ខេត្តកំពត ៖ យុវជនទំនើង ចំនួន២នាក់ កំពុងជិះម៉ូតូដឹកគ្នានៅពេលយប់ មានរថយន្ត ១គ្រឿងបើកមកពីមុខ បើកភ្លើងហ្វា ភ្លឺចាំងភ្នែក ក៏ខឹងសម្បា រហូតយកដបទឹកសុទ្ធ មានទឹកកកនៅខាងក្នុង) គប់ចំកញ្ចក់រថយន្ត បណ្តាលឱ្យបែកអស់១ផ្ទាំងខាងមុខ រួចព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនបាន យក ទៅចាត់ការតាមច្បាប់។

ករណីគប់កញ្ចក់រថយន្តខាងលើនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ក្បែររោងចក្រ ខេស៊ីមែន ស្ថិតក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។ លុះមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន បញ្ជូនទៅតុលាការ និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារខេត្តកំពត កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៣ បានបង្គាប់ឱ្យឃុំខ្លួនឈ្មោះរឹម រ៉ាម អាយុ ២០ឆ្នាំ និងឈ្មោះប៉ាត់ កុយ អាយុ១៩ឆ្នាំ នៅក្នុងពន្ធនាគារ ខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
ជនទាំង២នាក់នេះ ត្រូវដាក់នៅក្រោមការពិនិត្យពីបទ ធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ក្រោមបទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះរឹម រ៉ាម និងឈ្មោះប៉ាត់ កុយ បានជិះ ម៉ូតូ តាមផ្លូវបេតុង មកពីទិញសាច់ក្លែម ក្បែររោងចក្រខេស៊ីមែន ស្ថិតក្នុងភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយ មាស។ ស្របពេលនោះ ស្រាប់តែមានរថយន្តបែន ១គ្រឿង បើកមកពីមុខ បើកភ្លើងហ្វា ធ្វើឱ្យចាំងភ្នែក ពួកគេខឹង ទើបគ្នាគេម្នាក់យកដបទឹកសុទ្ធ (មានទឹកកកខាងក្នុង) គប់ចំកញ្ចក់រថយន្ត បណ្តាលឱ្យបែក រួចបានជិះម៉ូតូគេច ខ្លួនតែម្តង។ ក្រោយមក ម្ចាស់រថយន្តបានប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច លុះមកដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០ ២៣ កម្លាំងអធិការដ្ឋានស្រុកបន្ទាយមាស សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យទាំង២នាក់បានជាបន្តបន្ទាប់។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ព្រោះខឹងរថយន្តនោះ បើកភ្លើងហ្វាចាំងភ្នែក មើលផ្លូវមិនឃើញ៕