បាត់ដំបង ៖ មនុស្សប្រុសស្រី ១ក្រុម មានគ្នាប្រមាណ ៥ទៅ៦នាក់ បានធ្វើសកម្មភាពជិះរថយន្តដើរលក់គ្រឿង អគ្គិសនី (សូឡា) នៅតាមទីជនបទ រួចបោកប្រាស់យកប្រាក់ពីអ្នកទិញ តែមិនប្រគល់ទំនិញ ឱ្យគ្រប់ចំនួន រួចនាំគ្នាជិះរថយន្តគេចខ្លួនបាត់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋ រងគ្រោះកើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចឱ្យ ជួយអន្តាគមន៍ស្រាវជ្រាវចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។ករណីខាងលើបានកើត ឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិបួរុន ឃុំត្រែង ស្រុករតនមណ្ឌល។ជនរងគ្រោះមានឈ្មោះអឹម គុន្ធា ស្រីអាយុ២០ឆ្នាំ មុខរបរលក់ដូរ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្រុមជនសង្ស័យ ជាជនបោកប្រាស់ មានគ្នាពី៥ទៅ៦នាក់ មានស្រីមានប្រុស (មិនស្គាល់អត្តសញ្ញាណ) ជិះរថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-2087។

តាមប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈនាងកំពុងលក់ដូរនៅផ្ទះ មានមនុស្ស ១ក្រុមខាងលើ បានជិះរថយន្តមកឈប់នៅខាងមុខផ្ទះនាង។ បន្ទាប់មក មានមនុស្ស៣នាក់ (ស្រី១) បានចុះដើរ មកជួបនិយាយជាមួយនាង ដោយបានអះអាងថា ពួកគេជាអ្នកលក់ស្រាបៀរ ហើយថែមទាំងមានលក់គ្រឿង អគ្គិសនី (សូឡា) បើត្រូវការអាចទិញយកទៅលក់បន្តបាន។ ពេលនោះ ពួកគេបានយកសូឡា ប៉ុន្មានគ្រាប់មក បង្ហាញ។ ដោយសារនាងមានមុខរបរលក់ដូរ និងចង់លក់គ្រឿងសូឡាផង ទើបនាងសួរនាំពីតម្លៃសូឡារហូត ត្រូវថ្លៃគ្នា នាងក៏កុម្មង់ទិញយកប៉ុន្មានគ្រាប់ ទុកលក់បន្ត ដែលគិតជាទឹកប្រាក់ អស់ចំនួន៦៤៤ដុល្លារ។
ជនរងគ្រោះ បានបន្តថា ពេលនោះនាងបានប្រគល់ប្រាក់ឱ្យក្រុមឆបោកនោះគ្រប់ចំនួន តែក្រុមឆបោកនេះមិន បានប្រគល់ទំនិញឱ្យនាងគ្រប់ចំនួនទេ ប្រគល់តែវិក្កយបត្ររាយមុខទំនិញ ដោយប្រាប់នាងថា ពួកគេ ដាក់អីវ៉ាន់ (សូឡា) មកមិនគ្រប់ ហើយប្រាប់ឱ្យនាងជិះម៉ូតូតាម ក្រោយ ទៅយកទំនិញឱ្យគ្រប់ចំនួនដែល ពួកគេមានទីតាំង នៅផ្សារបាដាក ស្ថិតក្នុងឃុំរស្មីសង្ហា ដែលមើលទៅ ពួកគេហាក់បង្ហាញនូវ សកម្មភាពគួរឱ្យ សង្ស័យយ៉ាងខ្លាំង ដោយពួកគេហាក់ប្រញាប់ប្រញាល់បំផុត នាំគ្នាឡើងរថយន្ត ជាមួយនឹងការបញ្ជាក់ចុងក្រោយ ប្រាប់ឱ្យនាងទៅ តាមយកទំនិញ បង្គ្រប់នៅផ្សារបាដាក។ ឃើញបែបនេះ នាងក៏បានថតស្លាកលេខរថយន្តនោះ ទុកបានមួយប្លង់ ដែរ។ ក្រោយរថយន្តនោះចាកចេញផុតបន្តិច នាងបានជិះទៅតាមក្រោយ រហូតដល់ផ្សារបាដាក ក្នុងឃុំរស្មីសង្ហា ហើយនាងក៏ទូរស័ព្ទទំនាក់ទំនងទៅក្រុមបោកប្រាសទាំងនោះ តាមរយៈលេខដែលពួកគេបានឱ្យ តែពួកគេបិទ ទូរស័ព្ទទាំងអស់ ទើបនាងដឹងច្បាស់ថាមនុស្សមួយក្រុមនោះ គឺជាក្រុមលក់គ្រឿងអគ្គិសនីបោកប្រាស់ ហើយ នាងក៏បានរូសរាន់ទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន សុំឱ្យជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ដោយឡែក បុរសឈ្មោះនូ ស៊ាប អាយុ៥៦ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានឱ្យដឹងថា នៅពេលកើតហេតុគាត់ កំពុងនៅចម្ការ ដោយកូនស្រីគាត់លក់ដូរម្នាក់ឯងនៅផ្ទះ។ ប៉ុន្តែកូនស្រីគាត់បានទូរស័ព្ទប្រាប់គាត់រហូត អំពីរឿង ទិញសូឡា យកមកលក់បន្តនេះ។ ក្រោយពីឮ កូនស្រីទូរស័ព្ទប្រាប់ពីសកម្មភាពមិនប្រក្រតី របស់ជនមួយក្រុម នោះ លោកក៏ប្រាប់ឱ្យកូនស្រីតាមថតស្លាកលេខរថយន្តនោះទុក និងប្រាប់ឱ្យសុំលេខទូរស័ព្ទផ្ទាល់ដៃររបស់ ពួកគេ តែពួកគេមិនបានឱ្យលេខផ្ទាល់ដៃទេ ប្រាប់ឱ្យកូនស្រីគាត់ទូរស័ព្ទតាមលេខមាននៅក្នុងវិក្កយបត្រ។ ប៉ុន្តែ ពេលគាត់ និងកូនស្រីទាក់ទងទៅ គឺពួកគេបិទទូរស័ព្ទគ្រប់ប្រព័ន្ធទាំងអស់។

លោកនូ ស៊ាប បានបញ្ជាក់ថា តម្លៃទំនិញសូឡា ដែលកូនស្រីគាត់បានកុម្មង់ទិញពីក្រុមជនខិលខូចទាំងនោះ សរុបជាទឹកប្រាក់ អស់ចំនួន៦៤៤ដុល្លារ តែក្រុមជនទុច្ចរិតបានប្រគល់ទំនិញឱ្យតែសូឡាប៉ុន្មានគ្រាប់ប៉ុណ្ណោះ ដែលគិតជាទឹកប្រាក់ តម្លៃប្រហែល ១លានរៀល។ ក្រោយដឹងថាចាញ់បោកជនទុច្ចរិតមួយក្រុមខាងលើនេះ គាត់និងកូនស្រី បានទៅប្តឹងមេភូមិ មេឃុំ និងនគរបាលប៉ុស្តិ៍ភ្លាមៗដែរ ដើម្បីសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងជួយធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនឆបោកទាំងនោះ៕
