Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃកម្ទេចផ្ទះអ្នកជិតខាង៨ដង ជាប់ខ្នោះ

វ៉ៃកម្ទេចផ្ទះអ្នកជិតខាង៨ដង ជាប់ខ្នោះ

កណ្តាល ៖ បុរសម្នាក់ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងផឹកស្រាស្រវឹងជាប្រចាំ ហើយកន្លងមកធ្លាប់ បានអុកឡុកវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកជិតខាងម្នាក់ ជាញឹកញាប់ ចំនួន ៨ដងរួចមកហើយ និងធ្លាប់ត្រូវបានសមត្ថកិច្ចហៅទៅអប់រំ ធ្វើកិច្ចសន្យាដែរ តែជននេះ មិនរាងចាល ទីបំផុតត្រូវកម្លាំង សមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងភូមិ កោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ។

តាមសម្តីជនរងគ្រោះ ឈ្មោះអៀង ចាន់សុខ ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះអ៊ិន ស្រីសុជាត្តា អាយុ ៤៥ឆ្នាំ មានលំនៅក្នុងភូមិខាងលើ បានរៀបរាប់ប្រាប់ថា នៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ មានជនសង្ស័យម្នាក់ ឈ្មោះសេង រ៉ុកខ្ចា ហៅអាមុំ ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិជាមួយ គ្នា ដែលជាមនុស្សញៀនថ្នាំ និងស្រវឹងស្រា បានធ្វើសកម្មភាពយកដុំឥដ្ឋគប់ដំបូលផ្ទះ ហើយស្រែកគំរាមថា “អ្ហែងចេញមក កុំសម្ងំ ប្រយ័ត្នអញទម្លុះផ្ទះចូល”។

ជនរងគ្រោះបន្តថា ពេលនោះ ពួកគាត់មានការភ័យខ្លាច ក៏ស្ទុះរត់ទៅដាស់កូនដែលកំពុងដេកលក់ហើយរត់ ចូលបន្ទប់ទឹក ដោយមិនហ៊ានតបតនោះទេ។ លុះមួយសន្ទុះក្រោយ ក៏ឮសំឡេងសម្រិបជើង ជនរងគ្រោះ ក៏អើត មើលទៅលើ ស្រាប់តែឃើញជនសង្ស័យនៅលើដំបូលផ្ទះ កំពុងតែវះដែកស័ង្កសីដំបូលផ្ទះ។ ដោយឃើញដូច្នេះ ជនរងគ្រោះបាននាំកូនចៅដើរលបៗទៅខាងមុខផ្ទះ រួចទូរស័ព្ទទៅប្រាប់ប្តីដែលកំពុងធ្វើការនៅភ្នំពេញ តែតេ មិនចូល។ បន្ទាប់មក ជនរងគ្រោះបានទូរស័ព្ទទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំ តែម្តង។

ជនរងគ្រោះ បន្តទៀតថា ពេលឮជនរងគ្រោះប្តឹងសមត្ថកិច្ច ជនសង្ស័យបានចុះពីដំបូលផ្ទះរបស់ជនរងគ្រោះវិញ លុះពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប្រជាការពារ បានតាមស្វែងរកចាប់ខ្លួនជន សង្ស័យគ្រប់ច្រកល្ហក។ នៅពេលដែលសមត្ថកិច្ចកំពុងតែតាមស្វែងរកចាប់ខ្លួន បែរជាជន សង្ស័យឆ្លៀត ឱកាសបកមកអុកឡុក គប់វាយបំផ្លិចបំផ្លាញផ្ទះរបស់ជនរងគ្រោះម្តងទៀត ដោយគាស់ទ្វារ និងវាយកម្ទេច បង្អួចផ្ទះតែម្តង។ ពេលនោះ ស្ត្រីរងគ្រោះមានការភ័យខ្លាច ក៏នាំកូនរត់ចេញតាមទ្វារមុខ ទៅសុំផ្ទះអ្នកជិត ខាងដេក។ តែជនសង្ស័យនៅតែបន្តការអុកឡុកវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រហូតដល់ភ្លឺ បណ្តាលរងការខូចខាតដំបូលផ្ទះអស់ទាំងស្រុង និងខូចខាត ទ្វារ១ បង្អួច២ ពាងទឹក៤ និងជញ្ជាំងផ្ទះ ប្រេះខូច ខាតគ្រប់កន្លែង។ លុះព្រឹកឡើង វេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ទើបកម្លាំងសមត្ថ កិច្ចប៉ុស្តិ៍ និងប្រជាការពារ ចុះទៅព័ទ្ធចាប់ជនសង្ស័យបាន រួចយកទៅសាកសួរ និងដកហូតបានវត្ថុ តាងមួយ ចំនួន។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យជាមនុស្សញៀនថ្នាំ ហើយតែងតែអុកឡុកវាយបំផ្លិចបំផ្លាញទ្រព្យ សម្បតិផ្ទះ​ជនរងគ្រោះ និងផ្ទះប្រជាពលរដ្ឋក្នុងភូមិ ជាញឹកញាប់។ ហើយសម្រាប់គ្រួសារជនរងគ្រោះនេះ គឺជាលើកទី៨ មកហើយ និងមានទាំងកិច្ចសន្យាជាមួយសមត្ថកិច្ចទៀតផង តែជននេះនៅតែមិនរាងចាលដដែល។ លុះពេល​សមត្ថកិច្ចចាប់បានជននេះ ធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្តែងការសប្បាយចិត្តជាខ្លាំង និងសូមសំណូម​ពរឱ្យតុលាការខេត្តកណ្តាល មេត្តាផ្តន្ទាទោសជនសង្ស័យនេះ ឱ្យសមទៅតាមទោសទណ្ឌដែលគេបានប្រព្រឹត្តិ។

រហូតដល់រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរធំ បានកសាងសំណុំរឿង បញ្ជូន​ជនសង្ស័យខាងលើ រួមជាមួយនិងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការ​បន្ត​តាមនីតិវិធី៕

RELATED ARTICLES