ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីសាលាឃុំមួយក្នុងស្រុកថ្ពង ខេត្តកំពងស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់បញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធ ករណីរំលោភលើទំនុកចិត្ត ដែលមានទំហំទឹកប្រាក់ប្រមាណ ជាង២០ម៉ឺនដុល្លារ។

បុរសដែលត្រូវបានឃាត់ខ្លួនខាងលើ មានឈ្មោះថា ប៊ុនថន អាយុ២៨ឆ្នាំ មុខរបរជានិស្សិត មានលំនៅភូមិរាមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង។ អង្គហេតុពីការឃាត់ខ្លួនបុរសនោះត្រូវបានគេដឹងថា គឺជាការធ្វើឡើងតាមពាក្យបណ្តឹងរបស់អាជីវករម្នាក់ ប្តឹងចោទប្រកាន់ឈ្មោះថា ប៊ុនថន ដែលជាមនុស្សរាប់អានគ្នា កាលពីអំឡុងខែមករា ឆ្នាំ២០២២ បានទៅខ្ចីប្រាក់ពីដើមបណ្តឹងថា យកទៅធ្វើដើមទុនពង្រីកមុខរបររកស៊ី ដំបូងខ្ចីត្រឹម ៥៥០០ដុល្លារប៉ុណ្ណោះទេ ហើយក៏សងវិញគ្រប់ចំនួន។

ក្រោយមក ជនសង្ស័យចេះតែទៅទទូចខ្ចីប្រាក់ពីដើមបណ្តឹងជាបន្តបន្ទាប់ ម្តង១ម៉ឺនដុល្លារ ម្តង២ម៉ឺនដុល្លារ មានពេលខ្លះខ្ទង់ពាន់ដុល្លារ ខ្ចីចំនួន១០លើក សរុបទាំងអស់២០៥២១៦ដុល្លារ។ បានជាដើមបណ្តឹងចេះតែឱ្យខ្ចីតាមតម្រូវការនោះ ដោយទុកចិត្តជនសង្ស័យជាមន្ត្រី បម្រើការងារនៅសាលាឃុំ ហើយក៏ជាមនុស្សរាប់អានគ្នាជិតស្និតទៀតផង ដែលមិនអាចក្បត់កិច្ចសន្យានោះទេ ទីបំផុតបានត្រឹមចម្លើយមកវិញថា “គេនៅតែសងដោយមិនគេចវេសពីបំណុលនោះឡើយ”។ប៉ុន្តែការសន្យាដោយបានទុកពេលជាច្រើនលើកទំនងមិនអាចជឿទុកចិត្តបាន ទើបដើមបណ្តឹងសម្រេចចិត្តប្តឹងសមត្ថកិច្ច ឱ្យចាត់ការលើ បុគ្គលរូបនោះតាមផ្លូវច្បាប់។ ជនសង្ស័យកំពុងស្ថិតនៅក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
