Sunday, June 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃពស់អ្នកតា រំដោះគ្រោះមិនទាន់ អ្នកតាកាច់ស្លាប់

 វ៉ៃពស់អ្នកតា រំដោះគ្រោះមិនទាន់ អ្នកតាកាច់ស្លាប់

បន្ទាយមានជ័យ ៖ បុរសម្នាក់ ឃើញពស់វែកក្របី ១ក្បាល បម្រុងចឹកសត្វគោរបស់ខ្លួន ក៏ដេញវាយ តែវាយ មិនបាន លុះត្រឡប់មកផ្ទះវិញ ស្រាប់តែកើតមានអាការភ័យខ្លាចអ្វីម៉្យាង ទើបប្រពន្ធសង្ស័យប្តីវ៉ៃពស់អ្នកតា ទើបអ្នកតាប្រកាន់ ក៏បានឲ្យប្តីជិះរថយន្តឈ្នួល ទៅផ្ទះខាងម្តាយ ដើម្បីស្រោចទឹក រំដោះគ្រោះ ស្រាប់តែទៅដល់ បុរសជាប្តីបានដើរបាត់ ១យប់ លុះព្រឹកឡើង ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរមាត់ស្ទឹង ដែលសមត្ថ កិច្ចសន្និដ្ឋានថា ជាករណីខ្យល់គរ តែសាច់ញាតិជនរងគ្រោះសង្ស័យថា អ្នកតាកាច់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវក្បែរ មាត់ស្ទឹងមង្គលបុរី ស្ថិតក្នុងភូមិសំរោង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី។

ជនរងគ្រោះ មានឈ្មោះទាវ នៀម ភេទប្រុស អាយុ៣៩ឆ្នាំ មានប្រពន្ធឈ្មោះភ័ណ អាយុ៣៥ឆ្នាំ មានកូនស្រី២នាក់ រស់នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល។

លោកនាយប៉ុស្តិ៍នគរបាលឃុំឫស្សីក្រោក បានឱ្យដឹងថា មុនពេលជនរងគ្រោះដេកស្លាប់បែបនេះ គេឃើញជនរង គ្រោះដើរសុំបាយទឹកអ្នកស្រុករស់នៅតាមដងស្ទឹង គ្មានពាក់អាវ សក់កន្ទ្រើង ហើយប្រជាពលរដ្ឋមិនស្គាល់ ឡើយ នឹកស្មានជនរងគ្រោះមានសតិមិនគ្រប់ ឬញៀនថ្នាំ និងដើរតាមផ្លូវ រហូតប្រទះឃើញដេកស្លាប់ ហើយ ប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ច ចុះមកពិនិត្យ និងសន្និដ្ឋានថា អាចអត់អាហារ ទើបបណ្តាល ឱ្យជនរងគ្រោះខ្យល់គរស្លាប់។

តាមប្រភពសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា កាលពី១០ថ្ងៃ មុនកើតហេតុ ជនរងគ្រោះបានចេញទៅ មើល សត្វគោ ជិត២០ក្បាល ដែលជាសត្វគោចិញ្ចឹមដោយខ្លួនឯង ហើយពេលនោះ ស្រាប់តែមានពស់វែកក្របីខ្មៅ ធំជិតប៉ុនកជើង បានបើកពពារ រកចឹកគោ ហើយជនរងគ្រោះក៏ដេញវាយ សត្វពស់នោះក៏វារចូលវាលស្បូវបាត់ លុះដុតវាលស្បូវឆេះអស់ នៅតែមិនឃើញសត្វពស់ ។ បន្ទាប់មក ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ក៏មានអា ការឃើញមនុស្សខ្លាច និងមានជំងឺក្រពះធ្វើទុក្ខផងដែរ ទើបស្ត្រីជាប្រពន្ធសង្ស័យប្តីវ៉ៃពស់អ្នកតាទើបអ្នកតា ប្រកាន់។

ប្រភពដដែល បន្តថា ក្រោយមានអាការមិនស្រួល ស្ត្រីជាប្រពន្ធបានឱ្យប្តី ជិះរថយន្តឈ្នួល មកផ្ទះម្តាយ នៅស្រុក មង្គលបុរី ដើម្បីស្រោចទឹក រំដោះគ្រោះ។ ពេលជិះរថយន្តពីស្រុកបវេល ខេត្តបាត់ដំបង មកដល់រង្វង់មូល ស្ត្រី ច្រូតស្រូវ ស្រុកមង្គលបុរី ហើយជិះម៉ូតូបន្ត ក៏បាត់ជនរងគ្រោះរហូត សាច់ញាតិដើររកមិនឃើញ ១យប់ លុះ ព្រឹកឡើង ទទួលព័ត៌មានថា មានគេប្រទះឃើញដេកស្លាប់នៅមាត់ស្ទឹង ត្រើយខាងជើងផ្សារមង្គលបុរី តែម្តង។ សាច់ញាតិជនរងគ្រោះ សង្ស័យដោយផ្តោតទៅលើជំនឿអរូបីថា ពស់ដែលជនរងគ្រោះវ៉ៃ និងដុត ព្រៃនោះ អាចជាពស់អ្នកតា ទើបអ្នកតាប្រកាន់ ឬអ្នកតាកាច់ បណ្តាលឲ្យស្លាប់បែបនេះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES