹកថាអំឡុងពេលលោកច្រៀងជាមួយសិស្សប្អូនសិរីមន្ដ ជាមួយគ្នាលោកក៍ធ្លាប់ប្រាប់និងណែនាំខ្លះៗពីរបៀបថតMV ដល់លោកប៊ុនថៃ ដែរ ខណៈដែលកាលពីជាង១០ឆ្នាំមុនលោកនិងសិរីមន្ដ ធ្លាប់ទាំងបានចូលច្រៀងកម្សាន្ដនៅខារ៉ាអូខេមួយខាងក្រោយវិទ្យាល័យស៊ីសុវត្ថិ ជាមួយលោករ៉េតធី ដូណា និងឱក សុគន្ធកញ្ញា ទៀតផង”។

លោកសាន ផានិត ថាពេលលោកឃើញសិស្សប្អូនខេមរៈ សិរីមន្ដ ឡើងងារជាឧកញ៉ានេះលោកគ្មានចិត្តច្រណែនប៉ុនក្រចកដៃឡើយ តែមានតែត្រេកអរដែលគាត់មានការរីកចម្រើននិងជីវភាពធូធារ ។លោកថារាល់ថ្ងៃនេះលោកពេញចិត្តដែលទស្សនិកជនហៅលោកថាជាឧកញ៉ាក្បាលគីប ព្រោះគោរម្យងារខ្យល់ដែលមហាជនផ្ដល់ឲ្យនេះពេលគេហៅឈ្មោះលោកម្ដងៗគ្រប់គ្នាមានអារម្មណ៍ហាក់សប្បាយពិសេសពេលលោកឡើងច្រៀង។ដោយឡែកចំពោះស្ថានភាពសុខភាពរបស់លោកពេលនេះវិញគឺមានភាពល្អប្រសើរឡើងវិញក្រោយវះកាត់គ្រលៀន និងដាក់រឺស័របេះដូង។លោកថាបច្ចុប្បន្នអាចបន្ដអាជីពចម្រៀងដោយគ្មានឧបស័ក្កទេ ប៉ុន្ដែគ្រូពេទ្យហាមមិនឲ្យលោកផឹកសា្រឡើយ៕





