Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ាដេវីដ ឆាណាយវ៉ា តុលាការសម្រេចដាក់គុក

ឧកញ៉ាដេវីដ ឆាណាយវ៉ា តុលាការសម្រេចដាក់គុក

ព្រះសីហនុ ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចឃុំខ្លួន លោកឧកញ៉ា ដេវីដ ឆាណា យវ៉ា ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន២បទល្មើស គឺឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។

ការសម្រេចឃុំខ្លួននេះ ត្រូវបានធ្វើឡើងដោយលោកផាត់ ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ដោយឃុំខ្លួនឧកញ៉ាដេវីដ ឆាណាយវ៉ា នៅពន្ធនាគារខេត្តព្រះសីហនុ។យោងតាមដីកាឃុំខ្លួនខាងលើ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់៣ចំណុចដូចខាង ក្រោម ៖

១-បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅក្រៅកូនមានវាសនា ភេទប្រុស អាយុ៥១ឆ្នាំ (កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧២) ជនជាតិខ្មែរ ទៅឃុំខ្លួន នៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់។

២-បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលយកជននេះនិងឃុំខ្លួនជននេះ រហូតដល់មានបញ្ជា ថ្មីសម្រេចផ្សេងពីនេះ។

៣-បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការ អនុវត្តឱ្យបានល្អនៅក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា ឧកញ៉ាដេវីដ ឆាណាយវ៉ា ត្រូវបានប្តឹងដោយធនាគារកាណាឌីយ៉ា ទៅនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅភូមិចំណោ តរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមពាក្យបណ្តឹង ធនាគារកាណាឌីយ៉ា សុំប្តឹងឈ្មោះដេវិដ ឆាណាយវ៉ា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពីបទញុះញង់ឱ្យមានការរើសអើង និងបទកុបកម្មដោយញុះញង់ ដោយផ្ទាល់ ឱ្យមានការប្រមូលផ្តុំកុបករ ជាដើម៕

RELATED ARTICLES