កំពង់ចាម ៖ បុរសម្នាក់ ឆ្លៀតពេលម្តាយមិននៅផ្ទះ បានប្រមូលខោអាវចាស់ៗ យកមកដុតចោលនៅក្នុងផ្ទះបាយ លុះឃើញភ្លើងឆេះខ្លាំងពេក ក៏ភ័យខ្លួន រត់ចុះមកដី បណ្តាលឱ្យភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមៗ នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញមកអន្តរាគមន៍ភ្លាមៗដែរ តែមិនអាចស្រោចស្រង់ស្ថាន ការណ៍បានឡើយ។

ករណីកូនប្រុសដុតផ្ទះម៉ែ បណ្តាលឱ្យឆាបឆេះហ្មត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង២០នាទី រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិថ្លុកជ្រៅ ឃុំខ្ចៅ ស្រុកកងមាស។
ផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះសង់អំពីឈើ ដំបូលប្រក់ក្បឿង មានទំហំ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះស៊ុ អេងរ៉ុង ភេទប្រុស អាយុ៥៧ឆ្នាំ មានលំនៅ ភូមិខាងលើ។ ចំណែកអ្នកដែលបង្កឱ្យ មានអគ្គិភ័យនេះ មានឈ្មោះញាន អ៊ូ ភេទប្រុស អាយុ២៨ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី ត្រូវជាកូនបង្កើត របស់ម្ចាស់ផ្ទះ។

លោកភោគ សាវុធ អភិបាលស្រុកកងមាស បានបញ្ជាក់ប្រាប់ថា ដំបូងឡើយ កូនប្រុសម្ចាស់ផ្ទះ បានប្រមូល សម្លៀកបំពាក់ទៅដុតនៅចង្ក្រានបាយ នៅលើផ្ទះ ហើយភ្លើងក៏បានឆាបឆេះយ៉ាងខ្លាំង ដោយខ្លាចរលាក ក៏ប្រញាប់ប្រញាល់រត់ចុះមកដី។ ភ្លាមៗនោះ អ្នកជិតខាងឃើញ ក៏បានរាយការណ៍បន្ទាន់មក សមត្ថកិច្ចនៅ មូលដ្ឋាន និងរាយការណ៍បន្តទៅលោកអធិការនគរបាលស្រុកកងមាស ដើម្បីឱ្យរថយន្តពន្លត់អគ្គិភ័យចេញ មកអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ តែភ្លើងឆេះខ្លាំងពេក ទើបមិនអាចគ្រប់គ្រងបាន។

លោកអភិបាលស្រុកកងមាស បានបន្តថា ករណីនេះ មិនបណ្តាលឱ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋទេ ប៉ុន្តែ មានការខូចខាតផ្ទះ ១ខ្នងទាំងស្រុង មាស ជាង១តម្លឹង ស្រូវ ២០បាវ ប្រាក់ចំនួន២លានរៀល និងទ្រព្យសម្បត្តិ របស់ប្រើប្រាស់មួយចំនួនទៀត។

តាមការបំភ្លឺពីជនសង្ស័យ ឈ្មោះញាន អ៊ូ ត្រូវជាកូនម្ចាស់ផ្ទះ បានប្រាប់ថា មុនកើតហេតុ ខ្លួនប្រមូលខោអាវចាស់ ៗដុតនៅចង្គ្រានលើផ្ទះ ពេលភ្លើងឆេះខ្លាំង ខ្លួនភ័យពេក ក៏រត់ចុះមកដី បណ្តាលឲ្យឆេះផ្ទះតែម្តង។

ចំពោះមូលហេតុដែលកូនប្រុសម្ចាស់ផ្ទះប្រមូលខោអាវដុតចោលនេះ ដោយសារតែមានសតិមិនគ្រប់ ហើយ ពេលនោះ ម្តាយបានចេញទៅលេងផ្ទះបងប្អូននៅជិតខាង។
ជុំវិញប្រតិបត្តិការអន្តរាគមន៍ក្នុងករណីអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់ អគ្គិភ័យបាញ់ទឹកពន្លត់ អស់សរុបចំនួន៣ឡាន ទើបធ្វើឱ្យភ្លើងរលត់ទាំងស្រុង ដោយមិនបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ៕