បាត់ដំបង ៖ ក្មេងទំនើង ១ក្រុម មានគ្នា ៩នាក់ បានធ្វើសកម្មភាពប្រដេញតាមកាប់ប្រហារយុវជន ចំនួន៤នាក់ ដែលជិះម៉ូតូ ២គ្រឿង ដឹកគ្នា ធ្វើឱ្យក្រុមជនរងគ្រោះភ័យ ផ្តួលម៉ូតូរត់គេចខ្លួន ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះ នាំគ្នាកាប់កម្ទេចម៉ូតូ រួចកាប់យកស្លាកលេខម៉ូតូ ១ផ្ទាំង ទៅបាត់។

ករណីដេញកាប់ប្លន់ស្លាកលេខម៉ូតូនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្ថានីយប្រេងមួយកន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់។
ជនរងគ្រោះម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលត្រូវក្រុមជនសង្ស័យដេញកាប់ ឈ្មោះហេង តារាវង្ស ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ជិត ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ មានជនសង្ស័យមួយហ្វូង បានជិះម៉ូតូដេញតាម ពួកខ្លួន ដែលមានគ្នា ៤នាក់ ជិះម៉ូតូ០២គ្រឿង ពីក្រោយយ៉ាងប្រកិត នៅពេលពួកខ្លួនជិះចេញពីវត្តភ្នំអណ្តើក ត្រ ឡប់មកផ្ទះវិញ។

ជនរងគ្រោះ បន្តថា ពួកខ្លួនមិនធ្លាប់ស្គាល់ប្រវត្តិក្រុមជនសង្ស័យទាំងនោះទេ ស្រាប់តែជិះដេញតាមខ្លួនរហូត ដោយមានកាន់ដុំថ្ម និងកាំបិត ហើយក្រុមនោះ បានចាប់ផ្តើមជិះដេញតាមពួកខ្លួន ពីចំណុចផ្លូវបំបែក ទៅកំពីង ពួយ តាមផ្លូវជាតិលេខ៥៧ រហូតមក។ លុះពេលពួកខ្លួនជិះដល់ផ្លូវបត់ចូលផ្ទះទៅហើយ តែមិនហ៊ានបត់ទេ ព្រោះខ្លាចបត់មិនទាន់ ត្រូវក្រុមចោរកាប់ ហើយក៏នាំគ្នាជិះហួសផ្លូវចូលផ្ទះ ឆ្ពោះទៅកើត រហូតដល់ស្ថានីយ ប្រេងមួយកន្លែង នៅភូមិកំប៉ូវ ឃុំភ្នំសំពៅ (ខាងកើតភ្នំសំពៅ) ក៏នាំគ្នាជិះសម្រុកចូលទីនោះ ឱ្យគេជួយ ហើយក៏ ត្រូវក្រុមចោរ ចុះពីលើម៉ូតូ ដេញកាប់ពួកខ្លួន រត់ប្រសាច តែមិនមានអ្នករបួសទេ។

ជនរងគ្រោះ បន្តថា ពេលនោះ ខ្លួនបានឃើញពួកចោរមានគ្នា ៩នាក់ ជិះម៉ូតូ ៣គ្រឿង បានកាប់ចិញ្ច្រាំម៉ូតូពួកខ្លួន ទាំង២គ្រឿង រួចកាប់ផ្តាច់កន្ទុយម៉ូតូ ប្លន់យកស្លាកលេខទៅបាត់។ ស្លាកលេខនោះ មានលេខ បាត់ដំបង 1AO-2502 រីឯមួយគ្រឿងទៀត ពួកវាកាប់កម្ទេចដែរ តែមិនបានយកស្លាកលេខទេ ទំនងស៊េរីចាស់ពេក ហើយ ពួកវាបាននាំគ្នាជិះត្រឡប់ទៅក្រោយវិញអស់ទៅ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកសំ វីរៈ អធិការស្រុកបាណន់ បានបញ្ជាក់ថា ពេលនេះ សមត្ថកិច្ចជំនាញ កំពុងចុះស្រាវជ្រាវ កំណត់មុខសញ្ញាក្រុមជនសង្ស័យ ដើម្បីតាមឃាត់ខ្លួនមកចាត់ការតាមច្បាប់៕