បន្ទាយមានជ័យ ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់ គ្រាន់តែឪពុកប្រើឱ្យបោសសំរាម ស្រាប់តែច្រឡោតខឹង ស្ទុះទាញ កាំបិតផ្គាក់ កាប់ឪពុកបង្កើតខ្លួនឯង ចំនួន២កាំបិត បណ្តាលឱ្យរយះក្បាល និងស្មា របួសធ្ងន់ និងត្រូវបានក្រុម គ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ជាកូនប្រុស ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសកាប់ឪពុកបង្កើត ២កាំបិតផ្គាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះ នេត្រ ព្រះ។

ជនដៃដល់ជាកូនប្រុសដែលកាប់ប្រហារឪពុកបង្កើតខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះហ៊ាវ ប៊ុនហួន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះទឿ ហៀត អាយុ៥៣ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ឪពុកកូន មានលំនៅ ភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះហ៊ាវ ប៊ុនហួន ទើបក្រោកពីដេក ពេលនោះបុរសជាឪពុក ឈ្មោះទឿ ហៀត បានប្រើកូនប្រុស (ជនសង្ស័យ) ឱ្យបោសសំរាមនៅជុំវិញផ្ទះ ប៉ុន្តែជន ដៃដល់មិនត្រឹមតែមិនធ្វើនោះទេ ថែមទាំងតមាត់ជាមួយឪពុកថែមទៀត ទើបធ្វើឱ្យឪពុកខឹង ក៏ស្តីបន្ទោស ២-៣ម៉ាត់ ស្រាប់តែកូនប្រុសមួម៉ៅក្តៅចិត្ត ក៏ស្ទុះទៅទាញកាំបិតផ្គាក់ កាប់ទៅលើឪពុកខ្លួនឯង ចំនួន២កាំបិត ត្រូវក្បាល ១កាំបិត និងស្មាខាងឆ្វេង ១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបងប្អូនដឹក បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ អនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាលខេត្តបន្ទាយមានជ័យ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានចាប់ឃាត់ខ្លួនជនដៃដល់ បញ្ជូន ទៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕