កំពង់ធំ ៖ បុរសម្នាក់ នៅសុខៗកើតមានអាការប្លែកៗខុសពីធម្មតា សង្ស័យខ្មោចចូល ទើបត្រូវបានម្តាយក្មេក និងប្រពន្ធ នាំទៅវត្ត ដើម្បីឱ្យព្រះសង្ឃស្រោចទឹក ក្រែងបានធូរស្រាល ស្រាប់ទៅទៅដល់ បែរជាស្ទុះទាញឈើ ច្រត់ វាយព្រះគ្រូចៅអធិការ បណ្តាលឱ្យបែកចិញ្ចើម និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាម ច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៤៦នាទីព្រលប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងវត្តខ្វាន់ទៀង ស្ថិតនៅភូមិខ្វាន់ទៀង សាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
លោកវរសេនីយ៍ទោ អ៊ាត គឹមអ៊ាន់ អធិការរងស្រុកប្រាសាទបល្ល័ង្ក ទទួលផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះបូ សុខណាត ភេទប្រុស អាយុ២៥ឆ្នាំ មានប្រពន្ធ ឈ្មោះអឿន សុគង់ អាយុ២៦ឆ្នាំ និងមាន កូនស្រីម្នាក់ អាយុ៧ឆ្នាំ រស់នៅភូមិម្រាក (ខ) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក។ ចំណែកព្រះ គ្រូចៅអធិការវត្ត ខ្វាន់ទៀង ដែលទទួលរងរបួសយ៉ាងដំណំ មានព្រះនាម ឌឿន កែវឡាយ។

លោកអធិការរង បានបន្តថា មុនពេលកើតហេតុ ក្រុមគ្រួសាររបស់ជនសង្ស័យ ដោយសារតែឃើញជនសង្ស័យ មានអាការប្លែកៗខុសពីធម្មតានោះ ទើបម្តាយក្មេក និងប្រពន្ធរបស់ជនសង្ស័យ បាននាំជនសង្ស័យទៅរកព្រះ គ្រូចៅអធិការវត្តខ្វាន់ទៀង ដើម្បីស្រោចទឹក ប្រោះព្រំ និងស្តោះផ្លុំឱ្យ ទៅតាមជំនឿ។ ខណៈពេលទៅជួបនឹង ព្រះចៅអធិការវត្ត ស្រាប់តែនៅសុខៗជនសង្ស័យ ស្ទុះទៅទាញឈើច្រត់របស់ព្រះចៅអធិការ វាយទៅលើព្រះ អង្គ បណ្តាលឱ្យរងរបួសបែកចុងចិញ្ចើម ហូរឈាមស្រោចព្រះកាយតែម្តង។

លោកអធិការរង បញ្ជាក់ថា កន្លងមក ជនសង្ស័យរូបនេះ ក៏ធ្លាប់ជាប់ពន្ធនាគារ ពីបទបង្កហិង្សាដោយចេតនា មានប្រើប្រាស់អាវុធ ម្តងរួចមកហើយដែរ។ក្រោយពីបង្កហេតុរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕