ភ្នំពេញ ៖ សត្វក្របីឈ្មោលឡើងក ១ក្បាល ពុំដឹងថាវង្វេងហ្វូង ឬដាច់ចេញពីទីសត្តឃាតណាមួយនោះទេ ស្រាប់តែបានរត់ចូលទៅក្នុងវិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រួចក៏ដេញវ័ធគ្រូនិងសិស្ស ដែលកំពុងរៀនគួរ បណ្តាលឱ្យរងរបួសគ្រូបង្រៀនម្នាក់និងបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលា ២និង១៥នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

លោកគ្រូបង្រៀនម្នាក់ដែលត្រូវសត្វក្របីដេញវ័ធ បណ្តាលឱ្យរងរបួស ពុំបានប្រាប់ឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា រងរបួសយ៉ាងដំណំ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗ។ ចំណែកឯសិស្ស បាននាំគ្នារត់គេចចេញពីក្របី ១ក្បាលនេះ ទាំង ព្រលឹងចុងសក់គ្រប់ៗគ្នា។

តាមប្រភពពីសិស្សសាលាខាងលើ បានរៀបរាប់ប្រាប់ថា នៅសាលានេះ សិស្សបានឈប់សម្រាក វិស្សម កាល អស់ទៅហើយ ប៉ុន្តែមានសិស្សមួយចំនួន បានទៅរៀនគួរភាសាអង់គ្លេស និងរៀនមុខវិជ្ជាសំខាន់ៗ ត្រៀមប្រ ឡងយកសញ្ញាបត្រទុតិយភូមិ នៅពេលខាងមុខ។ ដោយឡែក នៅវេលាម៉ោងកើតហេតុ ខណៈដែល អ្នកខ្លះ កំពុងតែរៀន និងអ្នកខ្លះទៀតពុំទាន់ដល់ម៉ោងរៀននៅឡើយ ហើយកំពុងឈរនិងអង្គុយនៅក្នុងបរិវេណសាលា ស្រាប់តែឃើញក្របីឈ្មោល ១ក្បាល បោលចូលទៅក្នុងវិទ្យាល័យ។

ប្រភពដដែល បានបន្តថា ខណៈនោះ ក្របីបានរត់សំដៅហ្វូងមនុស្ស និងបានដេញវ័ធ បណ្តាលឱ្យត្រូវ លោក គ្រូបង្រៀនម្នាក់ រងរបួសធ្ងន់ ដួលដេកនៅនឹងកន្លែង។ ចំណែកលោកគ្រូនិងសិស្សផ្សេងៗទៀត បាននាំគ្នារត់ រកកន្លែងមានសុវត្ថិភាពរៀងៗខ្លួន ។ ក្រោយវ័ធត្រូវលោកគ្រូម្នាក់ បណ្តាលឱ្យរងរបួសរួច ក្របីនោះបានរត់ ហួសទៅមុខ ប៉ុន្តែអត់ចេញពីបរិវេណសាលាឡើយ បន្ទាប់មក លោកគ្រូ អ្នកគ្រូនៅទីនោះបានដឹកបញ្ជូនលោក គ្រូដែលរងគ្រោះ ទៅកាន់មន្ទីរពេទ្យ រួចរាយការណ៍ជូនអាជ្ញាធរសង្កាត់ចោមចៅទី៣ ឱ្យជួយអន្តរាគមន៍។

ក្រោយទទួលបានដំណឹងខាងលើនោះ កម្លាំងប្រជាការពារសង្កាត់ចោមចៅទី៣ ប្រដាប់ដោយខ្សែពួរ និងដំបង វែងៗ បានចេញទៅបង្ក្រាប និងចាប់ក្របីនោះ ប៉ុន្តែប្រើពេលជាង ១ម៉ោង នៅតែចាប់មិនបាន ដោយសារតែក្របី ១ក្បាលនោះ កាចពេក និងរត់លឿនទៀត ទីបំផុតបានរត់ចេញពីសាលារៀនបាត់ទៅ៕

