Friday, April 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់គូស្នេហ៍១កាំបិត ប្លន់ម៉ូតូ ជាប់ខ្នោះ៥

កាប់គូស្នេហ៍១កាំបិត ប្លន់ម៉ូតូ ជាប់ខ្នោះ៥

កណ្តាល ៖ គូសង្សារវ័យក្មេងមួយគូ បានជិះម៉ូតូដឹកគ្នាដើរលេងយប់ ស្រាប់តែត្រូវក្មេងស្ទាវ ១ក្រុម មានគ្នា៧នាក់ បានធ្វើសកម្មភាពស្ទាក់កាប់ ១កាំបិត តែសំណាងល្អ មិនមុត និងធ្វើឱ្យជនរងគ្រោះភ័យ ផ្តួលម៉ូតូចោល រួចដឹក ដៃគូស្នេហ៍រត់គេចខ្លួនចូលភូមិ ហៅគេជួយ ចំណែកក្រុមជនដៃដល់ បានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់។ ក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក បានចំនួន៥នាក់ នាំយកទៅចាត់ការតាមច្បាប់ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ជនរងគ្រោះជាគូស្នេហ៍ដែលត្រូវក្មេងទំនើងស្ទាក់កាប់ប្លន់ម៉ូតូនោះ ទី១-ឈ្មោះផាន គីមហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងឈើ មានលំនៅ ភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង និងទី២-ឈ្មោះពៅ លីណា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ។

ចំណែកក្រុមជនសង្ស័យ មានគ្នាសរុប៧នាក់ (ឃាត់ខ្លួនបាន៥ រត់គេចខ្លួន២) រួមមាន ទី១-ឈ្មោះរ័ត្ន ភារៈ ប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិមាត់បឹងឃុំទ្រា ស្រុកកណ្តាលស្ទឹង (ឃាត់ខ្លួន)។ ទី២- ឈ្មោះហ៊ីម ពិសី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្តាលស្ទឹង (ឃាត់ខ្លួន)។ ទី៣-ឈ្មោះសំ តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្តាលស្ទឹង (ឃាត់ខ្លួន)។ ទី៤-ឈ្មោះម៉ាក សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង (ឃាត់ខ្លួន)។ ទី៥-ឈ្មោះប៊ិត សុខយី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានលំនៅ ភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន)។ ទី៧-ឈ្មោះរ៉ា គឹមហុង ភេទប្រុស (រត់គេចខ្លួន) និងទី៧-ឈ្មោះយឿន វិសាល ភេទប្រុស (រត់គេចខ្លួន)។

រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូ ចំនួន៤គ្រឿង ១-ម៉ាក Honda Scoopy i ពណ៌ទឹកប៊ិក ស៊េរីឆ្នាំ២០២០ គ្មាន ស្លាកលេខ (ត្រូវជនសង្ស័យដោះបោះចោល) ជារបស់ជនរងគ្រោះ។ ២-ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កណ្តាល 1AD-3126។ ៣-ម៉ាកហុងដា ឌ្រីម សេ២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI-5094។ ៤-ម៉ាកហុងដា ឌ្រីម សេ២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AI-6886។ ទូរស័ព្ទដៃ ចំនួន៤គ្រឿង ១-ម៉ាក iPhone 7Plus ពណ៌ខ្មៅ។ ២-ម៉ាក OPPO A17 ពណ៌ខ្មៅ។ ៣-ម៉ាក OPPO A19 ពណ៌ទឹកប៊ិក។ ៤-ម៉ាក OPPO ពណ៌ទឹកមាស។ កាំបិតផ្គាក់ ដងឫស្សី ផ្លែដែកប្រវែង ៨០សង់ទីម៉ែត្រ។ កាំបិតចែត ដងដែក ផ្លែដែក ប្រវែង ៣៧សង់ទីម៉ែត្រ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះកំពុងនៅផ្ទះ ពេលនោះមិត្តភក្តិ ២នាក់ទៀត ឈ្មោះនុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃតាថុក ឃុំព្រែកស្លែង និងឈ្មោះអ៊ែម ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង បានជិះម៉ូតូមកយកខ្លួនទៅមើលល្ខោននៅវត្ត កោះសុក្រំ ស្ថិតនៅឃុំទ្រា រហូតដល់ ម៉ោង៩និង២០នាទីយប់ ថ្ងៃដដែល ជនរងគ្រោះនិងមិត្តភក្តិ បានត្រឡប់មកផ្ទះវិញ។ ពេលទៅដល់ផ្ទះ ជនរងគ្រោះបានយកម៉ូតូ របស់ ខ្លួនខាងលើ ដឹកមិត្តភក្តិឈ្មោះនុត ទៅលេងមាត់ទន្លេតាខ្មៅ ដើម្បីជួបសង្សារ រហូតដល់ម៉ោង ១១និង០៥នាទីយប់ ជនរងគ្រោះបានដឹកសង្សាររបស់ខ្លួនខាងលើ និងឈ្មោះនុត ត្រឡប់មកវិញ ពេលជនរងគ្រោះគ្រោះជូន ឈ្មោះ នុត ដល់ផ្ទះ ខ្លួននិងមិត្តភក្តិ បាននាំគ្នាផឹកស្រាបៀរ អស់៨កំប៉ុង។

រហូតដល់វេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះទាំង២នាក់ បានដឹកគ្នាចេញពីផ្ទះឈ្មោះ នុត ទៅលេងចែឈ្មោះញ៉ាញ ដែលធ្វើការនៅហាង KTV យីហោ ម៉ន រតនា។ ពេល ទៅដល់ ឈ្មោះញ៉ាញ កំពុងជាប់រវល់ ជនរងគ្រោះ និងសង្សារ បានអង្គុយលេងប្រហែល១០នាទី ទើបដឹកគ្នា ត្រឡប់ទៅផ្ទះវិញ តាមបណ្តោយផ្លូវជាតិលេខ២ រហូតទៅដល់កន្លែងកើតហេតុ ស្រាប់តែបក្ខពួករបស់ជន សង្ស័យខាងលើ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ មួយកាំបិតផ្គាក់ ចំដើមដៃខាងឆ្វេង តែមិនមុតភ្លាម នោះជនរងគ្រោះ បានផ្តួលម៉ូតូ រត់ចូលក្នុងភូមិ ស្រែកឱ្យគេជួយ ពេលនោះជនរងគ្រោះបានស្គាល់បក្ខពួក របស់ ជនសង្ស័យ ២នាក់ រួចបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបឹងខ្យាង ដើម្បីឱ្យជួយ អន្តរាគមន៍។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង សហការជាមួយកម្លាំងជំនាញ ផ្នែកព្រហ្ម ទណ្ឌស្រុកកណ្តាលស្ទឹង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ៥នាក់ រួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការ ដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៥នាក់ បានសារភាពថា ខ្លួននិងបក្ខពួក បានជិះម៉ូតូ៣គ្រឿងខាងលើ ទៅយកកាំបិតផ្គាក់ និងកាំបិតចែត ពីផ្ទះរបស់ឈ្មោះរ៉ា គឹមហុង ស្ថិតនៅភូមិដំរីស្លាប់ ឃុំទ្រា ដោយឈ្មោះរ័ត្ន ភារៈ ជាអ្នកបើកម៉ូតូដឹកឈ្មោះរ៉ា គីមហុង ជិះក្រោយដាក់កាំបិតផ្គាក់លើពូកម៉ូតូ ហើយអង្គុយលើ ចំណែកឈ្មោះសំ តុលា ជិះម៉ូតូ ១គ្រឿងទៀត ដឹកឈ្មោះហ៊ីម ពិសី កាន់កាំបិតចែត អង្គុយពីក្រោយ រីឯឈ្មោះប៊ិត សុខយី ជិះម៉ូតូ ១គ្រឿង ដឹកឈ្មោះម៉ាក សម្បត្តិ ជិះពីក្រោយ។ ពេលនោះឈ្មោះរ៉ា គីមហុង បានប្រាប់ក្រុមខ្លួនថា ទៅហូបបង្អែម រួចនាំគ្នាជិះម៉ូតូកាត់តាមមុខវត្តកោះសុក្រំ ឆ្ពោះទៅផ្លូវជាតិលេខ២ ពេលជិះដល់ផ្លូវជាតិលេខ២ ចំណុចព្រំ ប្រទល់ ស្រុកបាទី ក្រុមខ្លួនបានបត់មកទិសខាងជើង តាមបណ្តោយផ្លូវជាតិ២ រហូតដល់ចំណុចកើតហេតុខាងលើ បាន ឃើញជនរងគ្រោះជិះម៉ូតូ ១គ្រឿង ដឹកគ្នា ភ្លាមនោះឈ្មោះរ័ត្ន ភារៈ បានជិះម៉ូតូទៅក្បែរ ហើយឈ្មោះរ៉ា គឹមហុង បានយកកាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះ ចំដើមដៃខាងឆ្វេង ធ្វើឲ្យជនរងគ្រោះភ័យ ក៏បានផ្តួលម៉ូតូ នាំសង្សារ រត់ ហើយឈ្មោះរ័ត្ន ភារៈ បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនមកផ្ទះរបស់ឈ្មោះរ៉ា គីមហុង។

ជនសង្ស័យ បន្តថា ពេលទៅផ្ទះរបស់ឈ្មោះរ៉ា គីមហុង ឈ្មោះរ័ត្ន ភារៈ ឈ្មោះសំ តុលា ឈ្មោះហ៊ីម ពិសី និង ឈ្មោះរ៉ា គីមហុង បានជិះម៉ូតូជនរងគ្រោះចូលក្នុងផ្ទះ ដោយឡែកឈ្មោះម៉ាក សម្បត្តិ និងឈ្មោះប៊ិត សុខយី បានជិះម៉ូតូទៅផ្ទះរបស់ខ្លួនបាត់ទៅ។ ពេលនោះឈ្មោះរ័ត្ន ភារៈ បានជិះម៉ូតូចេញពីផ្ទះរ៉ា គឹមហុង ទៅផ្ទះរបស់ខ្លួន ដោយឈ្មោះហុង បានដោះស្លាកលេខម៉ូតូរបស់ជនរងគ្រោះ បោះចោល។ មួយសន្ទុះក្រោយមកឈ្មោះរ័ត្ន ភារៈ បានដឹកឈ្មោះយឿន វិសាល មកផ្ទះរបស់ឈ្មោះរ៉ា គឹមហុង វិញ រួចបានយកម៉ូតូរបស់ជនរងគ្រោះ ទៅលាក់ទុក ក្នុងរោងចិញ្ចឹមមាន់ទុកចោលមួយកន្លែង ស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែងវែង រួចនាំគ្នាទៅផ្ទះរៀងខ្លួន។

ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បី កសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES