បាត់ដំបង ៖ បុរសម្នាក់ បានបើកត្រាក់ទ័រ ១គ្រឿង ភ្ជួរដី ដើម្បីដាំពោត ស្រាប់តែចៃដន្យអាក្រក់ បានកិនចំគ្រាប់ មីនតោន ១គ្រឿង បណ្តាលឱ្យផ្ទុះកក្រើក ខូចខាតត្រាក់ទ័រអស់ទាំងស្រុង ចំណែកបុរសជាអ្នកបើកបរបានបាត់ បង់ជីវិតនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ បើកត្រាក់ទ័រកិនមីនតោន បណ្តាលឱ្យផ្ទុះស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ត្រង់ម្តុំអូរត្រាង ស្ថិតក្នុងភូមិឈើទាល ឃុំសិរី មានជ័យ ស្រុកសំពៅលូន។
បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ មានឈ្មោះង៉ែត ណារ៉ុង ភេទប្រុសអាយុ ៣៥ឆ្នាំ មុខរបរបើកបរត្រាក់ទ័រ មានលំនៅ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

យោងតាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះង៉ែត ណារ៉ុង បានជួលដីចម្ការគេ ដែលស្ថិតនៅភូមិជាប់គ្នា ដើម្បីដាំដំណាំពោត ដោយទីតាំងដីនោះ គឺជាប្រភេទដីថ្មី មិនធ្លាប់ដាំដុះដំណាំអ្វីពីមុនមកទេ។ លុះក្រោយត្រូវរ៉ូវជួលដីចម្ការខាងលើបានហើយ ជនរងគ្រោះបានយក ត្រាក់ទ័ររបស់ខ្លួន ទៅភ្ផួរដី ស្រាប់តែអកុសល កិនចំគ្រាប់មីនតោន បណ្តាលឱ្យផ្ទុះកក្រើក ធ្វើឱ្យត្រាក់ទ័រខូចខាត ខ្ទេចខ្ទីអស់ទាំងស្រុង ចំណែកជនរងគ្រោះ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតេហតុ រួចបញ្ជាក់ថា គ្រាប់មីនតោន ដែលផ្ទុះ បង្កការគ្រោះថ្នាក់នេះ ជាគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាម ព្រោះទីតាំងនេះ ជាសមភូមិក្តៅរវាង កងកម្លាំងរដ្ឋាភិបាល និងកម្លាំងប្រឆាំងរដ្ឋាភិបាល។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាម ប្រពៃណី៕



