ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម ប្រដាប់ដោយកាំភ្លើង កាំបិត និងដំបង បានលើកគ្នាទៅទារលុយពីថៅកែជាជនបរ ទេសម្នាក់ ដែលជំពាក់ មិនទាន់សង លុះបុរសជាជនបរទេសនោះមិនព្រមសង ទើបធ្វើឱ្យក្រុមជនសង្ស័យខឹងក៏ ដកកាំភ្លើងបាញ់ជនរងគ្រោះ ១គ្រាប់ ចំភ្លៅ ធ្លាយដល់គូទ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ បន្ទាប់មកក៏នាំគ្នារត់គេច ខ្លួនអស់ តែក្រោយមកសមត្ថកិច្ចជំនាញបានសហការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន បានជនដៃដល់ និង បក្ខពួក ២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីប៉ុនប៉ងឃាតកម្មដោយប្រើប្រាស់អាវុធខ្លី និងកាំបិតចុងស្រួចនេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមបត់ក្បាលដំរី ឃុំមាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត។ រហូតមកដល់វេលាម៉ោង ២និង ១២នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន ចំនួន២នាក់ នៅចំណុចវត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងនៅមុខលោកតាដំបងគ្រញូង សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ទី១-ឈ្មោះហេង សម្បត្តិ ភេទប្រុស ស្នាក់នៅ ផ្ទះជួលភូមិដីឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាជនដៃដល់) និងទី២-ឈ្មោះទីវ ហុក ឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ MCCOMB GEOFFREY BRENT ភេទប្រុស ជនជាតិ New Zealand (ញូវហ្សេឡង់) ជាថៅកែអាកាឌៀ ស្នាក់នៅភូមិបត់ក្បាលដំរី ឃុំមក់ប្រាង ស្រុកទឹកឈូ ខេត្តកកំពត រងរបួស ៤កន្លែង។

គួរបញ្ជាក់ថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញមុខជនសង្ស័យ ២នាក់ ជាសាធារណៈ ក្រោយបង្ក្រាបនិងឃាត់ខ្លួនបាន និងត្រៀមខ្លួន បញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយប្រើប្រាស់អាវុធខ្លី និង កាំបិតចុងស្រួច កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមបត់ក្បាលដំរី ឃុំមាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត។
ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង២នាក់ខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់នាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុល បង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្នងការ ដ្ឋាននគរបាលខេត្តពោធិ៍ ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានជនសង្ស័យ ចំនួន២នាក់។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មានករណីប៉ុនប៉ងឃាតកម្ម (ប្រើអាវុធខ្លី និងកាំបិតស្រួច) បានកើតឡើង នៅចំណុចផ្ទះជួលគ្រូហ៊ាន់ ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ MCCOMB GEOFFREY BRENT បានមក ដើរលេងនៅក្រុងកំពត ជាមួយមិត្តស្រី លុះចូលដល់ផ្ទះភ្លាម ក៏ត្រូវបានជនសង្ស័យមួយក្រុម បានកាត់សោ ផ្ទះរបស់ជនរងគ្រោះ រួចចូលក្នុងផ្ទះ ដើម្បីចាំទារលុយ ប៉ុន្តែជនរងគ្រោះមិនព្រមសង ក៏បានប្រកែកគ្នា រហូត ឈានដល់ទាស់ពាក្យសំដី ពេលនោះក្រុមជនសង្ស័យបានដកកាំភ្លើងខ្លី និងដំបងខ្លី ធ្វើសកម្មភាពវាយ និង បាញ់ទៅលើជនរងគ្រោះ ចំភ្លៅ ធ្លាយដល់គូទ។ បន្ទាប់មកក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះ រថយន្ត ១គ្រឿង មិនស្គាល់ម៉ាក គេចខ្លួនបាត់។
វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ រួមមាន បង់កាំភ្លើង ចំនួន១ គ្រាប់កាំភ្លើងខ្លី មួយចំនួន និងកាំបិតចុងស្រួច ចំនួន១ដើម។

លុះដល់វេលាម៉ោង ២និង១២នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្នងការដ្ឋាននគរលបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណី បានធ្វើការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ២នាក់ ១-ឈ្មោះហេង សម្បត្តិ (ជាជនដៃដល់) និង២-ឈ្មោះទីវ ហុកឡាយ (ជាបក្ខពួក) ដោយឃាត់បាននៅ២ចំណុច ផ្សេងគ្នា ក្នុងនោះជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចវត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍ សាត់ ចំណែកជនសង្ស័យម្នាក់ទៀត ត្រុវូបានឃាត់ខ្លួននៅមុខលោកតាដំបងគ្រញូង ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ព្រមទាំងដកហូតបានវត្ថុតាង រថយន្ត ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AA-5628។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់សង្ស័យ ជូនស្នងការដ្ឋាន ខេត្តកំពត ជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកបន្តទៀត៕