ស្ទឹងត្រែង ៖ គូស្នេហ៍វ័យក្មេងមួយគូ បានទាក់ទងស្គាល់គ្នាតាមទូរស័ព្ទ រហូតដល់បាក់ចិត្តស្រលាញ់រៀងខ្លួន ក៏ត្រូវម្តាយទាំងសងខាងដែលសុទ្ធតែជាស្ត្រីមេម៉ាយ មានកូនច្រើន និងមានជីវភាពទីទ័លក្រដូចគ្នា សម្រេចផ្សំផ្គុំសែនព្រេនត្រឹមក្បាលជ្រូក១ ប៉ុណ្ណោះ ដើម្បីបង្គ្រប់កិច្ច ឱ្យអ្នកទាំងពីរបានក្លាយជាប្តីប្រពន្ធពេញច្បាប់ ខណៈថ្លៃទឹកដោះ ខាងប្រុសមានលទ្ធភាពផ្តល់ជូនខាងស្រី ត្រឹមតែ១៥ម៉ឺនរៀលប៉ុណ្ណោះ។

កូនកំលោះក្រមុំក្រក្រីនេះ កូនកំលោះ មានឈ្មោះភិត ស៊ីង អាយុ១៧ឆ្នាំ ចំណែកកូនក្រមុំ មានឈ្មោះគែន សាម៉ែន អាយុ១៩ឆ្នាំ អ្នកទាំង២ មានលំនៅក្នុងឃុំកោះសម្ពាយ ស្រុកសៀមបូក ជាមួយគ្នា។
តាមសម្តីសាមីខ្លួនកូនកំលោះ បានរៀបរាប់ថា ដំបូងឡើយ ពួកគេបានស្គាល់គ្នាតាមរយៈទូរស័ព្ទ ដោយកាលណោះ មិត្តភ័ក្កិរបស់ខ្លួន បានទូរស័ព្ទទៅនិយាយលេងជាមួយខាងស្រី ហើយពេលនោះ ខ្លួនក៏បានដណ្តើមទូរស័ព្ទពីមិត្តភក្តិ មកនិយាយទៅកាន់ខាងស្រីថា “ស្រលាញ់ខ្ញុំអត់?” ស្រាប់តែខាងស្រីបានឆ្លើយថា “ស្រលាញ់” ទើបបង្កើតបានជាចំណងស្នេហ៍ តាំងពីពេលនោះមក ដែលកាលណោះនៅអំឡុងមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លះខែប៉ុណ្ណោះ។

ទាក់ទិនស្ថានភាពគ្រួសារអ្នកទាំងពីរ ខាងប្រុស មានម្តាយជាស្ត្រីមេម៉ាយ មានកូន៥នាក់ (ប្រុស២ ស្រី៣) ដោយក្នុងនោះកូនកំលោះ គឺជាកូនពៅក្នុងគ្រួសារ ប៉ុន្តែមានគូស្រករមុនគេ។ ចំណែកខាងស្រី ក៏មានម្តាយជាស្ត្រីមេម៉ាយ និងទីទ័លក្រដូចគ្នា មានកូន៥នាក់ដូចគ្នា (ប្រុស៣ ស្រី២) ហើយកូនស្រីដែលមានគូស្រករនេះ ជាកូនស្រីទី២ ក្នុងគ្រួសារ។

ស្ត្រីជាម្តាយទាំង២នាក់ ម្នាក់ឈ្មោះ តំ ពៅ អាយុ៤២ឆ្នាំ (ម្តាយខាងស្រី) និងស្ត្រីឈ្មោះកែវ កង អាយុ៤៩ឆ្នាំ (ម្តាយខាងប្រុស) បាននិយាយរៀបរាប់ថា ដោយមើលឃើញពីក្តីស្រលាញ់របស់កូនៗ ហើយដើរតាមគន្លងប្រពៃណី ពួកគាត់ជាម្តាយ ក៏បានសម្រេចចិត្តផ្សំផ្គុឱ្យ ដោយបានត្រឹមរៀបពិធីសែនព្រេន ទទួលដឹងឮចាស់ទុំ និងអាជ្ញាធរមូលដ្ឋានតិចតួចប៉ុណ្ណោះ។

ស្ត្រីជាម្តាយកូនក្រមុំ បន្តថា គ្រួសារខាងកូនប្រុស ក៏ជាអ្នកក្រដែរ នៅថ្ងៃព្រមព្រៀងគ្នា ម្តាយខាងកូនប្រុស ប្រមែប្រមូលបានលុយចំនួន ១៥ម៉ឺនរៀល ជូនជាថ្លៃទឹកដោះ។ ចំណែកខាងស្រី ក៏ផ្សែផ្សំបូកចូលគ្នា បានលុយសរុប ៥០ម៉ឺនរៀល ទើបចាប់ផ្តើមរើសថ្ងៃខែ ទិញក្បាលជ្រូក មាន់ និងផ្លែឈើតិចតួច សែនព្រេនដើម្បីបង្គ្រប់កិច្ចតែម្តង។ ប៉ុន្តែអ្វីដែលជារឿងសោកស្តាយនោះ គឺពួកគាត់ជាម្តាយកូនកំលោះក្រមុំ មិនមានលទ្ធភាពឱ្យកូនប្រុសស្រីស្លៀកឈុតសម្លៀកបំពាក់រៀបការ តាមប្រពៃណីនោះឡើយ៕
