ប៉ៃលិន ៖ កម្លាំងសមត្ថកិច្ចជំនាញឃុំស្ទឹងកាច់ កាលពីវេលាម៉ោង ៩និង១០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាជនសង្ស័យ បានចំនួន៤នាក់ ពាក់ព័ន្ធករណីលួចគាស់ផ្ទះមន្ត្រីនគរបាលម្នាក់ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងកាច់ បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបក្រុមជនសង្ស័យខាងលើ សមត្ថ កិច្ចបានទទួលបណ្តឹងករណីលួចមានស្ថានទម្ងន់ទោស (លួចគាស់ផ្ទះ) ចំនួន១ករណី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ពីជនរងគ្រោះឈ្មោះ អ៊ូ បូរាណ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនគរបាល។
ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានធ្វើ ការស្រាវជ្រាវ និងកំណត់មុខសញ្ញា ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់នាំយកមកសាក សួរ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសំអ៊ុន វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅមិនពិតប្រាកដ (មុខសញ្ញាលួចយ៉ាងសកម្ម)។ ទី២-ឈ្មោះប៉ុន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ទី៣-ឈ្មោះស ស៊ីថា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ និងលំនៅមិនពិតប្រាកដ និងទី៤-ឈ្មោះសុខ សុវ៉ាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ និងលំនៅមិនពិតប្រាកដ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រ ព្រឹត្តសកម្មភាព ខាងលើប្រាកដមែន ហើយពេលលួចបាន ពួកខ្លួនបានយកទៅលក់នៅផ្ទះយាយអេតចាយ មួយកន្លែងនៅ ចំណុចសំបុកចាប។

ដោយឡែក វត្ថតាងបាត់បង់ រួមមាន ៖ ទូរទស្សន៍ ចំនួន២គ្រឿង ធុងហ្គាស់ ចំនួន១ ម៉ាស៊ីនឈូសទឹកកក ស៊េរី ចាស់ ១គ្រឿង ទុយោស្ពាន់ ងខ្សែភ្លើង ម៉ាស៊ីនឆុងកាហ្វេ ដែលបានដោះយកស្ពាន់ ចំនួន១គ្រឿង ម៉ាស៊ីនដេរខោ អាវ ចំនួន២គ្រឿង។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធី៕
