ត្បូងឃ្មុំ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ នៅសុខៗបានចេញបាត់ពីផ្ទះ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ តាម ស្វែងរកសព្វកន្លែង ប៉ុន្តែមិនមានដំណឹងទាល់សោះ លុះរំលងបាន១០ថ្ងៃក្រោយមក ស្រាប់តែត្រូវបានប្រទះ ឃើញសាកសពក្មេងស្រីរងគ្រោះ ត្រូវបានប្រុសចាប់រំលោភ រួចអារកសម្លាប់ ដុតចោល បណ្តាលឲ្យឆេះខ្លោច នៅក្នុងចម្ការចេក ១កន្លែង ។

ក្មេងស្រីរងគ្រោះខាងលើ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ពោលគឺរយៈពេល១០ថ្ងៃក្រោយមក ទើបត្រូវបានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ ត្រូវបានជនមិនស្គាល់មុខដុតចោល ក្នុងព្រៃចេកមួយ កន្លែង ចម្ងាយប្រមាណ ៦០ម៉ែត្រ ពីផ្លូវជាតិលេខ៧៣ ស្ថិត ក្នុងភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ។
ក្មេងស្រីរងគ្រោះដែលត្រូវឃាតកររំលោភសម្លាប់ រួចដុតសពចោលយ៉ាងសាហាវព្រៃផ្សៃនោះ មានឈ្មោះណាត ថៃណា អាយុ១៤ឆ្នាំ មានលំនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមឪពុកម្តាយក្មេងស្រីរងគ្រោះ បានឱ្យដឹងថា សាកសពក្មេងស្រីដែលត្រូវជនមិនស្គាល់មុខ អារកសម្លាប់ ដុតចោលនៅក្នុងចម្ការចេក ស្ថិតក្នុងភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ពិតជាកូនស្រីរបស់ពួកគាត់មែន ដោយសាកសពមានឈ្មោះណាត ថៃណា អាយុ១៤ឆ្នាំ មានលំនៅ ភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ ហើយនាងបានបាត់ខ្លួន តាំងពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។
គួររំលឹកថា សាកសពនារីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញឆេះខ្លោច នៅក្នុងព្រៃចម្ការចេក មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ចុះពិនិត្យ រកឃើញថា នៅលើខ្លួនប្រាណសព ក្រៅពីឆេះខ្លោច នៅមានស្លាកស្នាមអារកទៀតផង ទើបសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា ជាករណីឃាតកម្ម អារក សម្លាប់ ពីកន្លែងផ្សេង រួចដឹកមកទម្លាក់ចោលក្នុងព្រៃចេក ដុតសពចោលបំបាត់ដាន។
ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្នងព្រៃចម្ការចេក ១កន្លែង ចម្ងាយប្រមាណ ៦០ម៉ែត្រ ពីផ្លូវជាតិលេខ៧៣ ស្ថិតក្នុងភូមិ ពន្លាក ឃុំចុងជាច ស្រុកតំបែរ។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ករណីនេះ ឃាតករអាចសម្លាប់នារីរងគ្រោះនៅទីតាំងផ្សេង រួច ហើយដឹកយកមកដុតចោល បំណងបំបាត់ដាន នៅទីតាំងខាងលើនេះ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ មាន ប្រជាពលរដ្ឋរស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ បានរាយការណ៍តាមទូរស័ព្ទប្រាប់សមត្ថកិច្ចថា នៅក្នុង ចម្ការចេករបស់គាត់ ទីតាំងខាងលើ ប្រទះឃើញសាកសពមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ មិនច្បាស់ភេទ ដោយមូលហេតុភ្លើងឆេះ ហើមស្អុយ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងស្រាវជ្រាវ។
តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច សាកសពជាភេទស្រី និងត្រូវភ្លើងឆេះប្រមាណ២៥ភាគរយ ដោយ ជនដៃដល់បានប្រើស្លឹកចេកស្ងួតដែលគរចោល ដុតសាកសពនារីរងគ្រោះ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ។ ដោយឡែកសាកសព មានសភាពហើមស្អុយ សម្លៀកបំពាក់ខ្មៅ មានស្នាមរបួសនៅ ត្រង់បំពង់កផ្នែកខាង មុខ (អារក) ហើយសាកសពត្រូវបានដឹកពីទីតាំងផ្សេង យកមកទម្លាក់នៅដីព្រៃចម្ការចេក ហើយដុត។
ជុំវិញករណីនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់ឱ្យនគរបាលជំនាញបើកការស្រាវជ្រាវនិងស៊ើបអង្កេតជាបន្ទាន់ ដើម្បីធ្វើការវែកមុខ និងតាមចាប់ ខ្លួនជនដៃដល់ជាឃាតករ យកមកផ្តន្ទាទោសទៅតាមច្បាប់ ឱ្យខាងតែបាន៕