ព្រៃវែង ៖ ជនសង្ស័យម្នាក់ បានកាន់ដំបងឈរកណ្តាលផ្លូវ នៅពេលយប់ លុះសមត្ថកិច្ចល្បាតប្រទះឃើញ សាកសួរ ក៏ឆ្លើយថាចាំវ៉ៃគេ ទើបសមត្ថកិច្ចបានឃាត់ និងអប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញ តែជនសង្ស័យ មិនត្រឹមតែមិនស្តាប់ បែរជាជេរប្រមាថសមត្ថកិច្ច រួចព្យាយាមរត់គេចខ្លួន តែសមត្ថកិច្ចបានប្រដេញតាមពីក្រោយ ក៏ត្រូវជនសង្ស័យទាញដុំឥដ្ឋ ដំបង និងពូថៅ គប់សំដៅសមត្ថកិច្ច តែសំណាងល្អ មិនត្រូវ រួចបានឡើងទៅសម្ងំ នៅលើផ្ទះបាត់ ទើបសមត្ថកិច្ចបានសុំកម្លាំងអន្តរាគមន៍បន្ថែម ឡោមព័ទ្ធចាប់វាយខ្នោះជនសង្ស័យដល់លើ ផ្ទះតែម្តង។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៤២នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផល បូរិន ហៅដា ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅ ភូមិព្រៃព្រហ្ម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ បានចុះ ល្បាតក្នុងមូលដ្ឋានដូចសព្វដង បន្ទាប់មកប្រទះឃើញជនសង្ស័យខាងលើ ឈរកាន់ឈើជ្រុង ប្រវែង ១,៥០ម៉ែត្រ នៅចំណុចមុខខ្លោងទ្វារវត្តព្រៃព្រហ្ម ស្ថិតក្នុងភូមិកើតហេតុខាងលើ ទើបសមត្ថកិច្ចបានចុះទៅសួរនាំ ជនសង្ស័យ បានឆ្លើយថា “កំពុងចាំវ៉ៃគេ”។ ពេលនោះសមត្ថកិច្ចបានធ្វើការហាមឃាត់ និងអប់រំណែនាំឱ្យជន សង្ស័យត្រ ឡប់ទៅផ្ទះវិញ តែជននេះមិនស្តាប់ ហើយថែមទាំងបានជេរប្រមាថមកលើមន្ត្រីនគរបាលទៀតផង រួចហើយ ក៏រត់គេចខ្លួន។

ប្រភពដដែល បន្តថា ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ទី បាន សហការគ្នាដេញតាមជនសង្ស័យ ស្រាប់តែជនសង្ស័យពួនស្ទាក់វាយមកលើនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ ប៉ុន្តែបានគេចផុត រួចជនសង្ស័យបានយកដំបងឫស្សី រត់សំដៅមករកវាយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ទី តែពុំត្រូវ។ បន្ទាប់មក នាយប៉ុស្តិ៍ទាំងពីរ បានជិះម៉ូតូជាមួយគ្នា ដេញតាមរហូតដល់របងផ្ទះជនសង្ស័យ។ ពេល នោះជនសង្ស័យ បានគប់ដុំឥដ្ឋ ដំបង និងគប់ពូថៅ មកលើលោកនាយប៉ុស្តិ៍ទាំងពីរ តែពុំត្រូវទេ រួចក៏រត់ឡើងទៅ សំងំនៅលើផ្ទះ បិទទ្វារជិត។

ប្រភពខាងលើ បានបន្តថា ក្រោយមក ដោយមានការសហការរវាងកម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង និងស្រុកស៊ីធរកណ្តាល ជាមួយនិងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការ ឡោមព័ទ្ធផ្ទះជនសង្ស័យ រួចធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យបាន ព្រមទាំងដកហូតវត្ថុតាង រួមមាន ពូថៅ ចំនួន១ ដុំឥដ្ឋ ចំនួន២ដុំ និងឈើជ្រុង មួយដើម។

ជនសង្ស័យខាងលើ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ ការបន្ត តាមនីតិវិធី៕