ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងណេតចាក់បាល់ បៀការ៉ាត់ មាន់ជល់អន ទ្បាញ ដែលជ្រកក្រោមស្លាកមន្ទីរសម្រាកព្យាបាល មួយកន្លែង ស្ថិតនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ដោយដកហូតបានវត្ថុតាងជាច្រើន និងបានឃាត់ខ្លួនមនុស្សប្រុសស្រី សរុបចំនួន៩នាក់។ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅតាម បណ្តោយ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានបញ្ជាក់ថា ដោយមានការរាយការណ៍ថា បនល្បែងមួយកន្លែង ជ្រកក្រោមស្លាកមន្ទីរ សម្រាកព្យាបាល យ៉ាស៊ីន ឫស្សីកែវ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ មានល្បែងភ្នាល់ចាក់បាល់ បៀការ៉ាត ជល់មាន់ និងល្បែងផ្សេងទៀតក្នុងមួយថ្ងៃៗ មានអ្នកចូលលេង ល្បែងរាប់ សិបនាក់ និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះ ហ៊ោកញ្ជ្រៀវអ៊ឺងកងយ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង រហូតលោកឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាឱ្យកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌឫស្សីកែវ ចុះទៅត្រួតពិនិត្យទីតាំងខាងលើ ស្រាប់តែឃើញមានបង្កប់ល្បែងស៊ីសងពិតមែន រហូត ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រី ៩នាក់ និងសម្ភារៈលេងល្បែង ទូរទស្សន៍ តុ តូ កៅអី និង សម្ភារៈផ្សេងៗទៀតផងដែរ។

មនុស្សប្រុសស្រីទាំង៩នាក់ រួមទាំងសម្ភារៈសម្រាប់លេងល្បែង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
