Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងធ្លាក់ កាន់កាំបិតផ្គាក់ រន្ទះបាញ់ស្លាប់

ភ្លៀងធ្លាក់ កាន់កាំបិតផ្គាក់ រន្ទះបាញ់ស្លាប់

ស្ទឹងត្រែង ៖ ប្តីប្រពន្ធ ២នាក់ បាននាំគ្នាទៅចម្ការ លុះក្រោយមក បុរសជាប្តីបានកាន់កាំបិតផ្គាក់ បម្រុងទៅ កាប់លះមែកស្វាយចន្ទី ទាំងមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ ស្រាប់តែរំពេចនោះ មានរន្ទះបាញ់ចំបុរសជាប្តី បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែក ស្ត្រីជាប្រពន្ធ សំណាងល្អ មិនមានគ្រោះ ថ្នាក់អ្វីនោះឡើយ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចចម្ការស្វាយចន្ទី របស់ជនរងគ្រោះ ស្ថិតនៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះសឿង ហាយ អាយុ៤៧ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។

លោក គង់ សេនា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំអាង បានឱ្យដឹង កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ថា មុនពេលកើតហេតុ នៅវេលាម៉ោង ១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ភូមិសាស្ត្រឃុំសំអាង មានភ្លៀង ហើយស្រាប់តែមានឧបទ្ទវហេតុរន្ទះបាញ់ បណ្តាលឱ្យអ្នកភូមិត្នោតថ្មីម្នាក់ ឈ្មោះសឿង ហាយ បានស្លាប់ ពេល គាត់កំពុងឈរកាន់កាំបិតផ្គាក់កាប់មែកស្វាយចន្ទី។ ខណៈនោះ ប្រពន្ធមិនរងគ្រោះទេ ក៏ទូរស័ព្ទមកសាច់ញាតិ ដើម្បីដឹកសពប្តីពីចម្ការ មកផ្ទះ ដែលមានចម្ងាយប្រហែល ២គីឡូម៉ែត្រ ពីភូមិត្នោតថ្មី។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជា ស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES